ញូវដេលី៖ រាប់ចាប់ពីបាយឆា និងម្ហូបសាច់មាន់អាំង រហូតដល់ទឹកជ្រលក់ពណ៌ក្រហម បង្អែម និងស្ករគ្រាប់សំឡី រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថរដ្ឋឧត្ដរប្រទេស បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់សារធាតុពណ៌ ដែលមិនមានការអនុញ្ញាតក្នុងចំណីអាហារ ដោយណែនាំឱ្យអាជីវកម្មត្រូវគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ បើមិនដូច្នោះទេ អាចប្រឈមនឹងវិធានការផ្លូវច្បាប់។
គោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងតាមការគោលការណ៍របស់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងគ្រប់គ្រងឱសថ របស់ឥណ្ឌា ដោយហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ ដែលមិនមែនជាសារធាតុសម្រាប់ចំណីអាហារ ដូចជាសារធាតុថ្នាំពណ៌សម្រាប់ឧស្សហកម្ម និងការកំណត់ការប្រើប្រាស់សារធាតុពណ៌សំយោគឱ្យប្រើតែក្នុងប្រភេទចំណីអាហារ។
គោលការណ៍ណែនាំនេះអនុវត្តចំពោះហាងលក់បង្អែម ភោជនីយដ្ឋាន សណ្ឋាគារ ហាងនំប៉័ង រោងចក្រផលិតចំណីអាហារ អាហារលក់តាមរទេះ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវ។
មន្ទីរជំនាញបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងស្ករគ្រាប់សំឡី ទឹកកកឈូសដាក់ស៊ីរ៉ូ ទឹកជ្រលក់ និងអាហារសម្រន់មានពណ៌ភ្លឺខ្លាំង។
ចំណែកប្រតិបត្តិករអាជីវកម្មចំណីអាហារ ក៏ត្រូវប្រើជញ្ជីងថ្លឹងឌីជីថល ដើម្បីវាស់បរិមាណសារធាតុពណ៌ កុំដាក់ដោយប៉ាន់ស្មាន។ ក្នុងករណីមិនអាចវាស់បរិមាណបានត្រឹមត្រូវ មិនត្រូវប្រើសារធាតុពណ៌សិប្បនិម្មិតឡើយ។
រីឯអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ត្រូវប្រើគ្រឿងផ្សំបន្លែធម្មជាតិ ដូចជា ប៉េងប៉ោះ ឆៃថាវក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងជីអង្កាម ដើម្បីបង្កើតពណ៌ និងរសជាតិសម្រាប់ទឹកជ្រលក់។ មិនត្រូវប្រើថ្នាំពណ៌សារធាតុឧស្សាហកម្ម ដើម្បីធ្វើឱ្យសាច់មាន់បំពង សាច់ចង្កាក់អាំង បាយឆា និងត្រីបំពង មានពណ៌ក្រហមខ្លាំងនោះទេ។ ដូច្នេះ ត្រូវប្រើប្រាស់ម្សៅម្ទេសព៌ណក្រហមបាន ដោយត្រូវគោរពតាមលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ។
គោលការណ៍ណែនាំនេះបានហាមឃាត់ជាដាច់ខាត ជាពិសេសនូវការប្រើប្រាស់សារធាតុព៌ណឧស្សាហកម្ម រ៉ូដាមីនប៊ី (Rhodamine-B) ក្នុងស្ករគ្រាប់សំឡី និងទឹកកកឈូសដាក់ស៊ីរ៉ូ ព្រោះសារធាតុពណ៌នេះ គេប្រើសម្រាប់តែជ្រលក់ពណ៌ក្រណាត់ និងក្រដាស ហើយការប្រើប្រាស់ក្នុងចំណីអាហារដោយគ្មានការអនុញ្ញាត គឺត្រូវបានហាមឃាត់។
សម្រាប់បង្អែម និងផលិតផលស្ករគ្រាប់មួយចំនួន កម្រិតអតិបរមាទូទៅនៃសារធាតុពណ៌សំយោគ ដែលអនុញ្ញាតឱ្យប្រើ គឺ ១០០ មីលីក្រាម ក្នុងមួយគីឡូក្រាម ដោយត្រូវអនុវត្តតាមបទប្បញ្ញត្តិជាក់លាក់សម្រាប់ប្រភេទផលិតផលនីមួយៗផងដែរ។
ការបន្ថែមសារធាតុពណ៌ត្រូវបានហាមឃាត់ចំពោះផលិតផលចំណីអាហារ ដូចជា ទឹកដោះគោ ឈីស ផ្លែឈើស្រស់ បន្លែឆៅ អាហារសម្រាប់ទារក ទឹកផ្លែឈើធម្មជាតិ ទឹកបរិសុទ្ធ គ្រឿងទេសកិនម៉ដ្ឋ តែកាហ្វេ គ្រាប់ធញ្ញជាតិ នំប៉័ង ប្រេងឆា ស្ករត្នោត ទឹកឃ្មុំ និងដំណាប់ផ្លែលើ។
អាជីវកម្មចំណីអាហារត្រូវទិញសារធាតុពណ៌តែពីប្រភព ដែលមានការអនុញ្ញាតប៉ុណ្ណោះ ដោយពិនិត្យស្លាកសញ្ញា និងព័ត៌មានអាជ្ញាបណ្ណ ព្រមទាំងរក្សាទុកវិក្កយបត្រ និងលេខកូដបាច់ផលិតផល ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ៕ (ផាន់ អាណា)





