ហ្វីលីពីន ត្រៀមនាំចូលអង្ករ៥លានតោន នៅឆ្នាំ២០២៧ រួមទាំងអង្ករកម្ពុជា ព្រោះបាតុភូតធម្មជាតិធ្វើឱ្យខូចដំណាំស្រូវយ៉ាងធ្ងន់ធ្ងរ

rsz_1_21b9807.2e16d0ba.fill-960x540

ហ្វីលីពីន៖ ប្រទេសហ្វីលីពីនអាចត្រូវការអង្ករនាំចូលរហូតដល់៥លានតោន ដើម្បីឱ្យមានអង្ករគ្រប់គ្រាន់ ព្រោះគ្រោះរាំងស្ងួត និងខ្យល់ព្យុះ ដែលបណ្តាលមកពីបាតុភូត អែលនីញ៉ូ (El Niño) កំពុងធ្វើឱ្យទិន្នផលស្រូវហ្វីលីពីនធ្លាក់ចុះយ៉ាងខ្លាំង។

យោងតាមសារព័ត៌មានរបស់ហ្វីលីពីន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ហ្វីលីពីនបាននាំចូលអង្ករពីប្រទេសកម្ពុជា ប្រមាណ៣ ៥១០តោន  ហើយអាចកើនឡើងរហូតដល់២០០ ០០០ តោន ក្នុងឆ្នាំ២០២៦ ហើយបើគិតត្រឹមថ្ងៃទី៩ ខែកក្កដា ២០២៦នេះ  អង្ករកម្ពុជាប្រមាណ៦៩ ៧៧០តោន​ ត្រូវបាននាំចូលទីផ្សារហ្វីលីពីនរួចហើយ។

រដ្ឋមន្ត្រីកសិកម្ម ហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានប្រកាសបែបនេះ កាលពីថ្ងៃអង្គារ ក្នុងកិច្ចប្រជុំរដ្ឋសភា ស្តីពីថវិកាឆ្នាំ២០២៧ ដោយលោកលើកឡើងថា រដ្ឋាភិបាលកំពុងពិចារណាបង្កើនអង្ករ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធ្ងន់ធ្ងរ ហើយបានគ្រោងនាំចូលអង្ករនៅត្រីមាសទី១ ឆ្នាំ២០២៧។

លោកបានប្រាប់រដ្ឋសភាថា «វាជាការល្អប្រសើរជាង ប្រសិនបើយើងត្រៀមផ្គត់ផ្គង់អង្ករឱ្យបានគ្រប់គ្រាន់ ជាជាងរងចាំដោះស្រាយបញ្ហាខ្វះខាតអង្ករ»។

លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ ប្រទេសហ្វីលីពីនបាននាំចូលអង្ករប្រមាណ៤ លានតោន។ ផែនការផលិតកម្មស្រូវរបស់ប្រទេស នៅឆ្នាំ២០២៦នេះ ត្រូវបានកំណត់បរិមាណ១៩លានតោន។

លោកបាននិយាយថា «នៅចុងឆ្នាំនេះ បន្ទាប់ពីរដូវប្រមូលផលស្រូវ យើងត្រូវនាំចូលអង្ករបន្ថែម ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ត្រីមាសទី១ នៃឆ្នាំក្រោយ។ យើងកំពុងត្រៀមនាំចូលអង្ករទុកជាមុនរួចហើយ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៧។ យើងត្រូវមានស្តុកអង្ករបម្រុងឱ្យលើសពី៦០ថ្ងៃ ពីព្រោះអាកាសធាតុនាពេលនេះខុសប្លែកពីមុន»។

ប្រទេសហ្វីលីពីន គឺជាប្រទេសនាំចូលអង្ករច្រើនជាងគេបំផុតក្នុងពិភពលោក ហើយការប្រែប្រួលរបបទឹកភ្លៀងរដូវវស្សា រួមទាំងបាតុភូត អែលនីញ៉ូ ដែលកំពុងឈានជិតដល់កម្រិតខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ អាចបង្កឱ្យមានគ្រោះរាំងស្ងួត និងធ្វើឱ្យការផ្គត់ផ្គង់ស្រូវអង្ករជួបបញ្ហាខ្វះខាត។

កាលពីឆ្នាំ២០២៤ ប្រទេសហ្វីលីពីនបាននាំចូលអង្ករពីបរទេសចំនួន៣,៣៩លានតោន។ ចំណែកផែនការនាំចូលអង្ករក្នុងបរិមាណដ៏ច្រើនបំផុតនេះ គ្រាន់តែជាវិធានការបង្ការជាមុន ដើម្បីធានាការផ្គត់ផ្គង់ប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់អង្គសភាទៀតថា ទិសដៅសំខាន់របស់រដ្ឋាភិបាលហ្វីលីពីន នៅតែផ្តោតសំខាន់លើការផ្តល់អាទិភាពដល់ផលិតកម្មក្នុងស្រុក និងការបង្កើនទិន្នផលស្រូវ។

លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល បាននិយាយថា «ទិន្នផលស្រូវជាមធ្យមរបស់យើងក្នុងមួយហិកតាកំពុងកើនឡើង។ ចំណែកបញ្ហា គឺយើងពិតជាកំពុងតែរងផលប៉ះពាល់ខ្លាំងពីគ្រោះមហន្តរាយ ដូចជាព្យុះទីហ្វុង ទឹកជំនន់ ហើយឥឡូវនេះ គឺបាតុភូតអែលនីញ៉ូ»៕ (ផាន់ អាណា)


image_2026-09-04_13-36-32
ពូជស្រូវទិន្នផលដល់១៣តោន​ក្នុងមួយហិកតា – ឥណ្ឌូណេស៊ីកំពុងចែកដល់កសិករ

ម៉ាឡេស៊ី៖ ឥណ្ឌូណេស៊ីកំពុងចែក​ពូជស្រូ​វក្នុងស្រុក ដែលអាច​ផ្ដល់ទិន្នផលខ្ពស់​ចន្លោះ​ពី១០ ទៅ១៣តោន​ក្នុងមួយហិកតា ដល់កសិករ​របស់​ខ្លួន ខណៈពូជស្រូវនេះក៏ធន់​នឹង​អាកាសធាតុថែមទៀត ។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) មានប្រសាសន៍ថា ពូជស្រូវនេះនឹង​ត្រូវ​ចែកចាយដល់កសិករនៅទូទាំងប្រទេស ដើម្បីបង្កើនផលិតភាពកសិកម្មដាំដំណាំស្រូវ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម​រូបនេះ​ បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តជ្វាខាងលិច (West Java) គឺជាមជ្ឈមណ្ឌលផលិតពូជស្រូវធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពអាចផលិតពូជស្រូវរហូតដល់២៥០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ពូជស្រូវផលិតដោយមជ្ឈមណ្ឌលទំនើបកម្មកសិកម្មស្រូវឥណ្ឌូណេស៊ី អាចផ្តល់ទិន្នផលពី១០ ទៅ១៣ តោនក្នុងមួយហិកតា ដើម្បីជួយរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ មជ្ឈមណ្ឌលផលិតពូជស្រូវរបស់​ឥណ្ឌូណេស៊ីនេះកំពុងផលិតពូជស្រូវជាច្រើនប្រភេទ ដែលសមស្របទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា រួមមានស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងពូជធន់នឹងគ្រោះរាំងស្ងួតផងដែរ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសកាលនាពេលកន្លងមកថា ខ្លួនមានផែនការបែងចែកពូជស្រូវក្នុងកម្មវិធីឧបត្ថម្ភធនជាពូជស្រូវសម្រាប់បង្កបង្កើនផលលើផ្ទៃដីយ៉ាងហោចណាស់១លានហិកតា នៅក្នុងឆ្នាំ២០២៧ ដើម្បីបង្កើនផលិតភាពស្រូវ និងជំរុញឱ្យកសិករងាកមកធ្វើកសិកម្មទំនើប និងស្របតាមប្រព័ន្ធកសិកម្មជឿនលឿន៕​ (ផាន់ អាណា)

image_2026-09-04_13-31-24
ម៉ាឡេស៊ីដាក់គោលដៅបង្កើនការនាំចេញម្នាស់ និងទុរេន

គូឡាឡាពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យកសិ-ចំណីអាហារ។ លោក មូហាមេត សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានចាត់ទុកម្នាស់ និងទុរេន ថាជាផលិតផល ដែលមានសក្តានុពលខ្ពស់ សម្រាប់ការធ្វើទីផ្សារអន្តរជាតិបន្ថែមទៀត។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកំពុងដាក់គោលដៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តលើការវិនិយោគ និងការធ្វើ​ពាណិជ្ជកម្មដែលមានតម្លៃប្រហែល១៩៨០លានដុល្លារ។ ក្នុងនោះ រួមមានគម្រោងសាងសង់រោងចក្រកែច្នៃម្នាស់នៅតំបន់ទូកាវ (Tukau) ក្នុងទីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលមានតម្លៃ ខ្ទង់២៥៥លានដុល្លារ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផលិតម្នាស់ និងការផលិតជីសម្រាប់ដំណាំនេះ។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងស្វែងរកវិធីបង្កើនវត្តមានផលិតផលកសិ-ចំណីអាហាររបស់ម៉ាឡេស៊ីនៅលើទីផ្សារអន្តរជាតិ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីផ្សារនៅតំបន់អាហ្វ្រិកផងដែរ៕ (អៀវ ឈៀងនី)

image_2026-09-04_13-22-29
វៀតណាមបើកទីផ្សារសម្រាប់ទំពាំងបាយជូរឥណ្ឌា​ ឯឥណ្ឌាបើកទីផ្សារទទួលយកទុរេនវៀតណាម បន្ទាប់ពីឥណ្ឌាបើកទីផ្សារផ្លែទុរេន

វៀតណាម៖ វៀតណាម និងឥណ្ឌា កំពុងបើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ វៀតណាម បានបើកទីផ្សារ​សម្រាប់​ផ្លែទំពាំងបាយជូររបស់​ឥណ្ឌា ចំណែកឯឥណ្ឌាវិញ ក៏បើកទីផ្សារទទួលយកផ្លែទុរេន​ពីវៀតណាមវិញដែរ ។ ការ​បើកទីផ្សារ​ឱ្យគ្នាទៅវិញទៅមកនេះ គឺ​ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មកសិកម្ម និងគាំទ្រគោលដៅ ក្នុងការសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន​​​២៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ លោក ប៊ុយ ចុងធួង (Bui Trung Thuong) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសឥណ្ឌា បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ប្រទេសឥណ្ឌាបានសម្រេចបើកទីផ្សាររបស់ខ្លួនសម្រាប់ទទួលយកផ្លែទុរេនស្រស់ពីវៀតណាម បន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យនាំចូលផ្លែទំពាំងបាយជូរស្រស់ពីឥណ្ឌា ចាប់ពីខែសីហា ឆ្នាំ២០២៦នេះតទៅ​។ វិធានការបើកទីផ្សារទាំងនេះ អាចជួយបង្កើតលំហូរពាណិជ្ជកម្មថ្មីៗ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ។ លោកស្រី វីនីតា សុទ្ធស៊ូ (Vinita Sudhanshu) នាយកអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ឥណ្ឌា បាននិយាយថា តម្រូវការផ្លែឈើស្រស់ គឺមានច្រើននៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ។ អ្នកនាំចេញទំពាំងបាយជូររបស់​ឥណ្ឌាកំពុងរៀបចំនាំចេញផ្លែទំពាំងបាយជូរស្រស់លើកដំបូងទៅកាន់ប្រទេសវៀតណាម នៅក្នុងរដូវប្រមូលផលខាងមុខ ហើយការនាំចេញសាកល្បងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅ ខែធ្នូ​ ឆ្នាំ២០២៦នេះ។ សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការទទួលបានសិទ្ធិនាំចូលទុរេនទៅកាន់ទីផ្សារឥណ្ឌា​បានផ្ដល់​សក្តានុពលដល់ផ្លែទុរេនវៀតណាម ដែលជាឧស្សាហកម្ម​តម្លៃរាប់ពាន់លានដុល្លារ៕ […]

image_2026-09-04_13-06-30
ស្រីលង្កាកំណត់គោលដៅនាំចេញផ្លែដូង ឱ្យបានប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០

កូឡុំបូ៖ អាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានប្រកាសថា អង្គភាពនេះបានកំណត់គោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីការនាំចេញផលិតផលផ្លែដូង ឱ្យដល់កម្រិតទឹកប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ បើធៀបនឹងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ។ លោក សាន្ថា រ៉ាណាធុងហ្គា​ (Shantha Ranathunga) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានមានប្រសាសន៍ថា គោលដៅនេះនឹងទទួលបានជោគជ័យ តាមរយៈការបង្កើនផលិតកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលផ្លែដូង។ ប្រទេសស្រីលង្កា មានគោលដៅបង្កើនផលិតកម្មដូងឱ្យកើនទិន្នផលដល់ប្រមាណ៤,២ពាន់លានផ្លែ ព្រមទាំងពង្រីកការកែច្នៃ និងបង្កើតម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ស្រីលង្កា ដោយផ្ទាល់នៅតាមផ្សារទំនើបអន្តរជាតិ។ យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញរបស់ស្រីលង្កា បានឱ្យដឹងថា ចំណូលបានមកពីការនាំចេញផលិតផលផ្លែដូង បានកើនដល់ទំហំទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយបន្តកើនឡើងពីទំហំទឹកប្រាក់ជាង៨៦៤លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យដូងនេះ មានគោលដៅរកចំណូលពីការនាំចេញឱ្យបានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ។ ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ប្រទេសស្រីលង្កា បាននាំចេញផលិតផលផ្លែដូងកើនឡើង១៦ភាគរយ ពីទំហំទឹកប្រាក់៥៣០លានដុល្លារ ដល់៦១៤លានដុល្លារ។ ទោះជាយ៉ាងណា ការផ្គត់ផ្គង់ផ្លែដូង ត្រូវបានព្យាករថា នឹងថយចុះប្រមាណ១៤ភាគរយ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦នេះ​ ដោយសារអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាថ្លៃដើមផលិត ដូចជាប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ យុទ្ធសាស្ត្ររបស់វិស័យដូងនេះ រួមមានការបង្កើនផលិតកម្ម និងពង្រីកការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុនពីការនាំចេញផលិតផលដូង។ ប៉ុន្តែ […]

កាលវិភាគផ្សព្វផ្សាយ