ម៉ានីល៖ ហ្វីលីពីន បានយល់ព្រមឱ្យនាំចូលត្រី និងផលិតផលនេសាទផ្សេងទៀត សរុប ៦ ម៉ឺនតោន ដើម្បីធានាបានការផ្គត់ផ្គង់ក្នុងស្រុកឱ្យគ្រប់គ្រាន់ និងរក្សាស្ថិរភាពតម្លៃ នៅមុនពេលបិទរដូវនេសាទ ឆ្នាំ២០២៦នេះ។
ការកំណត់បរិមាណនេះ គឺជាដំណាក់កាលទីមួយ នៃការនាំចូលត្រី និងផលិតផលជលផលរហូតដល់២៥ម៉ឺនតោន ដែលត្រូវបានអនុញា្ញតជាមុន តាមរយៈវិញ្ញាបនបត្រចាំបាច់សម្រាប់ការនាំចូល ឆ្នាំ២០២៦ ដែលរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានឯកភាព កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងដំណាក់កាលទីមួយ ត្រី និងជលផលចំនួន ៥ ម៉ឺនតោន នឹងត្រូវចែកចាយតាមទីផ្សារលក់រាយក្នុងស្រុក។ ចំណែក ១ ម៉ឺន តោន នឹងរក្សាទុកសម្រាប់តម្រូវការរបស់រដ្ឋាភិបាលចែកចាយផលិតផលកសិកម្ម និងផលិតផលជលផល តាមទីផ្សារគោលដៅ ដែលមានការគាំទ្រពីរដ្ឋាភិបាល ក្នុងគោលបំណងធ្វើឱ្យម្ហូបអាហារមានតម្លៃសមរម្យសម្រាប់ប្រជាជន។
ក្រសួងកសិកម្មហ្វីលីពីន ចាប់ផ្តើមចេញលិខិតអនុញ្ញាតឱ្យនាំចូល ដោយបញ្ជាក់ពីអនាម័យ និងភូតគាមអនាម័យ ចាប់ពីថ្ងៃទី១៤ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦។
លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល ធ្លាប់បានលើកឡើងថា ការមកដល់នៃត្រីនាំចូល នឹងត្រូវពន្យារទៅត្រីមាសទី៤ ឆ្នាំ២០២៦ ជំនួសឱ្យកាលវិភាគដំបូង ដែលគ្រោងធ្វើនៅខែសីហា ដោយសារការផ្គត់ផ្គង់ក្នុងស្រុកនៅតែមានគ្រប់គ្រាន់។
ការបិទរដូវនេសាទ ត្រូវបានអនុវត្តនៅរៀងរាល់ចុងឆ្នាំ នៅតាមតំបន់ផ្សេងៗក្នុងប្រទេសហ្វីលីពីន ដើម្បីការពារហ្វូងត្រី ដែលកំពុងពងកូន និងផ្តល់ពេលវេលាឱ្យចំនួនត្រីកើនឡើងវិញ។ ក្នុងអំឡុងពេលនេះ រដ្ឋាភិបាលអនុញ្ញាតឱ្យមានការនាំចូលត្រី និងផលិតផលជលផលផ្សេងទៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងទប់ស្កាត់ទំនិញឡើងថ្លៃខ្លាំងពេក៕ (ផាន់ អាណា)













