ហាណូយ៖ វៀតណាមបានចំណាយប្រាក់ជាង៤ ០០០លានដុល្លារ លើការនាំចូលសាច់ ផលិតផលសាច់ និងផលិតផលជលផលផ្សេងៗ ក្នុងរយៈពេលប្រាំបីខែ នៃឆ្នាំ២០២៦ ដោយការនាំចូលសាច់បានកើនឡើងជាង២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នេះបើយោងតាមនាយកដ្ឋានគយវៀតណាម។
ប្រទេសឥណ្ឌា នៅតែជាប្រទេសផ្គត់ផ្គង់សាច់ និងផលិតផលសាច់ច្រើនជាងគេបំផុតទៅឱ្យវៀតណាម ដោយមានចំណែកជាង២០ភាគរយ នៃបរិមាណនាំចូលសរុប។
សាច់នាំចូលពីឥណ្ឌាមានជាង១២ម៉ឺនតោន ដែលមានតម្លៃជាង៥២១លានដុល្លារ ហើយបើនិយាយពីតម្លៃវិញ គឺកើនឡើងជាង៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចូលសាច់ និងផលិតផលសាច់ពីប្រទេសផ្គត់ផ្គង់មួយចំនួនទៀត ក៏បានកើនឡើងទាំងបរិមាណ និងតម្លៃផងដែរ រួមមានពីសហរដ្ឋអាម៉េរិក ប្រេស៊ីល អេស្ប៉ាញ កាណាដា អាល្លឺម៉ង់ តួកគី ជប៉ុន និងនូវែលសេឡង់ជាដើម ។
វៀតណាមនាំចូលច្រើនជាងគេ គឹសាច់សត្វស្លាប សាច់ជ្រូក សាច់ក្របី និងសាច់គោ ព្រមទាំងគ្រឿងក្នុងច្រើនប្រភេទ ។
យោងតាមទិន្នន័យសម្រាប់រយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៦នេះ សាច់សត្វស្លាប និងគ្រឿងក្នុងសត្វ មានចំណែកជាង៣៦ភាគរយ នៃបរិមាណនាំចូលសាច់សរុបរបស់វៀតណាម ដែលធ្វើឱ្យគ្រឿងក្នុងសត្វក្លាយជាប្រភេទទំនិញនាំចូលច្រើនជាងគេបំផុត។
ចំណែកការចំណាយរបស់វៀតណាមលើការនាំចូលសាច់ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៦នេះ មានចំនួនជិតស្មើនឹងការចំណាយពេញមួយឆ្នាំ២០២៥។
នាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា ក្នុងឆ្នាំ២០២៥ វៀតណាមបាននាំចូលសាច់ចំនួនជិត៩៨ម៉ឺន តោន ដែលមានតម្លៃជាង២ ០០០លានដុល្លារ។
អ្នកនាំចេញពីសហភាពអឺរ៉ុប ឥណ្ឌា ប៉ូឡូញ និងទីផ្សារផ្សេងៗទៀត នៅតែចាត់ទុកវៀតណាមថា ជាទីផ្សារដ៏មានសក្តានុពលខ្ពស់ សម្រាប់ការនាំចេញផលិតផលសាច់៕ (ផាន់ អាណា)













