សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមនាំចេញបន្លែស្ពៃទៅប្រទេសជប៉ុន ដើម្បីដោះស្រាយបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះតម្លៃនៅតាមទីផ្សារក្នុងប្រទេស។
ក្រុមហ៊ុននាំចេញបានប្រកាសកាលពីថ្ងៃទី១៩ ខែតុលាថា ខ្លួនបានដឹកជញ្ជូនស្ពៃចំនួន៩០តោន ដែលប្រមូលទិញពីសហករណ៍កសិកម្មដំណាំសាកវប្បកម្ម ដើម្បីចែកចាយតាមបណ្តាហាងលក់រាយនៅប្រទេសជប៉ុន។
បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងប្រឈមនឹងការខ្វះខាតស្ពៃ បន្ទាប់ពីមានភ្លៀងធ្លាក់អូសបន្លាយនៅរដូវស្លឹកឈើជ្រុះ ដែលបានប៉ះពាល់ដល់ការដាំដុះបន្លែ។
ទីក្រុងតូក្យូបានជួបប្រទះភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៣៧ថ្ងៃ ដែលធ្វើឱ្យពន្លឺព្រះអាទិត្យថយចុះ និងប៉ះពាល់ដល់ការលូតលាស់របស់ដំណាំស្ពៃ។
ដោយសារបញ្ហានេះ តម្លៃស្ពៃនៅទីផ្សារបោះដុំកណ្តាលទីក្រុងតូក្យូ បានកើនឡើងដល់ជាង២ ទៅ៣ដង បើធៀបនឹងកម្រិតតម្លៃក្នុងបណ្តាឆ្នាំមុនៗ។
ផ្ទុយទៅវិញ លក្ខខណ្ឌអាកាសធាតុអំណោយផលសម្រាប់ការដាំដុះនៅប្រទេសកូរ៉េខាងត្បូង បានធ្វើឱ្យបរិមាណស្ពៃកើនឡើង ដែលបង្កសម្ពាធឱ្យតម្លៃលក់ក្នុងស្រុកធ្លាក់ចុះ។
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុននាំចេញកំពុងប្រើប្រាស់បណ្តាញនាំចេញរបស់ខ្លួន ដើម្បីបង្វែរបរិមាណបន្លែលើសតម្រូវការក្នុងស្រុកទៅផ្គត់ផ្គង់ទីផ្សារជប៉ុន និងនាំមកវិញនូវប្រាក់ចំណូលសម្រាប់កសិករកូរ៉េ។
ស្ថានភាពផ្គត់ផ្គង់បន្លែលើសតម្រូវការស្រដៀងគ្នានេះ ក៏កំពុងកើតមានចំពោះស្ពៃក្តោបក្រហម និងស្ពៃបូកគោផងដែរ នៅក្នុងប្រទេសកួរ៉េខាងត្បូង។
នៅប្រទេសជប៉ុន ការថយចុះបរិមាណបន្លែ បានជំរុញឱ្យតម្លៃបន្លែកើនឡើង ខណៈភ្លៀងធ្លាក់នៅឥតឈប់ឈេរ ដោយសារបាតុភូតធម្មជាតិ បានប៉ះពាល់ដល់ការប្រមូលផលស្ពៃក្តោប។
ចំណែកតម្រូវការស្ពៃបូកគោពីប្រទេសកូរ៉េខាងត្បូង ក៏បានកើនឡើងផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញសារធាតុថ្នាំហ្វ័រម៉ុលបង្កមហារីក មានជ្រលក់នៅក្នុងស្ពៃបូកគោរបស់ចិន៕ (ផាន់ អាណា)







