ហ្សាការតា៖ ឥណ្ឌូណេស៊ី និងប៊ុលហ្គារី កំពុងពង្រីកទីផ្សារផលិតផលកសិកម្ម និងម្ហូបអាហារ ព្រមទាំងបើកឱកាសសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាក្នុងវិស័យម្ហូបអាហារ នៅក្នុងប្រទេសទាំងពីរ។
ការងារនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការម្ហូបអាហាររបស់ឥណ្ឌូណេស៊ី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច វិនិយោគ និងឧស្សាហកម្មរបស់ប៊ុលហ្គារី នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការម្ហូបអាហាររបស់ឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា «ភាពជាដៃគូនេះនឹងពង្រឹងឧស្សាហកម្មម្ហូបអាហារជាតិ ព្រមទាំងធានាការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់កម្មវិធីអាហារូបត្ថម្ភឥតគិតថ្លៃ» នៅក្នុងប្រទេសឥណ្ឌូណេស៊ី។
ក្នុងជំនួបនេះផងដែរ ឥណ្ឌូណេស៊ីបានណែនាំផលិតផលសំខាន់ៗមួយចំនួន ដើម្បីពង្រីកទីផ្សាររបស់ខ្លួននៅប៊ុលហ្គារី និងនៅទូទាំងអឺរ៉ុប រួមមាន កាកាវ ដូង ប្រេងដូង និងផលិតផលម្ហូបអាហារហាឡាល់។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏ចាត់ទុកប៊ុលហ្គារីថា ជាច្រកយុទ្ធសាស្ត្រមួយសម្រាប់ផលិតផលឥណ្ឌូណេស៊ីក្នុងការចូលទៅកាន់ទីផ្សារអឺរ៉ុប។
ក្រៅពីពាណិជ្ជកម្ម ឥណ្ឌូណេស៊ីកំពុងអញ្ជើញវិនិយោគិនប៊ុលហ្គារី ឱ្យមកវិនិយោគ ជាពិសេសក្នុងការចិញ្ចឹមគោ និងបច្ចេកវិទ្យាកែច្នៃផលិតផលទឹកដោះគោក្នុងស្រុក។
យោងតាមសេចក្តីថ្លែងការណ៍ ប្រទេសប៊ុលហ្គារី សុំនាំចូលទំនិញម្ហូបអាហារមួយចំនួនក្នុងទីផ្សារឥណ្ឌូណេស៊ី រួមមាន ទឹកដោះគោ សាច់គោ ពោត និងម្សៅស្រូវសាលី។ ប៊ុលហ្គារី ក៏បានបង្ហាញពីការត្រៀមខ្លួនបង្កើនការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម និងម្ហូបអាហារ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។
ប្រទេសទាំងពីរយល់ឃើញថា ការពង្រឹងពាណិជ្ជកម្មម្ហូបអាហារ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយឥណ្ឌូណេស៊ី ជាច្រកចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ ខណៈប៊ុលហ្គារីជាច្រកចូលទៅកាន់ទីផ្សារអឺរ៉ុប។
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ទំហំពាណិជ្ជកម្មសរុបរវាងឥណ្ឌូណេស៊ី និងប៊ុលហ្គារី មានតម្លៃជាង២៣០លានដុល្លារ ក្នុងឆ្នាំ២០២៥។ ក្នុងនោះ ឥណ្ឌូណេស៊ី មានអតិរេកពាណិជ្ជកម្មជាង៦៤លានដុល្លារ ដោយការនាំចេញមានតម្លៃ១៤៧លានដុល្លារ ខណៈការនាំចូលពីប៊ុលហ្គារី មានតម្លៃ៨៣លានដុល្លារ៕ (ផាន់ អាណា)










