ឡាវកំពុងសិក្សាគម្រោងឥណទានកាបូន សម្រាប់ការដាំដំណាំស្រូវ

rice-farming-laos

វៀងចន្ទន៍៖ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់របស់ប្រទេសឡាវ កំពុងសិក្សាគម្រោងឥណទានកាបូន (Carbon Credit) ដែលផ្អែកលើវិធីសាស្ត្រដាំដុះស្រូវ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើតឱកាសចំណូលថ្មីប្រកបដោយចីរភាពសម្រាប់កសិករឡាវ។

យោងតាមរបាយការណ៍ចេញផ្សាយ នាពេលថ្មីកន្លងមកនេះ គម្រោងនឹងវាយតម្លៃលទ្ធភាពផ្នែកបច្ចេកទេស បរិស្ថាន និងសេដ្ឋកិច្ច ក្នុងការអនុវត្តវិធីសាស្ត្រដាំស្រូវ ស្រោចទឹក និងទុកឱ្យដីស្ងួត ដើម្បីបង្កើតឥណទានកាបូន។

វិធីសាស្ត្រនេះ ដោយឆ្លាស់គ្នារវាងការបង្ហូរទឹកចូលស្រែ និងការទុកឱ្យដីស្ងួត អាចកាត់បន្ថយការប្រើប្រាស់ទឹក និងថ្លៃដើមផលិតកម្មបានយ៉ាងច្រើន។ សំខាន់ជាងនេះទៅទៀត វាជួយកាត់បន្ថយការបញ្ចេញឧស្ម័ន មេតាន (Methane) ពីការដាំដុះស្រូវ ដែលជាប្រភពដ៏សំខាន់មួយនៃឧស្ម័នផ្ទះកញ្ចក់នៅលើពិភពលោក។

គម្រោងនេះក៏នឹងបង្កើតប្រព័ន្ធសម្រាប់វាស់វែង និងផ្ទៀងផ្ទាត់បរិមាណនៃការកាត់បន្ថយការបញ្ចេញឧស្ម័ន ដើម្បីអាចបំប្លែងទៅជាឥណទានកាបូន។ វានឹងផ្តល់ឱ្យកសិករនូវប្រភពចំណូលបន្ថែមដែលមាននិរន្តរភាព ព្រមទាំងអាចជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

ក្រៅពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន គម្រោងនេះក៏មានគោលបំណងពង្រឹងជំនាញ និងចំណេះដឹងរបស់មន្ត្រីកសិកម្ម និងកសិករនៅតំបន់គោលដៅ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូររយៈពេលវែងឆ្ពោះទៅរកប្រព័ន្ធកសិកម្មប្រកបដោយចីរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ប្រទេសឡាវកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបើកឱកាសនាំចេញផលិតផលកសិកម្ម ក្រោមជំនួយទឹកប្រាក់ចំនួន៦៨,៥លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅក្នុងខេត្តចំនួនប្រាំមួយ ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ។

គម្រោងថ្មីសម្រាប់វិស័យកសិកម្មប្រកបដោយនិរន្តរភាព ដែលដំណើរការពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ នឹងផ្តោតសំខាន់លើការកែលម្អប្រព័ន្ធសន្តិសុខស្បៀង អាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុ នៅក្នុងខេត្តភាគខាងជើងចំនួនបី គឺខេត្តសាយ៉ាបូលី ផុងសាលី និងខេត្តហួផាញ ចំណែកនៅភាគខាងត្បូងវិញ មានខេត្តចំនួនបី គឺខេត្តសាលវ័ន្ត សេកុង និងខេត្តចំប៉ាសាក់ ដែលមានព្រំដែនជាប់ខេត្តស្ទឹងត្រែងរបស់ប្រទេសកម្ពុជា។

គម្រោងលើកកម្ពស់វិស័យកសិកម្មនេះទទួលបានការគាំទ្រក្រោមឥណទានប្រាក់កម្ចី និងជំនួយឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងឥណទានបៃតងរបស់សហគមន៍អឺរ៉រុប រួមជាមួយមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន គម្រោងកសិកម្មឆ្លាតវៃនេះឆ្លុះបញ្ចាំងពីតម្រូវការកាន់តែច្រើន ដើម្បីការពារប្រព័ន្ធសន្តិសុខស្បៀងឱ្យរួចពីផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ព្រមទាំងបង្កើនទិន្នផលកសិកម្ម និងសក្តានុពលសម្រាប់នាំចេញកសិផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស។

ចំណែកសហគមន៍កសិករខ្នាតតូចនឹងទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ ដើម្បីចេះសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតសំខាន់លើការដាំដុះដំណាំ ដែលផ្តល់កសិផលមានតម្លៃខ្ពស់ដូចជា ទំពាំង កាហ្វេ និងផ្លែទុរេន ដែលសាកសមនឹងតម្រូវការទីផ្សារ និងលក្ខខណ្ឌក្នុងស្រុក។

គម្រោងនេះក៏ផ្តល់ជម្រើសផ្នែកមីក្រូហិរញ្ញវត្ថុ ដែលមានតម្លៃសមរម្យ ដើម្បីជួយកសិករ និងអាជីវកម្មនៅតាមជនបទ អាចស៊ូបានក្នុងអំឡុងពេលជួបបញ្ហាអាកាសធាតុប្រែប្រួលខ្លាំង។  ចំណែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាប្រព័ន្ធធារាសាស្ត្រ និងផ្លូវតាមជនបទ នឹងត្រូវបានកែលម្អលើកកម្ពស់គុណឡើង ដើម្បីអនុញ្ញាតឱ្យសហគមន៍កសិករអាចធ្វើកសិកម្មពេញមួយឆ្នាំ និងងាយស្រួលដឹកជញ្ជូនកសិផលរបស់ខ្លួនទៅកាន់ទីផ្សារ។

ការចូលរួមរបស់សហគមន៍ និងការដាក់បញ្ចូលសមភាពយេនឌ័រ ក៏មានចំណែកដ៏សំខាន់នៃផែនការក្នុងគម្រោងនេះផងដែរ។  ទាំងបុរសទាំងស្ត្រី អាចចូលរួមជួយដឹកនាំ និងថែរក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដើម្បីធានានូវភាពជោគជ័យយូរអង្វែង និងការទទួលខុសត្រូវរួមគ្នា។

តាមរយៈ​ការ​ដោះស្រាយ​ហានិភ័យផ្នែក​អាកាសធាតុប្រែប្រួល កង្វះស្បៀង​អាហារ និង​របាំង​ពាណិជ្ជកម្ម​ គម្រោង​នេះ​ជា​ជំហាន​ដ៏​ធំ​មួយ​ក្នុង​ការ​រៀបចំ​សេដ្ឋកិច្ច​ជនបទ​របស់​ឡាវសម្រាប់​អនាគត ​ដែល​មិន​អាច​ទាយ​ទុក​មុន​បាន៕ (ផាន់ អាណា)


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ