ដោយ ហៃ ស៊ីណា
ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋាន ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានលើកឡើងថា បច្ចុប្បន្ននេះ តម្លៃទីផ្សារស៊ុតហាក់នៅមានស្ថេរភាពល្អ បើទោះបីជាតម្លៃចំណីសត្វសម្រេចដែលកំពុងធ្វើចរាចរណ៍ក្នុងប្រទេសមានតម្លៃកើនឡើងជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែប្រជាកសិករនិងម្ចាស់កសិដ្ឋានផ្សេងៗនៅបន្តពង្រីកការចិញ្ចឹម ដើម្បីឆ្លើយតបនឹងទីផ្សារ។
លោក សៀវ វិសុទ្ធ បានអះអាងទៀតថា ចំពោះតម្លៃទីផ្សារស៊ុតក្នុងស្រុកវិញ គិតត្រឹមចុងខែសីហាឆ្នាំ២០២៦និងដើមខែកញ្ញាឆ្នាំ២០២៦នេះ តម្លៃនៅតែល្អចន្លោះពី៤០០រៀទៅ៤២០រៀល ដែលកសិករលក់ចេញអាចទទួលយកបានហើយសម្តែងការត្រេកអរយ៉ាងខ្លាំងផងដែរ។
ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយបានទទួលស្គាល់ថា ដោយសារតែការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្នុងការរឹតបន្តឹងការនាំចូល ធ្វើឲ្យពីតម្លៃស៊ុតងើបឡើងវិញ ហើយកសិករសព្វថ្ងៃនេះ បញ្ហាប្រឈមមួយចំនួនគឺ លើបច្ចេកទេស ការចិញ្ចឹមសត្វ ដោយសារនៅខែវស្សាជារើយៗសត្វងាយឆ្លងនិងជំងឺផ្សេងៗនៅតាមកសិដ្ឋាន ប៉ុន្តែឆ្លងកាត់ការប្រជុំបើកវគ្គបណ្តុះបណ្តាលនិងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកនោះ គឺអាចដោះស្រាយបញ្ហាខាងលើបាន។
បន្ថែមពីនេះ លោក សៀវ វិសុទ្ធ បានលើកឡើងថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមទាយកស៊ុតរបស់លោកកំពុងមានទីផ្សារខ្ពស់ ខណៈពងទាកំពុងមានតម្រូវការកើនឡើងជារៀងរាល់ថ្ងៃ ហើយការរីកចម្រើនលើការចិញ្ចឹមសត្វនេះគឺ លោកមិនភ្លេចទេ ពីការជួយជ្រោមជ្រែងដ៏សំខាន់បំផុត ពីធនាគារ ARDB ដែលបានជួយដល់កសិករឲ្យមានការរីកចម្រើន។
ដើម្បីការពារកសិករអ្នកចិញ្ចឹមសត្វក្នុងស្រុក ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាមានគោលការណ៍រឹតបន្តឹង និងមិនលើកទឹកចិត្តឱ្យនាំចូលស៊ុតសម្រាប់បរិភោគការលួចលាក់នាំចូលខុសច្បាប់ពីប្រទេសជិតខាង ដូចជាវៀតណាមជាដើមដែលឈ្មួញលួចរត់ពន្ធតាមព្រំដែន។
ប្រធាន សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ កាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២៦នេះ បានសរសេរលិខិតចំនួន៣ច្បាប់ស្នើទៅអភិបាលខេត្តព្រៃវែង អភិបាលខេត្តត្បួងឃ្មុំ និងអភិបាលខេត្តស្វាយរៀងឲ្យដាក់វិធានការណ៍ទប់ស្កាត់ការនាំចូល សត្វជ្រូករស់ សាច់បង្កក និងផលិតផលមានដើមកំណើតពីសត្វ ខុសច្បាប់ពីប្រទេសវៀតណាមមកកម្ពុជា តាមច្រករបៀងដែលមានព្រំប្រទល់ជាប់ខេត្តព្រៃវែងផងដែរ។
សូមជម្រាបថា ការប្រើប្រាស់ស៊ុតទានៅក្នុងប្រទេសបច្ចុប្បន្នមានក្នុងរង្វង់ចំនួន ៩លាន ទៅជាង១០លានគ្រាប់ក្នុង១ថ្ងៃ ហើយ កម្លាំងផលិតចន្លោះពី៦ លានទៅ៧លានគ្រាប់ក្នុង១ថ្ងៃ ។ ជាក់ស្តែងនៅក្នុងសហគមន៍ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលរំពឹងថា នៅឆ្នាំ២០២៧ សហគមន៍អ្នកចិញ្ចឹមទានឹងបង្កើនមេទារហូតដល់ ៥០ម៉ឺនក្បាល សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ៕










