ដោយ ហៃ ស៊ីណា
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ក្រោមប្រធានបទ សមាហរណកម្មការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
វេទិកាខាងលើនេះក៏មានវត្តមានអញ្ជើញចូលរួមផងដែរពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ, ក្រុមហ៊ុនឯកជន, សមាគម,ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត។
ក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុកវេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីកិច្ចសហប្រតិបត្តិការស្អិតល្មួត រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលក្នុងការបង្កើតសហថាមពល និងការបន្ស៊ីគោលនយោបាយអន្តរស្ថាប័ន សំដៅជំរុញការអភិវឌ្ឍវិស័យឯកជន ដែលផ្ដោតជាសំខាន់លើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងភាពបត់បែន ដើម្បីធានាស្ថិរភាពអាជីវកម្ម និងជំរុញសកម្មភាពសេដ្ឋកិច្ចជាតិឲ្យមានសម្ទុះកាន់តែខ្លាំងក្លាឡើងថែមទៀត។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងបញ្ជាក់ថា ការរៀបចំនូវវេទិកាថ្នាក់ជាតិនេះឡើងក៏ជាកាតាលីករដ៏ចាំបាច់មួយក្នុងការបង្កើតនូវអេកូប្រព័ន្ធហិរញ្ញវត្ថុ (Financial Ecosystem)មួយប្រកបដោយបរិយាបន្ន តាមរយៈការតភ្ជាប់ដោយផ្ទាល់ រវាងធុរកិច្ច និងយន្តការគាំទ្រសំខាន់ៗរបស់រាជរដ្ឋាភិបាល។
បន្ថែមលើនេះវេទិកានេះក៏ដើរតួជាថ្នាលសន្ទនាបើកចំហ ក្នុងការប្រមូលធាតុចូល និងអនុសាសន៍កែលម្អនានាសំដៅពង្រឹងសហថាមពល រវាងរដ្ឋនិងវិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញប្បទានក៏ដូចជាក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាពផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ,មន្រ្តីរាជការ និងបុគ្គលិកគ្រប់កម្រិតនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ រួមមាន៖គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល,ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម,ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា,សាជីវកម្មធានាឥណទានកម្ពុជា,មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព,មូលនិធិអភិវឌ្ឍន៍ជំនាញ,សហគ្រិនខ្មែរ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”ដែលបានសហការផ្ដួចផ្ដើមរៀបចំវេទិកានេះឡើង។
ជាចុងបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់ក្រសួងនិងស្ថាប័នពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន សមាគម ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក៏ដូចជាភាគីពាក់ព័ន្ធទាំងឡាយ សូមបន្តសកម្មភាពចូលរួមជាមួយស្ថាប័នខាងលើ ដើម្បីអនុវត្ត និងការផ្សព្វផ្សាយយន្តការផ្តល់ហិរញ្ញប្បទានធុរកិច្ចឲ្យបានកាន់តែទូលំទូលាយថែមទៀត៕




















