ហ្សាការតា៖ ក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ការសាកល្បងបានទទួលជោគជ័យក្នុងការផលិតបង្កងមានទំហំធំល្អសម្រាប់ទីផ្សារអន្តរជាតិ ហើយបានលក់ទៅឱ្យប្រទេសសិង្ហបុរី។
លោកអគ្គនាយកផ្នែកវារីវប្បកម្មឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីអាចចិញ្ចឹមបង្កងចាប់ពីដំណាក់កាលកូនបង្កង រហូតដល់មានទំហំគ្រប់គ្រាន់សម្រាប់ទីផ្សារអន្តរជាតិ។
លោកអគ្គនាយក បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា «នេះបង្ហាញថា យើងអាចចិញ្ចឹមបង្កងឱ្យធំតមាទំហំទីផ្សារត្រូវការ ហើយអាចលក់ និងនាំចេញបាន»។
លោកបានបន្ថែមថា បង្កងជិត ៣៤០ គីឡូក្រាម របស់កម្មវិធីចិញ្ចឹមសាកល្បងត្រូវបាននាំចេញទៅលក់ឱ្យប្រទេសសិង្ហបុរី និងទទួលបានការឆ្លើយតបជាវិជ្ជមានពីទីផ្សារ។ ការនាំចេញលើកក្រោយ ត្រូវបានកំណត់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។
លោកបាននិយាយថា ក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី មានគម្រោងរពង្រីកកម្មវិធីចិញ្ចឹមបង្កង ដែលទទួលបានជោគជ័យទៅកាន់តំបន់ផ្សេងៗទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
ចំណែកពាណិជ្ជករនាំចេញក្តាម និងបង្កងទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសចិន បាននិយាយថា បង្កងចិញ្ចឹមដោយ មជ្ឈមណ្ឌលជលផលវារីវប្បកម្មសមុទ្ររបស់ឥណ្ឌូណេស៊ី មានសក្តានុពលខ្ពស់នៅលើទីផ្សារអន្តរជាតិ។
លោកបាននិយាយថា មុននឹងប្រមូលផលបង្កងក្នុងទ្រង់ទ្រាយធំ ក្រុមហ៊ុនរបស់លោកបានសាកល្បងធ្វើតេសនៅទីផ្សារក្នុងប្រទេសសិង្ហបុរី ហើយបង្ហាញថា បង្កងទាំងនោះនៅតែមានគុណភាពល្អ។
លោកបាននិយាយថា «គុណភាពគឺល្អ ហើយបង្កងនៅតែមានសុខភាពល្អ។ ពួកវាបានមកដល់កន្លែងរក្សាទុកក្នុងសភាពល្អ។ យើងក៏បានសាកល្បងនាំចេញទៅសិង្ហបុរីផងដែរ ហើយការឆ្លើយតប គឺមានភាពវិជ្ជមានខ្លាំង»។
លោកបាននិយាយថា ទីផ្សារបង្កងចិញ្ចឹមរបស់ឥណ្ឌូណេស៊ី មានសក្តានុពលរីកចម្រើនយ៉ាងខ្លាំង ដោយសារវារីវប្បកម្មអាចផ្គត់ផ្គង់បានល្អជាងមុន ហើយកាត់បន្ថយការពឹងផ្អែកលើការនេសាទបង្កងធម្មជាតិ៕ (ផាន់ អាណា)










