ភ្នំពេញ៖ តបតាមការអំពាវនាវដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកក្រោមឱវាទបានដើរ២ ៧០០ជំហាន ដើម្បីគន្ធបុប្ផា នៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ។
នៅរសៀលនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាក៏បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមាណ១ ៥០០នាក់ ដើរ២ ៧០០ជំហាន នៅពហុកីឡដ្ឋានមរតកតេជោ។
សូមរំលឹកថា នេះជាព្រឹត្តិការណ៍លើកទី១ របស់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចំាអគ្គនាយកដ្ឋាន និងអង្គភាពនានានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នមួយចំនួនទៀត ក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងគាំទ្រ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។
ការរៀបចំពិធីដើរនេះ ស្របតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីបើក “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ និងពិធី “សំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត” កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
សូមជម្រាបជូនថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ដែលបានចូលរួមប្រចាំខែសរុបចំនួន៣៩៤នាក់ បរិច្ចាគក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ តាមរយៈពិធីដើរ២ ៧០០ជំហាន ដើម្បីគន្ធបុប្ផាចំនួន៤៨ ៤១៥ ០៣៦រៀល និងចំនួន១០៩ ០០១ដុល្លារអាម៉េរិក៕












