វៀតណាម៖ បុរសវៀតណាម្នាក់ ដោយសារតែបាត់បង់ការងារធ្វើ ហើយគ្មានលុយកាក់ផងនោះ ក៏បែកចិត្តទៅលួចផ្លែទុរេនក្នុងចម្ការអ្នកដទៃរហូតដល់ទៅជិត២តោន។
នគរបាលវៀតណាម នៅក្នុងខេត្តដាក់ឡាក់ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានចាប់ខ្លួនបុរសម្នាក់ ពីបទលួចប៉េះផ្លែទុរេនអស់ជិតពីរតោន ដើម្បីលក់យកលុយមកចិញ្ចឹមជីវិត។
នគរបាលវៀតណាម បានឱ្យដឹងថា បុរសសង្ស័យជាចោរលួចផ្លែទុរេន មានឈ្មោះ តាង ង៉ុកហៀន (Tang Ngoc Hien) អាយុ២១ឆ្នាំ មានស្រុកកំណើតក្នុងខេត្តហៃហ្វុង ភាគខាងជើងទីក្រុងហាណូយ ប៉ុន្តែបានមកធ្វើការជាកម្មករស៊ីឈ្នួលប៉េះផ្លែទុរេន នៅក្នុងខេត្តដាក់ឡាក់ ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។
មួយថ្ងៃមុនពេលចាប់ខ្លួនចោរលួចផ្លែទុរេននេះ ប៉ុស្ត៍រដ្ឋបាលនគរបាលឃុំ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្តឹងរៀបរាប់អំពីសកម្មភាពគួរឱ្យសង្ស័យរបស់ជនល្មើស ដូច្នេះ នគរបាលក៏បានឃាត់ខ្លួនឈ្មោះជនសង្ស័យព្រមទាំងរឹបអូសបានផ្លែទុរេនជាង១៦០០គីឡូក្រាម។
ជនសង្ស័យឈ្មោះ តាង ង៉ុកហៀន បានសារភាពប្រាប់នគរបាលថា ខ្លួនបានធ្វើដំណើរពីខេត្តហៃហ្វុង មកកាន់ខេត្តដាក់ឡាក់ ដើម្បីរកការងារធ្វើ។ ប៉ុន្តែបន្ទាប់ពីគ្មានការងារធ្វើ និងអស់លុយចាយ ក៏បែកគំនិតហ៊ានលួចប៉េះផ្លែទុរេន។
ជនជាប់ចោទរូបនេះ បាននិយាយរៀបរាប់ថា ខ្លួនបានដើរសង្កេតរកមើលចម្ការទុរេនណាមានផ្លែច្រើន ហើយមិនសូវមានអ្នកយាមតឹងតែង ឬមិនសូវមានមនុស្សធ្វើដំណើរឆ្លងកាត់ច្រើន ដើម្បីចូលលួចនៅពេលយប់។
ចោរអាយុ២១ឆ្នាំនេះ បានសារភាពទៀតទៀត ខ្លួនធ្លាប់លួចប៉េះផ្លែទុរេនពីក្នុងចម្ការអ្នកដទៃ ទទួលបានជោគជ័យចំនួនពីរលើករួចមកហើយ និងចេះតែចង់លួចឱ្យបានច្រើនទៀត ប៉ុន្តែត្រូវអស់លាក់ក្រោយពេលធ្វើសកម្មភាពលួចលើកទី៣៕ (ផាន់ អាណា)







