ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។
កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។
មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។
បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ ក៏ត្រូវតែដោះស្រាយបញ្ហារចនាសម្ព័ន្ធ ដែលវិស័យកសិកម្មកំពុងជួប្រទះ រួមមាន ថ្លៃដើមផលិតកម្មខ្ពស់ ការប្រែប្រួលអាកាសធាតុ ហានិភ័យអាកាសធាតុ និងភាពមិនប្រាកដប្រជានៃទីផ្សារកសិផល។
លោកបានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា «នេះមិនមែនគ្រាន់តែជាការវិនិយោគលើវិស័យកសិកម្មទេ។ វាគឺជាការវិនិយោគលើសន្តិសុខស្បៀង»។
ការបង្កើនថវិកាសម្រាប់អភិវឌ្ឍន៍កាហ្វេ និងគម្រោងផ្សេងទៀតក្រោមការិយាល័យជលផល និងធនធានជលផល និងការបង្កើនថវិកាសម្រាប់អភិវឌ្ឍន៍ និងបង្កើនភាពប្រកួតប្រជែងក្នុងឧស្សាហកម្មចិញ្ចឹមសត្វ នឹងជួយកាត់បន្ថយថវិកាសម្រាប់ស្ថាប័នក្រោមឱវាទ និងការធ្វើឌីជីថលូបនីយកម្ម។
ក្រសួងកសិកម្មហ្វីលីពីននឹងផ្តល់អាទិភាពដល់ការបង្កើនផលិតភាពកសិកម្ម និងជលផល ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយការខាតបង់ក្រោយការប្រមូលផល ការកែលម្អប្រព័ន្ធដឹកជញ្ជូន និងការទទួលយកបច្ចេកវិទ្យា ដើម្បីជួយឱ្យកសិករ និងអ្នកនេសាទទទួលបានចំណេញពីខ្សែសង្វាក់តម្លៃ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅពេលធនធានថវិកាមានកម្រិត ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាថា ផលិតកម្មកសិកម្ម នៅតែអាចផ្តល់ប្រាក់ចំណេញដល់អ្នកផលិត ព្រមទាំងធានាសន្តិសុខស្បៀង ដោយរក្សាតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់៕ (ផាន់ អាណា)







