ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងជំរុញឱ្យប្រទេសជប៉ុនលុបពន្ធនាំចូលចេកពីហ្វីលីពីនឱ្យនៅកម្រិតសូន្យ ខណៈប្រទេសទាំងពីរកំពុងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។
រដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីន លោកស្រី គ្រីស្ទីណា រ៉ូកេ (Cristina Roque) បានឱ្យដឹងថា ប្រធានបទសំខាន់ក្នុងការចរចាកែសម្រួលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន–ហ្វីលីពីន គឺការកាត់បន្ថយអត្រាពន្ធរបស់ជប៉ុន លើផ្លែចេកនាំចូលពីហ្វីលីពីន។
លោកស្រីបាននិយាយថា «ការកាត់បន្ថយពន្ធនេះ នឹងបើកទីផ្សារជប៉ុនកាន់តែទូលំទូលាយសម្រាប់ផ្លែចេករបស់យើង ពីព្រោះបច្ចុប្បន្នចេករបស់យើងត្រូវបង់ពន្ធពី៨ ដល់១៨ភាគរយ។ អត្រាពន្ថនេះខ្ពស់ជាងបណ្តាប្រទេសជិតខាងរបស់យើងនៅក្នុងសហគមន៍អាស៊ាន»។
លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញឱ្យជប៉ុនទម្លាក់ពន្ធត្រឹមសូន្យ ប៉ុន្តែអត្រាពន្ធចុងក្រោយស្ថិតនៅលើការចរចា។
លោកស្រីបានបន្ថែមថា «នោះគឺជាអ្វីដែលយើងចង់បាន ប៉ុន្តែយើងត្រូវរង់ចាំលទ្ធផលចុងក្រោយសិន។ អ្វីដែលសំខាន់ គឺ ភាគីជប៉ុនបានបើកចំហរួចហើយសម្រាប់ការចរចា»។
ក្នុងឆ្នាំ២០២៦ ពន្ធនាំចូលផ្លែចេកហ្វីលីពីន ទៅក្នុងប្រទេសជប៉ុនត្រូវជាប់ពន្ធក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។
កាលពីឆ្នាំ២០២៥ ហ្វីលីពីនបាននាំចេញផ្លែចេកស្រស់ជិត ៣ លានតោន កើនឡើងពី២,៣លានតោន ក្នុងឆ្នាំ២០២៤ ហើយបានធ្វើឱ្យហ្វីលីពីន ត្រឡប់មកកាន់តំណែងជាប្រទេសនាំចេញចេកធំបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអេក្វាឌ័រ។
ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយ ក្នុងឆ្នាំ២០២៤។ កាលពី១០ឆ្នាំមុន ចំណែកនេះ គឺមានប្រហែល៩០ភាគរយ ប៉ុន្តែបានធ្លាក់ចុះបន្តិចម្តងៗ ដោយសារដៃគូប្រកួតប្រជែងទទួលបានសិទ្ធិនាំចូលផ្លែចេកទៅប្រទេសជប៉ុនដែរ។
ប្រទេសជប៉ុនបានអនុវត្តពន្ធសូន្យលើផ្លែចេកនាំចូលពីប្រទេសម៉ិកស៊ិក និងប្រទេសប៉េរូ ហើយយកពន្ធទាបលើផ្លែចេកនាំចូលពីប្រទេសកម្ពុជា ឡាវ និងវៀតណាម៕ (ផាន់ អាណា)







