វ៉ាស៊ីនតោន៖ ឧស្សាហកម្មដំឡូងបារាំងរបស់សហរដ្ឋអាម៉េរិក កំពុងស្នើសុំឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ជួយអន្តរាគមន៍ ដើម្បីធានាបាននូវសិទ្ធិនាំចូលទៅកាន់ទីផ្សារដំឡូងបារាំងស្រស់របស់ប្រទេសជប៉ុន បន្ទាប់ពីការចរចាបានអូសបន្លាយអស់រយៈពេលជាង៣០ឆ្នាំ។
លោក ខេម ឃ្វ័លស៍ (Kam Quarles) នាយកប្រតិបត្តិក្រុមប្រឹក្សាដំឡូងបារាំងជាតិអាម៉េរិក បានមានប្រសាសន៍ថា កិច្ចពិភាក្សារវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន អាចជួយដោះស្រាយការរឹតបន្តឹងពាណិជ្ជកម្មរបស់ជប៉ុន។
លោកបានបញ្ជាក់ថា ការបើកទីផ្សារជប៉ុនអាចបង្កើនតម្លៃនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក កើនដល់ទឹកប្រាក់ចំនួន ១៥០ លានដុល្លារ ក្នុងមួយឆ្នាំ។
ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ មន្ត្រីជប៉ុនបានបង្ហាញលក្ខខណ្ឌតម្រូវផ្នែកអនាម័យ និងភូតគាមអនាម័យ ដែលអាម៉េរិកចាត់ទុកថា មិនមែនការពិត។
តាមលក្ខខណ្ឌ ដែលបានស្នើឡើង ប្រសិនបើមានបញ្ហាណាមួយពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យ កើតឡើងនៅក្នុងរដ្ឋ ឬតំបន់ដាំដុះណាមួយរបស់សហរដ្ឋអាម៉េរិក នោះតំបន់ទាំងមូលអាចនឹងត្រូវដកសិទ្ធិនាំចេញដំឡូងបារាំងទៅកាន់ប្រទេសជប៉ុន ដោយមិនគិតថា ការដឹកជញ្ជូនដំឡូងបារាំងនីមួយៗបានបំពេញតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ ឬអត់នោះទេ។
លោកបានលើកឡើងទៀតថា ប្រទេសជប៉ុនខ្លួនឯងក៏មិនអាចបំពេញតាមលក្ខខណ្ឌដូចគ្នានេះបានដែរ ហើយលោកបានសន្និដ្ឋានថា ការព្រួយបារម្ភអំពីការកើនឡើងនៃការប្រកួតប្រជែង អាចជាកត្តាសំខាន់ឆ្លុះបញ្ចាំងពីគោលជំហររបស់ជប៉ុន។
ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក និងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កំពុងបន្តកិច្ចខិតខំប្រឹងប្រែងចរចា ដើម្បីទទួលបានសិទ្ធិនាំចូលដំឡូងបារាំងស្រស់ទៅកាន់ទីផ្សារជប៉ុន។
កាលពីដើមឆ្នាំ២០២៦នេះ សមាជិកសភាអាម៉េរិក បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយស្នើឱ្យលោកជួយបើកទីផ្សារជប៉ុនសម្រាប់ដំឡូងបារាំងស្រស់របស់អាម៉េរិក៕ (ផាន់ អាណា)






