ម៉ិកស៊ីកូ៖ ឧស្សាហកម្មខ្ទឹមស នៅប្រទេសម៉ិកស៊ិក និងប្រទេសប៉េរូ កំពុងជួបបញ្ហាខ្ទឹមសចិនក្នុងបរិមាណដ៏ច្រើន ត្រូវបាននាំចូលដោយខុសច្បាប់ ធ្វើកសិករក្នុងស្រុកខាងបង់ប្រាក់ចំណូល ព្រោះប្រកួតប្រជែងមិនឈ្នះផលិតផលដ៏ច្រើនរត់ពន្ធពីប្រទេសចិន។
អាជីវករលក់ដូរមើមខ្ទឹមសនៅក្នុងប្រទេសទាំងពីរនេះ អាចស្គាល់ខ្ទឹមសចិនដោយងារបំផុត គឺនៅក្នុងរដូវប្រមូលផល។ នៅពេលខ្ទឹមសចិនស្រស់ៗ បង្ហាញខ្លួននៅលើទីផ្សារ ដែលមិនមែនជារដូវប្រមូលផលក្នុងស្រុក។
អាជីវិករនិយាយថា ទោះឈរនៅចម្ងាយ៥ម៉ែត្រ ក៏អាចមើលដឹងបានយ៉ាងងាយថា ខ្ទឹមសនោះមកពីណា។ រូបរាងមើមខ្ទឹមសចិន មានលក្ខណៈពិសេសមួយ មិនអាចប្រើប្រៀបធៀបជាមួយខ្ទឹមសដាំនៅម៉ិកស៊ិក ឬប៉េរូ។ ចំណែកតម្លៃ គឺជាសញ្ញាសម្គាល់មួយទៀត។
ប្រទេសចិនមានចំណែកប្រហែល៨០ភាគរយ នៃផលិតកម្មខ្ទឹមសពិភពដោយមួយផ្នែកធំនៃផលិតកម្មខ្ទឹមសចិន ទទួលបានការគាំទ្រពីរដ្ឋ ដែលធ្វើឱ្យថ្លៃដើមផលិតទាប នៅគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផ្គត់ផ្គង់ ចាប់ពីអ្នកដាំ រហូតដល់អ្នកជួញដូរ និងអ្នកនាំចេញ ទទួលបានការគាំទ្រពីរដ្ឋចិន។
ស្ថានភាពរត់ពន្ធខ្ទឹមសបែបនេះ ធ្វើឱ្យអ្នកដាំនៅក្នុងប្រទេសផ្សេងៗ មិនអាចប្រកួតប្រជែងតម្លៃបានឡើយ ជាពិសេសដោយសារថ្លៃដើមផលិត ដែលជាទូទៅស្ថិតនៅចន្លោះ១៥ ០០០ ដល់២០ ០០០ដុល្លារ ក្នុងមួយហិកតារ ខណៈទិន្នផលទទួលបានមានចន្លោះពី១២ ដល់១៤តោនក្នុងមួយហិកតារ។
ផលិតផលក្នុងស្រុកមានវិញ្ញាបនបត្របញ្ជាក់សុវត្ថិភាពចំណីអាហារសម្រាប់តាមដានប្រភព។ ផ្ទុយទៅវិញ ខ្ទឹមសចិននាំចូលដោយខុសច្បាប់ គ្មានប្រព័ន្ធតាមដានប្រភព និងគ្មានភាពប្រាកដប្រជាអំពីលក្ខខណ្ឌអនាម័យឡើយ។
ដោយសារទំនិញប្រភេទនេះ គេចផុតពីការត្រួតពិនិត្យស្តង់ដារផ្នែកភូតគាមអនាម័យ និងការត្រួតពិនិត្យគយ គេមិនអាចផ្ទៀងផ្ទាត់បានថា តើមានការប្រើប្រាស់សារធាតុកសិកម្មប្រភេទណាខ្លះ លក្ខខណ្ឌប្រព័ន្ធស្រោចស្រពមានសុវត្ថិភាពកម្រិតណា ឬផលិតផលបានឆ្លងកាត់ដំណើរការចាត់ចែងបែបណាខ្លះនោះទេ។ នេះជាហានិភ័យចំពោះការប្រកួតប្រជែងដោយស្មើភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ចុងក្រោយ៕ (ផាន់ អាណា)







