ម៉ានីល៖ ប្រទេសហ្វីលីពីនអាចបង្កើនការនាំចូលអង្ករបាក់ច្រើនជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន និងប្រទេសនាំចូលអង្ករផ្សេងៗទៀត។
នៅក្នុងរបាយការណ៍មួយ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បាននិយាយថា អ្នកនាំចូលអង្កររបស់ហ្វីលីពីន អាចងាកទៅរក អង្ករបាក់ច្រើនជាងមុន ខណៈពេលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយហាមឃាត់ការនាំចូលអង្ករអង្ករបាក់កម្រិត៥ភាគរយ។
ការណ៍នេះកើតឡើង ខណៈតម្រូវការកើនឡើងក្នុងចំណោមប្រទេសនាំចូល និងនាំចេញអង្ករ បានធ្វើឱ្យតម្លៃអង្ករបាក់ឡើងថ្លៃជាងមុន។
ក្រសួងកសិកម្មអាម៉េរិក បាននិយាយាបន្ថែមថា អ្នកនាំចេញអង្ករទាំងនេះទំនងជានឹងកែសម្រួលការដឹកជញ្ជូន ដោយត្រូវបង្កើនបិរមាណអង្ករបាក់ សម្រាប់នាំចេញទៅកាន់ប្រទេសហ្វីលីពីន។ ការនាំចូលអង្កររបស់ហ្វីលីពីន ត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់៥,៥លានតោន ក្នុងឆ្នាំ២០២៦នេះ។
ប្រទេសហ្វីលីពីន បានហាមឃាត់ការនាំចូលអង្ករបាក់កម្រិត៥ភាគរយ ដើម្បីផ្តល់ឱកាសឱ្យកសិករហ្វីលីពីនអាចលក់អង្ករស្រូវថ្មីរបស់ខ្លួន ដោយមិនឱ្យអង្ករនាំចូលប្រភេទគុណភាពខ្ពស់ មកប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក។
ទោះបីជាយ៉ាងណា ប្រទេសហ្វីលីពីន នៅតែអនុញ្ញាតឱ្យនាំចូលអង្ករបាក់ ដោយធ្វើឱ្យហ្វីលីពីនអាចពឹងផ្អែកកាន់តែច្រើនលើអង្ករប្រភេទបែពនេះ ខណៈតម្រូវការពិភពលោកកំពុងជំរុញឱ្យតម្លៃកើនឡើង។
ចំណែកក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា វៀតណាម នៅតែជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេទីមួយរបស់ហ្វីលីពីន ទោះបីមានការកែប្រែប្រភពនាំចូលអង្ករពីប្រទេសផ្សេង ដូចជាប្រទេសកម្ពុជា និងប៉ាគីស្ថាន ក៏ដោយ។
ទីភ្នាក់ងារអន្តរជាតិបាននិយាយថា ដោយសារតម្រូវការនាំចូលអង្ករបាក់កាន់តែខ្លាំងនៅប្រទេសចិន និងហ្វីលីពីន ទីផ្សារអង្ករបាក់នៅអាហ្វ្រិកខាងលិច កំពុងចាប់ផ្តើមទទួលរងផលប៉ះពាល់។ ចំណែកប្រទេសចិន ត្រូវគេរំពឹងថា នឹងបង្កើនល្បឿនការទិញអង្ករបាក់ ដែលអាចធ្វើឱ្យបរិមាណនាំចូលសរុបឈានដល់ជាង៤លានតោន។
ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបន្ថែមថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ ប្រទេសចិនបាននាំចូលអង្ករបាក់ជិត១,៤លានតោន ដើម្បីប្រើប្រាស់ក្នុងវិស័យចំណីសត្វរបស់ចិន និងដោយសារអង្ករបាក់នៅតែមានតម្លៃទាប បើប្រៀបធៀបនឹងគ្រាប់ធញ្ញជាតិផ្សេងទៀត៕ (ផាន់ អាណា)







