កដ្ឋមណ្ឌូ៖ ប្រទេសនេប៉ាល់បានដាក់ចេញនូវតម្រូវការនាំចូលយ៉ាងតឹងរ៉ឹងសម្រាប់ផ្លែស្វាយស្រស់ពីប្រទេសចិន បន្ទាប់ពីការវិភាគហានិភ័យសត្វល្អិត ដែលធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងការដាក់ឱ្យនៅដាច់ពីគេ និងថ្នាំសម្លាប់សត្វល្អិត។
លក្ខខណ្ឌថ្មីនេះ បានចូលជាធរមានកាលពីសប្តាហ៍មុន ក្នុងគោលបំណងការពារច្បាប់ស្តីអំសត្វល្អិតចង្រៃ ដែលមានហានិភ័យខ្ពស់ ព្រមទាំងរក្សាការនាំចូលក្រោមលក្ខខណ្ឌតម្រូវតាមភូតគាមអនាម័យតឹងរ៉ឹង។
យោងតាមមជ្ឈមណ្ឌលនេះ បានឱ្យដឹងថា សត្វល្អិតចងករៃជាង២៧ប្រភេទ ត្រូវបានកំណត់ឈ្មោះនៅក្នុងផ្លែស្វាយរបស់ចិន។ សត្វល្អិតប្រាំបីប្រភេទត្រូវបានចុះបញ្ជីរួចហើយថា ត្រូវបានហាមឃាត់នៅក្នុងច្បាស់របស់នេប៉ាល់ព្រោះវាបង្កហានិភ័យធ្ងន់ធ្ងរ ចំណែកសត្វល្អិត១៩ប្រភេទផ្សេងទៀត ត្រូវបានកំណត់អត្តសញ្ញាណថា ជាសត្វល្អិតបង្កហានិភ័យថ្មី។ តម្រូវការភូតគាមអនាម័យស្រដៀងគ្នានេះ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់ការនាំចូលផ្លែចេក ផ្កាខាត់ណា ផ្លែប័រ គ្រាប់អាល់ម៉ុន និងផ្លែឪឡឹក។
មន្ត្រីនេប៉ាល់បាននិយាយថា វិធានការនេះមិនមែនជាការហាមឃាត់ការនាំចូលទេ ប៉ុន្តែមានគោលបំណងធានាថាផលិតផលនាំចូលត្រូវតែបំពេញតាមស្តង់ដារស្តីពីជីវសុវត្ថិភាពរបស់ប្រទេសនេប៉ាល់។ ប្រទេសនាំចេញត្រូវតែផ្តល់វិញ្ញាបនបត្រអនាម័យ ដែលបញ្ជាក់ថា ការដឹកជញ្ជូនបានអនុលោមតាមតម្រូវការនាំចូលរបស់ប្រទេសនេប៉ាល់ ហើយមិនមានសត្វល្អិត ដែលត្រូវបានកំណត់នៅក្នុងច្បាប់។
ការវិភាគហានិភ័យសត្វល្អិតរបស់នេប៉ាល់ បានវាយតម្លៃថា តើសត្វល្អិតទាំងនេះធ្លាប់មាននៅក្នុងប្រទេសនាំចេញឬទេ ចំណែកសមត្ថភាពរបស់សត្វល្អិតអាចឆ្លងរាលដាលនៅក្នុងស្រុក និងបង្កផលប៉ះពាល់សេដ្ឋកិច្ច និងបរិស្ថានដែរឬទេ។
មជ្ឈមណ្ឌលគ្រប់គ្រងចត្តាឡីស័កដំណាំ និងថ្នាំសម្លាប់សត្វល្អិត របស់ប្រទេសនេប៉ាល់ បានបញ្ចប់ការវិភាគហានិភ័យលើកសិផលនាំចូលពីបរទេសប្រមាណពី៤០០ ទៅ៥០០មុខ ហើយការវាយតម្លៃបន្ត។
ពាក្យស្នើសុំនាំចូលត្រូវបានដំណើរការតាមរយៈប្រព័ន្ធច្រកចេញចូលតែមួយ របស់ប្រទេសនេប៉ាល់។ ការដឹកជញ្ជូនត្រូវឆ្លងកាត់ការត្រួតពិនិត្យរាងកាយ និងការយកគំរូនៅតាមច្រកព្រំដែន ដោយការធ្វើតេស្តមន្ទីរពិសោធន៍ត្រូវបានអនុវត្តនៅកន្លែងកំណត់ច្បាស់លាស់។ ការដឹកជញ្ជូនណាមួយ ដែលត្រូវាបនរកឃើញថា មានសត្វល្អិតចង្រៃដូចច្បាប់បានហាម ត្រូវតែប្រគល់ទៅប្រភពដើមញ ឬបំផ្លាញស្របតាមច្បាប់របស់ជាតិ។
កាលពីដើមខែមិថុនា ឆ្នាំ២០២៦នេះ ប្រទេសនេប៉ាល់ក៏បានដាក់កម្រិតលើការនាំចូលផ្លែស្វាយពីប្រទេសឥណ្ឌា ដោយសារតែផ្លែស្វាយឥណ្ឌាជាប់សង្ស័យថា មានសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត ហើយប្រទេសនេប៉ាល់ខ្វះកន្លែងនៅតាមព្រំដែនសម្រាប់ដាក់ផ្លែស្វាយនាំចូលឱ្យនៅដាច់ពីគេ នៅតាមតំបន់ព្រំដែន ដែលភាគច្រើននៅក្នុងខេត្តមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា។
នៅក្នុងប្រទេសនេប៉ាល់ ផ្លែស្វាយត្រូវប្រមូលផលរៀងរាល់ឆ្នាំ នៅចន្លោះពាក់កណ្តាលខែឧសភា និងពាក់កណ្តាលខែកក្កដា។ ការដាក់កម្រិតមិនឱ្យនាំចូលនេះ ក៏អាចប៉ះពាល់ដល់ឧស្សាហកម្មកែច្នៃទឹកផ្លែឈើមួយចំនួនផងដែរ ដែលពឹងផ្អែកលើផ្លែស្វាយនាំចូលពីកៅប្រទេស។
យោងតាមឈ្មួញក្នុងប្រទេសនេប៉ាល់ បានឱ្យដឹងថា ការនាំចូលផ្លែស្វាយស្រស់ពីបរទេស គឺមានសារៈសំខាន់ ដើម្បីបំពេញតម្រូវការផ្លែឈើសម្រាប់បម្រើដល់សង្វាក់ផលិតកម្មឱ្យបានពេញមួយឆ្នាំ ស្របពេលផលិតផ្លែស្វាយរបស់ប្រទេសនេប៉ាល់ អាចបំពេញតម្រូងការរបស់រោងចក្រកែច្នៃបានត្រឹមតែពីរខែប៉ុណ្ណោះ។
ក្រុមឈ្មួញនាំចូលផ្លែឈើបានព្រមានថា នាពេលបច្ចុប្បន្ននេះ ផ្លែស្វាយអាចលក់នៅតាមផ្សារក្នុងទីក្រុងកដ្ឋមណ្ឌូ ក្នុងតម្លៃប្រហែលពី០,៦៥ដុល្លារ ទៅ០,៩៨ដុល្លារ ក្នុងមួយគីឡូក្រាម ប៉ុន្តែ អាចនឹងឡើងថ្លៃកាន់តែខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើការដាក់កម្រិតលើការនាំចូលផ្លែស្វាយពីបរទេសមិនត្រូវបានលុបចោលវិញទេ។
អាជីវករក្នុងស្រុកបានលើកឧទាហរណ៍ជាក់ស្តែងថា កាលពីពេលថ្មីៗកន្លេងមកនេះ ដោយសារតែការបញ្ឈប់ឱ្យនាំចូលផ្លែចេកពីប្រទេសឥណ្ឌា ដែលធ្លាប់មានតម្លៃប្រហែលពី០,៧៩ដុល្លារ ទៅ០,៩៨ដុល្លារ ក្នុងផ្លែចេកមួយឡូដ៍ ឥឡូវនេះបានឡើងថ្លៃរហូតដល់ប្រហែល១,៦៤ដុល្លារ ទៅ១,៩៦ដុល្លារ ក្នុងផ្លែចេកមួយឡូដ៍៕ (ផាន់ អាណា)










