ហូជីមិញ៖ អាជ្ញាធរវៀតណាម កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានស្ទាក់ចាប់រថយន្តដឹកជញ្ជូនសត្វ និងផលិតផលសត្វ ចេញពីខេត្តជាប់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងហូជីមិញ ដោយរកឃើញសត្វទា និងមាន់រស់ មានទម្ងន់សរុបប្រហែល១,៣តោន។
សត្វទា និងមាន់ទាំងអស់ ត្រូវរឹបអូសយកទៅត្រួតពិនិត្យ និងធ្វើតេស្តរកជំងឺផ្តាសាយបក្សី។
អាជ្ញាវៀតណាមចាប់ផ្តើមរឹតបន្តឹងសកម្មភាពដឹកជញ្ជូនសត្វចេញពីខេត្តដុងណៃណ ដែលមានព្រំប្រទល់ជាប់ខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី បន្ទាប់ពីបានរកឃើញបទល្មើសចិញ្ចឹម និងលក់ចែកចាយជ្រូករស់ និងសាច់ជ្រូកមានផ្ទុកសារធាតុគីមីហាមឃាត់។
នគរបាលវៀតណាម ក្នុងខេត្តដុងណៃ ដដែលនេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានបង្ក្រាបបណ្តាញផ្គត់ផ្គង់សាច់ជ្រូកដ៏ធំមួយ ដែលបានលក់ចែកចាយសាច់ជ្រូកងាប់ដោយសារជំងឺឆ្លង ព្រមទាំងរឹបអូសបានសាច់ជ្រូកជិត៤០០តោន ព្រមទាំងចាប់ខ្លួនមនុស្ស៩នាក់។
ក្នុងករណីជួញដូរសត្វ មន្ត្រីនគរបាលវៀតណាម បានឆ្មក់ចូលឆែកឆេរទីតាំង៥កន្លែង ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញខុសខ្បាប់នេះ រួមមានទីតាំងប្រមូលទិញ កុងស៊ីកាប់ជ្រូក រោងចក្រផលិតសាច់ក្រក និងតូបលក់សាច់ជ្រូក ជាច្រើនកន្លែងថែមទៀត។
ចាប់តាំងពីឆ្នាំ២០២៤ រហូតមក ក្រុមឈ្មួញវៀតណាម បានប្រមូលទិញជ្រូកឈឺ និងជ្រូកងាប់ពីឈ្មួញកណ្តាល និងពីទីតាំងប្រមូលទិញជ្រូកនានា ហើយបានលក់សាច់ដោយផ្ទាល់ទៅឱ្យអ្នកបរិភោគ ឬផ្គត់ផ្គង់ទៅឱ្យអាជីវកម្មផលិតសាច់ក្រកជ្រូកនៅក្នុងប្រទេសវៀតណាម។
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នគរបាលទីក្រុងហូជីមិញ បានរកឃើញជ្រូករស់ជាង៤ ០០០ក្បាល ចាប់ខ្លួនជនទុច្ចរិត៩នាក់ ពីបទលក់សាច់ជ្រូក និងចិញ្ចឹមជ្រូកដោយប្រើសារធាតុគីមី ដើម្បីឱ្យជ្រូកមានសាច់ច្រើន ព្រមទាំងរឹបអូសម្សៅគីមី ជាង១តោន។
អាជ្ញាធរវៀតណាម បានរកឃើញជ្រូករស់ចំនួន៤ ១៨៩ក្បាល មានទម្ងន់សរុបជាង៦០០តោន សុទ្ធតែមានផ្ទុកសារធាតុគីមីសាលប៊ូតាម៉ុល (Salbutamol) ព្រមទាំងមានមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកថែមទៀត។
ចំណែកសាច់ជ្រូកមានសារធាតុគីមីហាមឃាត់ជាង១០ ០០០តោន ដែលមានតម្លៃជាទឹកប្រាក់ជិត២៣លានដុល្លារ ត្រូវបានជនជាតិវៀតណាមលក់ចែកចាយពេញទីផ្សាររួចអស់ទៅហើយ៕ (ផាន់ អាណា)







