ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ កាលពីពីរឆ្នាំមុន លោក ភាន់ សុភិន ត្រឹមតែជាអ្នកប្រមូលទិញដូងក្រអូបម្នាក់ នៅក្នុងខេត្តបាត់ដំបងប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ លោកបានប្រែក្លាយទៅជាអ្នកកែច្នៃវិញ ក្នុងបំណងធ្វើយ៉ាងណា រក្សាទុកដូងក្រអូបឱ្យបានយូរផង និងជាពិសេសបង្កើនតម្លៃបន្ថែមផង។
ជាម្ចាស់សិប្បកម្មយ៉ានីដូងក្រអូប មានទីតាំងស្ថិតនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង គាត់អាចរកចំណូលបានចាប់ពីជាងមួយម៉ឺនដុល្លារ រហូតដល់ជាងពីរដុល្លារក្នុងមួយខែ ពីការកែច្នៃដូងក្រអូប ដែលខ្លួនប្រមូលទិញពីកសិករក្នុងខេត្ត ដើម្បីផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេស។
លោក ភាន់ សុភិន ម្ចាស់សិប្បកម្ម ឈ្មោះ យ៉ានីដូងក្រអូប បានប្រាប់ទូរទស្សន៍ «កសិករ TV» ថា លោកបានចាប់ផ្តើមកែច្នៃដូងនេះអស់រយៈពេលជាងពីរឆ្នាំមកហើយ។
លោកថា ដំបូងឡើយ ផលិតផលរបស់លោកមិនទាន់ទទួលបានការគាំទ្រ និងរកចំណូលបានច្រើននោះទេ ប៉ុន្តែបច្ចុប្បន្ន ការគាំទ្រពីអតិថិជនមានសន្ទុះកាន់តែខ្លាំង ធ្វើឱ្យសិប្បកម្មរបស់លោកពេលខ្លះមិនអាចផលិតផ្គត់ផ្គង់បានទាន់តម្រូវការទីផ្សារថែមទៀតផង។
តាមរយៈសិប្បកម្មនេះ លោក តាន់ សុភិន បានបញ្ជាក់ថា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតការងារដល់កម្មករ ការបង្កើតទីផ្សារសម្រាប់ម្ចាស់ចម្ការ និងការផ្គត់ផ្គង់ផលិតផលដល់អ្នកទិញយកទៅលក់បន្តតាមហាងម៉ាត ហាងកាហ្វេ និងទីតាំងលក់ដូរផ្សេងៗ។
លោកបានឱ្យដឹងថា នៅពេលអនាគត លោកមានគម្រោងពង្រីកសិប្បកម្មឱ្យកាន់តែធំ ដើម្បីបង្កើនលទ្ធភាពប្រមូលទិញដូងក្រអូបពីម្ចាស់ចម្ការនៅក្នុងខេត្តបាត់ដំបង យកមកកែច្នៃ និងផ្គត់ផ្គង់ទីផ្សារឱ្យបានកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន ផលិតផលដូងក្រអូបកែច្នៃកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ៕







