ដោយ ផាន់ អាណា
ភ្នំពេញ៖ ដើម្បីជំរុញកាហ្វេខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក តាំង វីទ្យា (Taing Vithya) នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោលស្តា ត្រេឌីង (GOLD STAR TRADING SWISS B.I.G GmbH) មកពីប្រទេសស្វ៊ីស។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងសហការនាំចេញគ្រាប់កាហ្វេមានគុណភាពខ្ពស់របស់ក្រុហ៊ុនគិរីកាហ្វេ ទៅកាន់ទីផ្សារធំៗនៅតំបន់អឺរ៉ុប គឺប្រទេសស្វ៊ីស និងប្រទេសអ៊ីតាលី។
កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយរបស់ក្រុមហ៊ុនគិរីកាហ្វេ ក្នុងការនាំយករសជាតិកាហ្វេខ្មែរទៅកាន់ពិភពលោក និងរួមចំណែកលើកកម្ពស់ជីវភាពកសិករក្នុងស្រុកផងដែរ៕
ពាក់ព័ន្ធនឹងការប្រឹងជំរុញ ការនាំចេញផលិតផលកាហ្វេខ្មែរនេះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គិរីហាយឡែនហេរីថេក ត្រេឌីង (ម្ចាស់ម៉ាកសញ្ញា គិរីកាហ្វេ Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក ឱម វណ្ណារ៉ា (Om Vannara) ប្រធានប្រតិបត្តិនៃក្រុមហ៊ុនសហគ្រាសអាម៉េរិកាំង អង្គរ (American Angkor Enterprise និងសហាការី ដើម្បីសិក្សាស្វែងយល់អំពីកាលានុវត្តភាពអាជីវកម្ម និងរៀបចំយុទ្ធសាស្ត្រក្នុងការនាំចេញផលិតផលកាហ្វេខ្មែរ ចូលទីផ្សារសហរដ្ឋអាម៉េរិក។
ក្នុងឱកាសនោះ ក្រុមហ៊ុនទាំងពីរបានពិភាក្សាអំពីបទដ្ឋានគតិយុត្តិ ស្តង់ដារគុណភាព និងលក្ខខណ្ឌតម្រូវនានា ដើម្បីនាំយកគ្រាប់កាហ្វេរ៉ូប៊ូស្តា ១០០ភាគរយ គុណភាពខ្ពស់ ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីទឹកដីខេត្តមណ្ឌលគិរី ទៅកាន់ការចែកចាយនៅលើទីផ្សារសហរដ្ឋអាម៉េរិក។
លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ដោយក្តីសោមនស្សថា ការបានមកបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Fancy Food Show នាបុរីញូវយ៉កនេះ គឺជាឱកាសដ៏វិសេសវិសាល។ ហើយនេះជាជំហានដំបូងដ៏មានសារៈសំខាន់ ក្នុងការបើកផ្លូវឱ្យកាហ្វេខ្មែរ ដែលមានអត្តសញ្ញាណច្បាស់លាស់ “ដាំដោយខ្មែរ កែច្នៃដោយខ្មែរ និងរសជាតិខ្មែរពិតៗ” មានឱកាសបង្ហាញខ្លួននៅលើទីផ្សារសហរដ្ឋអាម៉េរិក។ កិច្ចសហការជាមួយដៃគូ ដែលមានបទពិសោធន៍ខ្ពស់ នឹងជួយជំរុញឱ្យសង្វាក់ផលិតកម្មកាហ្វេខ្មែរកាន់តែមានស្តង់ដារ និងរីកចម្រើនប្រកបដោយនិរន្តរភាព។
ជាលទ្ធផលបឋម ភាគីទាំងពីរបានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការបង្កើតភាពជាដៃគូ ដោយឯកភាពបន្តការផ្លាស់ប្តូរព័ត៌មានបច្ចេកទេស គំរូផលិតផល និងរៀបចំឯកសារគតិយុត្តិ ដើម្បីធានាឱ្យបាននូវការនាំចូលប្រកបដោយជោគជ័យ និងភាពរលូននាពេលខាងមុខ៕








