ដោយ ឡុង សារេត
ភ្នំពេញ៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ របស់កម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយក្រុមហ៊ុន ដីឡៃ ត្រេឌីង (DILAI TRADING CO. PTE. LTD) របស់ហ្វីលីពីសម្រាប់ការនាំចេញអង្គរកម្ពុជាមួយម៉ឺនតោន ដោយប្រើសាឡង់ជាលើកដំបូងទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។
ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន ស៊ីធី រ៉ាយស៍ មានប្រសាសន៍ថា ពិធីចុះហត្ថលេខានៅថ្ងៃនេះ មិនត្រឹមតែជាការចុះកិច្ចព្រម ព្រៀងពាណិជ្ជកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយសម្រាប់វិស័យស្រូវអង្ករកម្ពុជាដោយនេះជាការនាំចេញអង្ករកម្ពុជាតាមទម្រង់ដឹកជញ្ជូនជាបរិមាណច្រើន ទៅកាន់ប្រទេសហ្វីលីពីន ជាលើកដំបូង។
ជោគជ័យនេះបង្ហាញឱ្យឃើញពីការកើនឡើងនៃទំនុកចិត្តរបស់អ្នកទិញអន្តរជាតិចំពោះគុណភាព សុវត្ថិភាព ភាពប្រកួតប្រជែង និងសមត្ថភាពផ្គត់ផ្គង់របស់អង្ករកម្ពុជា។ ទន្ទឹមនឹងនេះ វាក៏បញ្ជាក់ពីសមត្ថភាព របស់ក្រុមហ៊ុនកម្ពុជាក្នុងការរៀបចំ កែច្នៃ គ្រប់គ្រងគុណភាព និងដឹកជញ្ជូនអង្ករជាបរិមាណធំទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ។
ក្នុងនាមក្រុមហ៊ុន ក្រុមហ៊ុន ស៊ីធី រ៉ាយស៍,ឧកញ៉ាបណ្ឌិត បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្ម និងស្ថាប័នរាជរដ្ឋាភិបាល ពាក់ព័ន្ធទាំងអស់ ដែលតែងតែផ្ដល់ការគាំទ្រ សម្របសម្រួល និងជំរុញការបើកច្រកទីផ្សារថ្មីៗសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ក្រសួងពាណិជ្ជកម្ម បានខិតខំយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសដៃគូ បើកឱកាសទីផ្សារ សម្របសម្រួលនីតិវិធីពាក់ព័ន្ធ និងផ្សព្វផ្សាយផលិតផលអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។ ការខិតខំប្រឹងប្រែងទាំងនេះ បានបង្កើតបរិយាកាសអំណោយផលសម្រាប់ក្រុមហ៊ុននាំចេញកម្ពុជា ក្នុងការស្វែងរកដៃគូ និងពង្រីកទីផ្សារកាន់តែធំទូលាយ។
ការបើកច្រកទីផ្សារប្រទេសហ្វីលីពីននេះពិតជាមានសារៈសំខាន់ណាស់ ដែលក្រសួងពាណិជ្ជកម្ម បានខិតខំដោយដឹកនាំវិស័យឯកជន ជាពិសេស សហព័ន្ធស្រូវអង្ករកម្ពុជា និងសហគ្រាសពាណិជ្ជកម្មកម្ពុជាពីមុន ក្នុងការធ្វើទស្សនៈកិច្ច និងផ្គូរផ្គងពាណិជ្ជកម្ម ជាមួយសមភាគីអ្នកនាំចូលហ្វីលីពីន រហូតដល់កិច្ចសន្យាទិញលក់នេះ បានកើតឡើង ហើយការនាំចេញទៅកាន់ទីផ្សារនេះ បានកើនឡើងជាលំដាប់។ ក្នុងឆ្នាំ២០២៦នេះ ជាឆ្នាំប្រវត្តិសាស្ត្រនៃការនាំ ចេញទៅកាន់ទីផ្សារហ្វីលីពីន ដែលអាចជាទីផ្សារធំទីមួយនៃការនាំចេញអង្កររបស់កម្ពុជា។
ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ មានប្រសាសន៍ថាក្នុងឱកាសនេះ «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់វិស័យស្រូវអង្ករ។ ការទទួលបានហិរញ្ញប្បទានសមស្រប និងទាន់ពេលវេលា គឺជាកត្តាចាំបាច់សម្រាប់ការប្រមូលទិញស្រូវពីប្រជាកសិករ ការស្តុកទុក ការកែច្នៃ ការធានាគុណភាព និងការរៀបចំការនាំចេញក្នុងបរិមាណធំ។ ការគាំទ្ររបស់ARDB បានរួមចំណែកបំប្លែងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទៅក្លាយជាលទ្ធផលជាក់ស្តែងសម្រាប់កសិករ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ។ លើសពីនេះ សូមថ្លែងអំណរគុណចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានខិតខំសម្របសម្រួលរវាងតួអង្គពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ ជួយដោះស្រាយបញ្ហាប្រឈមនានា ផ្សព្វផ្សាយអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់អង្ករកម្ពុជាឱ្យកាន់តែទូលំទូលាយ»។
ឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់ថា ការរៀបចំការនាំចេញអង្ករចំនួនមួយម៉ឺនតោននេះ តម្រូវឱ្យមានការសហការយ៉ាងជិតស្និទ្ធក្នុងគ្រប់ដំណាក់កាល ចាប់ពីការប្រមូលទិញស្រូវ ការកែច្នៃ ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ការរៀបចំឯកសារ ហូតដល់ការដឹកជញ្ជូន។ កិច្ចព្រមព្រៀងនេះ គឺជាលទ្ធផលនៃការខិតខំរួមគ្នា និងជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការនាំយកអង្ករខ្មែរដ៏មានគុណភាពទៅកាន់ទីផ្សារថ្មីៗនៅលើពិភពលោក។
ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ មានប្រសាសន៍ទៀតថា «ការនាំចេញលើកដំបូងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មយូរអង្វែង និងបើកផ្លូវឱ្យមានការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ក្នុងបរិមាណកាន់តែច្រើន និងជាប្រចាំនាពេលអនាគត។ ជោគជ័យនៅថ្ងៃនេះនឹងមិនផ្តល់ផលប្រយោជន៍ត្រឹមតែក្រុមហ៊ុននាំចេញប៉ុណ្ណោះទេ ប៉ុន្តែនឹងចូលរួមបង្កើតទីផ្សារស្រូវបន្ថែមសម្រាប់ប្រជាកសិករ គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ វិស័យដឹកជញ្ជូន និងអាជីវកម្មពាក់ព័ន្ធ ព្រមទាំងបង្កើតការងារ បង្កើនប្រាក់ចំណូល និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
បើយោងតាមអគ្គនាយកក្រុមហ៊ុនខាងលើ, កិច្ចព្រមព្រៀងនាំចេញអង្ករចំនួនមួយម៉ឺនតោននេះ មិនមែនជាគោលដៅចុងក្រោយរបស់យើងទេ ប៉ុន្តែ ការចាប់ផ្តើមនៃជំពូកថ្មីមួយសម្រាប់ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន។ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ នឹងបន្តវិនិយោគលើគុណភាព បច្ចេកវិទ្យា សមត្ថភាពកែច្នៃ និងប្រព័ន្ធផ្គត់ផ្គង់ ព្រមទាំងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នហិរញ្ញវត្ថុ សហព័ន្ធស្រូវអង្ករកម្ពុជា ប្រជាកសិករ និងដៃគូអន្តរជាតិ។
ចំណែកលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា នេះមិនមែនត្រឹមតែជាប្រតិបត្តិការពាណិជ្ជកម្មតែប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញការជឿទុកចិត្តមកលើអង្ករកម្ពុជា ជាពិសេសជាផ្នែកមួយនៃការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសហ្វីលីពីនឱ្យកាន់តែរីកចម្រើនថែមទៀត។ ក្នុងកិច្ចសន្យានេះក៏បង្ហាញឱ្យឃើញថា ធុរជននៃប្រទេសទាំងពីរអាចធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ ពង្រឹងនូវសន្តិសុខស្បៀង ហើយបង្កើននូវវិបុលភាពរួមជាមួយគ្នា។
លោកជំទាវបានគូសបញ្ជាក់ថា វិស័យស្រូវអង្ករ គឺជាវិស័យមួយដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា និងជាប្រភពនៃចំណូលដ៏ចម្បងរបស់ប្រជាកសិករជាច្រើនគ្រួសារ។ ជាក់ស្តែងការកើនឡើងនៃការនាំចេញអង្ករបានបង្កើនដល់ការបណ្តាក់ទុន លើកកម្ពស់ខ្សែច្រវាក់តម្លៃ ផ្តល់នូវឱកាសធ្វើធុរកិច្ច និងផលប្រយោជន៍សេដ្ឋកិច្ចដល់តួអង្គទាំងមូលនៅក្នុងខ្សែច្រវាក់ ដោយចាប់ផ្តើមពីកសិករដល់រោងម៉ាស៊ីនកិនស្រូវ អ្នកកែច្នៃ អ្នកដឹកជញ្ជូន រហូតដល់អ្នកនាំចេញ និងអាជីវកម្មគាំទ្រនានា ដែលបានចូលរួមដល់ការបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងកំណើនសេដ្ឋកិច្ចកម្ពុជា៕







