ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីបាននាំចូលជ្រូករស់ចំនួន៥៤៦ក្បាល ពីប្រទេសដាណឺម៉ាក ដែលជាពូជដើម ឬពូជឈាមសុទ្ធសម្រាប់បង្កាត់ពូជជាមួយជ្រូកក្នុងស្រុក ដើម្បីបង្កើនចំនួនពូជជ្រូកឡើងវិញ បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក កាលពីឆ្នាំ២០១៩។
យោងតាមលោក សៅឡាន ស៊ីណាហ្គា (Sauland Sinaga) ប្រធានសមាគមចិញ្ចឹមសត្វឥណ្ឌូណេស៊ី បានឱ្យដឹងទៀតថា ប្រទេសឥណ្ឌូណេស៊ីបានបាត់បង់ជ្រូកអស់ប្រហែលបួនលានក្បាល ក្នុងមួយឆ្នាំ ដែលស្មើនឹងប្រហែល៤០០ ០០០ជ្រូកពូជ ចាប់តាំងពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលលធ្វើឱ្យខ្វះពូជ និងខ្វះសាច់ជ្រូក។
លោកប្រធានសមាគម បាននិយាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ថា “នេះជាលើកទីមួយហើយ ដែលប្រទេសឥណ្ឌូណេស៊ីនាំចូលជ្រូករស់ពីប្រទេសដាណឺម៉ាក។ វាគឺជាជំហានវិជ្ជមានក្នុងការស្តារចំនួនជ្រូកពូជឡើងវិញ បន្ទាប់ពីកើតជំងឺប៉េស្តជ្រូកអាហ្វ្រិក។”
លោកបាននិយាយថា ការនាំចូលនេះតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលឥណ្ឌូណេស៊ី និងរដ្ឋាភិបាលដាណឺម៉ាក ដោយមានការចូលរួមពីវិស័យឯកជនក្នុងការទិញជ្រូកមកបង្កាត់ពូជ។
លោកបានបញ្ជាក់បន្ថែមថា ពូជជ្រូកនាំចូលទាំងអស់បានឆ្លងកាត់នីតិវិធីត្រួតពិនិត្យសុខភាពយ៉ាងតឹងរ៉ឹង ហើយត្រូវបានបញ្ជាក់ថា គ្មានជំងឺអ្វីឡើយ។ ចំណែកអាជ្ញាធរបសុពេទ្យដាណឺម៉ាក ក៏បានត្រួតពិនិត្យ ខណៈមន្ត្រីចត្តាឡីស័កឥណ្ឌូណេស៊ី បានបំពេញបែបបទឯកសារ និងការត្រួតពិនិត្យជាក់ស្តែងលើសុខភាពជ្រូក។
លោកប្រធានសមាគមបានលើកឡើងទៀតថា ប្រទេសដាណឺម៉ាក ជាអ្នកផលិតហ្សែនជ្រូកមានគុណភាពខ្ពស់។ សត្វជ្រូកនាំចូល គឺមានស្តង់ដារសុវត្ថិភាពជីវសាស្រ្តខ្ពស់ណាស់ ឆាប់បង្កើតកូន និងមិនសូវរើសចំណី ហើយសាច់មានគុណភាពល្អ។
លោកបានមានប្រសាសន៍ថា ការរួមបញ្ចូលគ្នានៃហ្សែនពូជជ្រូកក្នុងស្រុក (Landrace) និងពូជយ៉កសៀ (Yorkshire) គឺជាជម្រើសដ៏ល្អបំផុតសម្រាប់បង្កើនចំនួនជ្រូករបស់ប្រទេសឥណ្ឌូណេស៊ីឡើងវិញ។ ការបង្កើនចំនួនជ្រូកឡើងវិញ តាមរយៈការបង្កាត់ពូជថ្មី ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវផលិតកម្មកសិដ្ឋានចិញ្ចឹមជ្រូក។
លោកបាននិយាយថា ការបង្កាត់ពូជជ្រូកនៅប្រទេសឥណ្ឌូណេស៊ី បច្ចុប្បន្នមេជ្រូកមួយក្បាល ជាមធ្យមបង្កើតកូនត្រឹមតែប្រាំបីក្បាលប៉ុណ្ណោះ ខណៈពេលពូជជ្រូកបង្កាត់គ្នារវាងពូជក្នុងស្រុក និងពូជយ៉កសៀ (Landrace-Yorkshire) អាចបង្កើតកូនជ្រូកបានរហូតដល់១៤ក្បាល ក្នុងមេជ្រូកមួយក្បាល។
លោកបានបន្ថែមថា ប្រសិនបើមេជ្រូកអាចបង្កើតកូនបានច្រើន កសិករក៏អាចរកប្រាក់ចំណូលបានកាន់តែច្រើន ផង ព្រមទាំងអាចបំពេញតម្រូវការជ្រូកពូជនៅតាមតំបន់ផ្សេងៗគ្នា។
លោក សៅឡាន ស៊ីណាហ្គា ក៏បានច្រានចោលការព្រួយបារម្ភថា ការនាំចូលជ្រូកពូជរបស់ដាណឺម៉ាក អាចនាំឱ្យមានការអនុវត្តផ្តាច់មុខ ដោយលើកហេតុផលថា ជ្រូកចំនួន៥៤៦ក្បាល គឺចំណែកដ៏តូចមួយនៃតម្រូវការក្នុងស្រុកដ៏ច្រើនរបស់ប្រទេសឥណ្ឌូណេស៊ី។ ជ្រូកពូជទាំង៥៤៦ក្បាល បានដឹកមកដល់អាកាសយានដ្ឋាន ក្នុងទីក្រុងម៉ាណាដូ (Manado) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ ចំណែកមន្ត្រីចត្តាឡីស័ក បានត្រួតពិនិត្យមើលឯកសារ និងសុខភាព ជ្រូក បន្ទាប់មកទៀត ទើបដឹកជញ្ជូនតាមរថយន្តទៅកាន់កន្លែងធ្វើចត្តាឡីស័កសត្វ ដើម្បីអង្កេត និងធ្វើតេស្តនៅមន្ទីរពិសោធន៍បន្ថែមទៀត។
មុនពេលចេញដំណើរមកកាន់ប្រទេសឥណ្ឌូណេស៊ី សត្វជ្រូកទាំងអស់ក៏បានឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល២០ថ្ងៃ នៅប្រទេសដាណឺម៉ាក ដើម្បីស្របតាមនីតិវិធីគ្រប់គ្រងជំងឺសត្វ។
សូមរំឭកថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋាភិបាលបានប្រកាសអំពីផែនការនាំចូលពូជមាន់ ជាពូជដើម ឬពូជឈាម (Grandparent Stock) ចំនួន៥៨០ ០០០ក្បាល ពីសហរដ្ឋអាម៉េរិក ដែលមានតម្លៃប្រហែល២០លានដុល្លារ។ការនាំចូលពូជមាន់អាម៉េរិកទាំងនោះ ក្នុងគោលបំណងបំពេញតម្រូវការក្នុងស្រុកសម្រាប់ពូជមាន់ល្អ ដែលមិនទាន់មាននៅក្នុងប្រទេសឥណ្ឌូណេស៊ី៕ (ផាន់ អាណា)








