ហូជីមិញ៖ វិស័យវារីវប្បកម្មវៀតណាម ជាពិសេសមុខរបរចិញ្ចឹមបង្គា បានបន្តរួមចំណែកយ៉ាងសំខាន់ដល់ទិន្នផលផលិតកម្ម និងចំណូលពីការនាំចេញទៅក្រៅប្រទេស នៅក្នុងឆ្នាំ២០២៦នេះ។
ការចិញ្ចឹមបង្គាដោយប្រើបច្ចេកវិទ្យាថ្មី បានក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់មួយ ដោយផ្តល់ផលចំណេញខ្ពស់ដល់ទាំងកសិករ និងអាជីវកម្មនៅក្នុងខេត្ត វិញឡុង ភាគខាងត្បូងប្រទេសវៀតណាម។
មន្ទីរកសិកម្ម និងបរិស្ថានខេត្តវិញឡុង បានឱ្យដឹងថា ខេត្តនេះបានចិញ្ចឹមបង្គាលើផ្ទៃដីជាង៦៥ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបជិតជាង១៦ម៉ឹនតោន។
ក្នុងចំណោមផ្ទៃដីទាំងនេះ មានជាង៦ ៣០០ហិកតា ត្រូវបានប្រើប្រាស់សម្រាប់ការចិញ្ចឹមបង្គាដោយប្រើបច្ចេកវិទ្យាថ្មី។ ចំណែកទិន្នផលស្ថិតនៅចន្លោះពី៤០ ទៅ៦០តោនក្នុងមួយហិកតា ដែលបង្កើតទិន្នផលសរុបជាង៨៨ ០០០ តោន គឺខ្ពស់ជាងការចិញ្ចឹមតាមវិធីប្រពៃណី រហូតដល់ទៅប្រាំដង។
កសិករអាចទទួលបានប្រាក់ចំណេញសុទ្ធចន្លោះពី១៩ ០០០ដុល្លារ ដល់ជិត៣០ ០០០ដុល្លារ ក្នុងមួយហិកតា។
អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្តវិញឡុង បាននិយាយថា ខេត្តកំពុងផ្តោតលើការរៀបចំផែនការ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបណ្តាញអគ្គិសនី ដើម្បីគាំទ្រតំបន់ចិញ្ចឹមបង្គាដោយប្រើបច្ចេកវិទ្យាថ្មី។
លោកបាននិយាយថា ក្នុងដំណាក់កាលខាងមុខ ខេត្តវិញឡុង នឹងផ្តល់អាទិភាពដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងទាក់ទាញវិនិយោគិនធំៗ ដែលមានធនធានគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍទាំងការផ្គត់ផ្គង់ធាតុចូល និងការនាំចូលទៅកាន់ទីផ្សារ សម្រាប់ផលិតផលបង្គាវៀតណាម។
បច្ចុប្បន្ន វិញឡុង កំពុងស្វែងរកការវិនិយោគសម្រាប់គម្រោងវារីវប្បកម្មខ្នាតធំចំនួនបួន ដែលគ្របដណ្តប់លើផ្ទៃដីជាង១ ០០០ហិកតា និងមានទុនវិនិយោគសរុបប្រមាណ១៣លានដុល្លារ៕ (ផាន់ អាណា)







