ដោយ រស្មី
ភ្នំពេញ៖ បាតុភូតអាកាសធាតុអែលនីញ៉ូ ឆ្នាំ២០២៦ ដែលអាចបង្កឱ្យសីតុណ្ហភាពភពផែនដីឱ្យហក់ឡើងក្តៅបំផុតមិនធ្លាប់មាន នោតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក ក្នុងនេះប្រទេសកម្ពុជាក៏កំពុងទទួលរងប៉ះពាល់បផងដែរ។
ជុំវិញបញ្ហាបាតុភូតមហាអែលនីញ៉ូ (Super El Niño)លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជាបានបញ្ជាក់ប្រាប់ ARDB TVថា ពេលនេះអាកាសធាតុក្តៅបានកំពុងបង្កឱ្យមានកម្ដៅឡើងខ្ពស់ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ទិន្នផល និងគុណភាពកាហ្វេរបស់ប្រទេសកម្ពុជា។
ប្រធានសមាគមន៍កាហ្វេកម្ពុជា បានលើកឡើងដោយបញ្ជាក់ថា បើទោះបីខែកក្កដា ឆ្នាំ២០២៦នេះ ជារដូវវស្សាពិតមែន ប៉ុន្តែអាកាសធាតុក្តៅខ្លាំងនៅតាមតំបន់ខ្លះអត់មានភ្លៀងធ្លាក់ បានធ្វើឱ្យដំណាំកូនកាហ្វេរបស់កសិករ ដែលទើបដាំថ្មីៗងាប់ជាបន្តបន្ទាប់។ ជាក់ស្តែងចម្ការកាហ្វេរបស់លោកផ្ទាល់បានងាប់រហូតដល់ប្រហែល៣០ភាគរយ។ លោកគិតថា ជាខែវស្សាមិនបាច់ពិបាកស្រោចទឹក តែពេលនេះកូនកាហ្វេរបស់លោកចាប់ផ្តើមងាប់ និងស្វិតស្លឹកឈប់លូតលាស់។
ទាក់ទងទៅនឹងការដាំការដាំកាហ្វេ ក្នុងឆ្នាំ២០២៦នេះដែរ លោក ឌុក ពិសិដ្ឋ បានឱ្យដឹងថា ទោះបីអាកាសធាតុក្តៅ តែបើគិតពីអត្រាកសិករដាំកាហ្វេនៅតែមានសន្ទុះច្រើន ហេតុនេះលោកចង់ឱ្យមានការប្រុងប្រយ័ត្នចំពោះការដាំកូនការហ្វេនាពេលនេះ ចាំបាច់ត្រូវតែថែទាំទឺកឱ្យបានដិតដល់ និងបើមានការដាំកាហ្វេថ្មីត្រូវតែមានប្រភពទឹក និងរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានត្រឹមត្រូវមិនអាចធ្វេសប្រហែសបានទេ។ បើគ្មានប្រភពទឹកទេ លោកណែនាំកុំឱ្យដាំដាច់ខាតពីព្រោះវាប្រឈមនឹងការខាតបង់កូនកាហ្វេនឹងងាប់ ឬរួញខ្លោចស្លឹក មិនលូតលាស់ឡើយ។ ក្រៅពីនេះកសិករចាំបាច់ត្រូវតែសាងសង់ និងពង្រីកអាងស្តុកទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាខ្វះខាត។
លោកបានឱ្យដឹងបន្ថែមថា ដំណាំកាហ្វេនៅទូទាំងប្រទេស នាឆ្នាំ២០២៦នេះ ស្ថិតនៅក្នុងរង្វង់៦០០ ទៅ៨០០ហិកតា។ ទោះបីក្នុងបរិមាណកាហ្វេដាំច្រើនក៏ដោយ ក៏ការផ្គត់ផ្គង់លើទីផ្សារគេឃើញថា នៅមិនទាន់គ្រប់គ្រាន់នៅឡើយដែរ ដូច្នេះចាំបាច់ត្រូវពឹងផ្អែកលើការនាំចូលពីបរទេស។
លោក ឌុក ពិសិដ្ឋ បានឱ្យដឹងបន្ថែមថា គិតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២៦នេះ ទំហំផ្ទៃដីដាំកាហ្វេបានកើនឡើងដល់ជិត១ ០០០ហិកតា នៅក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ ក្រៅពីនេះនៅតំបន់ផ្សេងៗទៀត ដូចជាអូរសោម ខេត្តពោធិ៍សាត់ កោះកុង ប៉ៃលិន ត្បូងឃ្មុំ និងខេត្តកំពង់ចាម ក៏មានដាំផងដែរ។
គួរបញ្ជាក់ថា ពូជកាហ្វេ ដែលពលរដ្ឋពេញនិយមដាំនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ជាពិសេស នៅខេត្តមណ្ឌលគិរី មានបីប្រភេទ ក្នុងចំណោមនេះមានពីរប្រភេទ គេដាំជាអាជីព ដូចជាពូជ រ៉ូប៊ូស្តា (Robusta) និងពូជអារ៉ាប៊ីកា (Arabica)។ ចំណេកមួយប្រភេទទៀត មានឈ្មោះ អ៊ិចស៊ែលសា (Excelsa) ដែលនៅសេសសល់ពីជំនាន់បារាំង៕








