ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍បញ្ជាក់ថា ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño)បង្កផលប៉ះពាល់មកកម្ពុជា ហើយក្រសួងបានត្រៀមម៉ាស៊ីនបូមទឹកចំនួន១១៥គ្រឿង ដើម្បីធ្វើអន្តរាគមន៍បន្ទាន់នៅតាមតំបន់ ដែលប្រឈមនឹងបញ្ហាខ្វះទឹក និងរាំងស្ងួត ព្រមទាំងមានម៉ាស៊ីនបូមទឹកតាមបណ្តាខេត្តជាង ៤០០គ្រឿងបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា បាតុភូតអែលនីញ៉ូបានបង្កផលប៉ះពាល់យ៉ាងខ្លាំងទាំងក្នុងតំបន់ និងនៅកម្ពុជា។ តាមការសិក្សាស្រាវជ្រាវរបស់ក្រុមការងារជំនាញរបស់ក្រសួង បាតុភូតនេះអាចធ្វើឱ្យសីតុណ្ហភាពកើនឡើងប្រមាណពីរអង្សាសេ លើសពីកម្រិតមធ្យមប្រចាំឆ្នាំ និងអាចបន្តអូសបន្លាយរយៈពេលពីមួយខែ ដល់មួយខែកន្លះ។
ពាក់ព័ន្ធនឹងស្ថានភាពនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានសហការជាមួយអង្គការឧត្តុនិយមពិភពលោក (WMO) ដើម្បីផ្សព្វផ្សាយ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់បំផុត។ ឥទ្ធិពលនៃបាតុភូតនេះអាចបន្តអូសបន្លាយរយៈពេលយូរ និងអាចបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម ការផ្គត់ផ្គង់ទឹក សុខភាពសាធារណៈ និងសង្គមទាំងមូល។
ជាមួយគ្នានេះ ក្រសួងក៏បានយកចិត្តទុកដាក់ក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធសារទូរស័ព្ទ និងមធ្យោបាយផ្សេងៗ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋនៅតំបន់ងាយរងគ្រោះ និងតំបន់អាចទទួលរងផលប៉ះពាល់ឱ្យបានត្រៀមលក្ខណៈ និងចាត់វិធានការបង្ការជាមុន។
របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ស្ថានភាពគ្រោះរាំងស្ងួតលើដំណាំកសិកម្មរដូវវស្សា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ គ្រោះរាំងស្ងួតបានប៉ះពាល់លើខេត្តប្រាំពីរ រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ សៀមរាប រតនគិរី កំពង់ចាម និងខេត្តពោធិ៍សាត់ ដែលធ្វើឱ្យប៉ះពាល់ដំណាំកសិកម្មសរុបចំនួន១១៥ ៩២១ហិកតា ស្មើនឹង៣,៥៩ភាគរយនៃផ្ទៃដីអនុវត្តទូទាំងប្រទេស ក្នុងនោះដំណាំស្រូវប៉ះពាល់ចំនួន១០៨ ៦៦៤ហិកតា ខូចខាតចំនួន២៥ហិកតា និងដំណាំស្បៀងរួមផ្សំ និងដំណាំទ្រទ្រង់សេដ្ឋកិច្ច ប៉ះពាល់ចំនួន៧ ២៥៧ហិកតា ខូចខាត ចំនួន២៣១ហិកតា៕


















