វៀងចន្ទន៍៖ អាជ្ញាធរឡាវបានរាយការណ៍ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងរីករាលដាលនៅទូទាំង៦ស្រុក សរុប៣៨ភូមិ នៃខេត្តភាគខាងជើងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយបណ្តាលឱ្យជ្រូក ជាង៥ ៤០០ក្បាលងាប់ និងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណ៦៦៥ ០០០ដុល្លារ។
គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ជំងឺនេះបានឆ្លងរាលដាលដល់យ៉ាងហោចណាស់៣៨ភូមិ និងគ្រួសារកសិកររាប់រយគ្រួសារ។
ជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺជាជំងឺវីរុសធ្ងន់ធ្ងរ និងឆ្លងរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមដល់ជ្រូកចិញ្ចឹម និងជ្រូកព្រៃ ហើយអាចធ្វើឱ្យជ្រូកងាប់គ្មានសល់។ នេះបើយោងតាមអង្គការសុខភាពសត្វពិភពលោក។
ជំងឺនេះ មិនឆ្លងទៅមនុស្សទេ ប៉ុន្តែទោះជាយ៉ាងណា មនុស្សអាចជាអ្នកចម្លងមេរោគទៅជ្រូកតាមរយៈសម្លៀកបំពាក់ ឧបករណ៍ ចំណីអាហារ ឬសម្ភារៈផ្សេងៗ។
អាជ្ញាធរឡាវបានឱ្យដឹងថា ការលួចនាំចូលដោយខុសច្បាប់ និងការដឹកជញ្ជូនផលិតផលសាច់ជ្រូកដោយគ្មានការគ្រប់គ្រងច្បាស់លាស់ បណ្ដាលឱ្យមេរោគឆ្លងរីករាលដាលកាន់តែខ្លាំង។ ចំណែកកសិករឡាវមួយចំនួនក៏បានលួចលក់សាច់ពីជ្រូកងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងតម្លៃថោកៗ ធ្វើឱ្យមន្ត្រីជំនាញរបស់ឡាវពិបាកទប់ស្កាត់ និងធ្វើឱ្យមេរោគឆ្លងរីករាលដាលកាន់តែខ្លាំងថែមទៀត។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ការិយាល័យនាយករដ្ឋមន្ត្រីឡាវ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយបញ្ជាឱ្យបន្តតាមដានការដឹកជញ្ជូនជ្រូក និងផលិតផលសាច់ជ្រូករវាងខេត្ត និងស្រុក ព្រមទាំងហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការនាំចូលផលិតផលពីជ្រូកពីបរទេស៕ (ផាន់ អាណា)










