ដោយ នៅ ស៊ីវុត្ថា
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ជូនកសិករនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំងថា ការធ្វើកសិកម្មមិនងាយស្រួលនោះទេ ដែលទាមទារឱ្យកសិករត្រូវមានការខិតខំប្រឹងប្រែង ហើយត្រូវចេះគ្រប់គ្រងថ្លៃដើមផលិត បច្ចេកទេស និងរកទីផ្សារជាមុនសិន ទើបធ្វើស្រែមិនខាត និងបានផលចំណេញ។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករប្រមាណ៣០០នាក់ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឱ្យអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកជលគិរី អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចូលរួមក្នុងសមាគមបណ្តាញកសិករតេជោ ការអភិវឌ្ឍផលិតកម្មកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងកសិករ បច្ចេកទេស ហិរញ្ញប្បទាន និងទីផ្សារ និងណែនាំឱ្យស្គាល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ថា ការធ្វើកសិកម្មមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែទាមទារឱ្យមានការខិតខំប្រឹងប្រែង ការគ្រប់គ្រងថ្លៃដើម ការអនុវត្តតាមបច្ចេកទេស និងការគិតគូរពីទីផ្សារជាមុន ដើម្បីធានាថា ការផលិតទទួលបានប្រាក់ចំណេញ និងអាចលើកកម្ពស់ជីវភាពគ្រួសារបានប្រកបដោយចីរភាព។
ពាក់ព័ន្ធ និងផលប៉ះពាល់នៃបាតុភូតអែលនីញ៉ូវិញ ឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកថា ប្រទេសមួយចំនួននៅតំបន់អាហ្វ្រិកបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈបណ្តាប្រទេសនៅអឺរ៉ុប រួមទាំងប្រទេសបារាំង ក៏បានជួបប្រទះរលកកម្តៅ ដែលបណ្តាលឱ្យមានអ្នកស្លាប់ដែរ ដូចជាប្រទេសម៉ាឡេស៊ី កំពុងបង្កើនការបញ្ជាទិញស្រូវ និងអង្ករ ដើម្បីធានាថា មានស្បៀងអាហារគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងករណីបាតុភូតអាកាសធាតុខ្លាំងនេះ អូសបន្លាយរយៈពេលយូរ។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យកសិករផលិតដោយមានការទទួលខុសត្រូវ និងស្មោះត្រង់ ដោយមិនត្រូវប្រើប្រាស់សារធាតុគីមី ឬបាញ់ថ្នាំជំរុញឱ្យដំណាំឆាប់ទុំ ដែលអាចប៉ះពាល់ដល់គុណភាព សុវត្ថិភាពចំណីអាហារ និងកេរ្តិ៍ឈ្មោះកសិផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ។
ហេតុដូច្នេះហើយ សូមប្រជាកសិករតាមដានការព្យាករណ៍អាកាសធាតុដែលចេញផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយមជាប្រចាំ ព្រមទាំងត្រៀមប្រភពទឹក និងបូមទឹកបញ្ចូលស្រែឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាតដំណាំ ដែលអាចកើតមានឡើង ដោយសារគ្រោះរាំងស្ងួតនិងការប្រែប្រួលអាកាសធាតុ៕












