ខេត្តហឺណាន៖ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីចិន កាលពីពេលថ្មីៗកន្លងមកនេះ បានចាប់ផ្តើមយុទ្ធនាការពិសេសមួយ ដើម្បីធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយស្ថិរភាព ក្នុងអំឡុងរដូវប្រមូលផលដំណាំររបស់កសិករ ចិន នៅក្នុងខេត្តហឺណាន (Henan) ភាគកណ្ដាលឈៀងខាងកើតប្រទេសចិន។
កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បុគ្គលិកក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី បានចុះទៅជួបសហគ្រាសកែច្នៃកសិផល ហើយបង្កើនកម្លាំងថាមពលស្របតាមតម្រូវការជាក់ស្ដែងរបស់សហគ្រាសនីមួយៗ រួមមានការវាយតម្លៃប្រសិទ្ធភាពប្រើប្រាស់ថាមពល ការណែនាំអំពីការផ្លាស់ប្តូរពេលវេលាប្រើប្រាស់អគ្គិសនី ដើម្បីកាត់បន្ថយបន្ទុកនៅម៉ោងមានតម្រូវការខ្ពស់ និងការត្រួតពិនិត្យហានិភ័យសុវត្ថិភាពអគ្គិសនី ដែលធានាដល់ការផ្គត់ផ្គង់ចរន្តអគ្គិសនីឱ្យមានស្ថិរភាពពេញមួយរដូវប្រមូលផល។
តម្រូវការថាមពលអគ្គិសនី បានកើនឡើងជាបន្តបន្ទាប់ នៅក្នុងតំបន់ប្រមូលផលកសិកម្ម ដោយសារសហគ្រាសខ្នាតតូច និងមីក្រូ ដែលប្រកបអាជីវកម្មស្តុកទុកគ្រាប់ធញ្ញជាតិ និងកែច្នៃផលិតផលកសិកម្ម ត្រូវដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីស្រូបយកផលិតផលរបស់កសិករឱ្យអស់ពីសមត្ថភាព។
ដូច្នេះ ដើម្បីធានាថា ការផ្គត់ផ្គង់អគ្គិសនីមិនមានការរំខានក្នុងអំឡុងពេលដ៏សំខាន់នេះ ក្រុមហ៊ុនផ្គត់ផ្គង់ថាមថាមពលអគ្គិសនី បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី និងបង្កើតប្រព័ន្ធគាំទ្រដ៏មានប្រសិទ្ធភាព។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គម បុគ្គលិកផ្តល់សេវាកម្មអគ្គិសនី បានចុះទៅតាមភូមិ និងតាមសួនឧស្សាហកម្ម ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើអាជីវកម្មខ្នាតតូច និងដីស្រែចម្ការ។
ក្រុមជំនាញបានប្រើប្រាស់បច្ចេកវិទ្យាវាស់កម្ដៅ យន្តហោះគ្មានមនុស្សបើក និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ដើម្បីត្រួតពិនិត្យខ្សែបណ្តាញអគ្គិសនីបញ្ជូនចរន្តខ្ពស់ និងឧបករណ៍ប្រើប្រាស់ថាមពលអគ្គិសនី។
នៅពេលខាងមុខ ក្រុមហ៊ុននឹងបន្តរួមបញ្ចូលបច្ចេកវិទ្យាត្រួតពិនិត្យឆ្លាតវៃ ការវិភាគបញ្ហាដោយផ្អែកលើទិន្នន័យ និងសេវាកម្មអគ្គិសនីនៅតាមជនបទ ដើម្បីផ្គត់ផ្គង់អគ្គិសនីប្រកបដោយសុវត្ថិភាព ស្ថិរភាព និងមានគុណភាពខ្ពស់ សំដៅគាំទ្រយ៉ាងពេញលេញដល់ការអភិវឌ្ឍវិស័យកសិកម្ម នៅក្នុងខេត្តហឺណាន របសើចិន៕ (ផាន់ អាណា)







