ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។
លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។
លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។
លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។
លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។
គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។
អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។
បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)







