ដោយ ឡុង
ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំនិងលើកទឹកចិត្តដល់បងប្អូនកសិករដែលរស់នៅជិតប្រភពទឹក គួររក្សាទឹកទុក និងសន្សំសំចៃឱ្យបានខ្ពស់ ព្រោះបាតុភូតអែលនីញ៉ូក្នុងឆ្នាំនេះ និងឆ្នាំក្រោយ មិនមែនប៉ះពាល់មកលើតែកម្ពុជាមួយទេ ប៉ុន្តែបណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោក។
ឯកឧត្តមបណ្ដិត ថ្លែងបែបនេះ នៅក្នុងកម្មវិធីសំណេះសំណាល និងសួរសុខទុកប្រជាកសិករក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៦នេះ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម តាំង ម៉េងលាង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត អភិបាលនៃគណៈអភិបាលស្រុកសន្ទុក លោក ហេង សារិទ្ធ អភិបាលរងក្រុងកំពង់ធំ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ តំណាងសហគមន៍កសិកម្ម រួមនិងកសិករប្រមាណ៦០០នាក់។
ពាក់ព័ន្ធវិស័យកសិកម្មនេះ ឯកឧត្តមប្រតិភូមានប្រសាសន៍ថា បញ្ហាដែលបងប្អូនប្រជាកសិករជាអ្នកធ្វើស្រែនៅចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧នឹងជួបជាមួយវិបត្តិខ្វះទឹក ដោយសារបាតុភូតអែលនីញ៉ូ វាយប្រហារទូទាំងពិភពលោក។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា “បើខ្វះទឹក កសិករមិនអាចធ្វើកសិកម្មបានទេ។ ដូច្នេះបងប្អូនគិតគូបញ្ហានេះឱ្យបានមែនទែន ។ កុំឱ្យធ្វើស្រែហើយ ព្រួសគ្រាប់ទើបដុះបានតិចតួច ហើយភ្ជួរចោលវិញ។ ការភ្ជួរចោលត្រូវចំណាយទៅលើថ្លៃភ្ជួរចោល អស់ថ្លៃពូជ ជី កំម្លាំងពលកម្ម ពេលវេលា ខាតប្រាក់អត់ប្រយោជន៍។ ដូច្នេះ អ្នកនៅជិតប្រភពទឹកគួររក្សារទឹកទុក និងប្រើសន្សំសំចៃឱ្យបានច្រើនបនិ្តចបើចង់ធ្វើកសិកម្មបន្តទៀត ព្រោះវិបត្តិវាមិនមែនប៉ះពាល់តែកម្ពុជាទេ ប៉ុន្តែប៉ះពាល់ទូទាំងពិភពលោក”។
នៅក្នុងចំណុចនេះ ឯកឧត្តមបណ្ឌិត បានទាញការចាប់អារម្មណ៍ដល់បងប្អូនប្រជាពលរដ្ឋចូលរួមដោយលើកសំណួរថា៖ “បើសិនជាបែបនេះ តើវាជាបណ្តាសារ ឬជាឱកាស? ខ្ញុំគិតថាទាំងពីរ។ ប៉ុន្តែឱកាសវាមានច្រើន។ ឱកាសមានច្រើនរបៀបម៉េច? ដរាបណាយើងអាចរក្សាទឹកទុកយើងធ្វើបានផល ខ្ញុំគិតថាភោគផលកសិកម្មវានឹងឡើងថ្លៃ។ នេះជាឱកាសមួយធំសម្រាប់បងប្អូនត្រូវក្តាប់ឱកាសនេះឱ្យបាន។ ជាការពិត ការធ្វើកសិកម្មនៅកន្លែងណាក៏មិនទៀង ប៉ុន្តែបើសិនយើងអាចក្តាប់ឱកាសក្នុងដៃយើងបាន ឆ្លៀតធ្វើយ៉ាងម៉េចធ្វើបានផលល្អ គុណភាពខ្ពស់ខ្ញុំគិតថាជាឱកាសរបស់បងប្អូនធំណាស់”៕



















