ណៃពីដោ៖ សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មភូមា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានឯកភាពគ្នាបង្កើតក្រុមការងារការពារតម្លៃទំនិញ និងសេវាកម្មចាំបាច់ ឱ្យមានតម្លៃសមរម្យ ព្រមទាំងមានរក្សាស្ថិរភាពទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។
ក្រុមរក្សាស្ថិរភាពតម្លៃស្បៀងអាហារនេះ មានគោលបំណងធានាសន្តិសុខស្បៀង សម្រួលឱ្យអ្នកប្រើប្រាស់ទទួលបានទំនិញចាំបាច់ និងរក្សាស្ថិរភាពតម្លៃទីផ្សារ សម្រាប់វិស័យស្រូវអង្ករ សណ្តែក ប្រេងឆា ការចិញ្ចឹមសត្វ និងការផលិតចំណីសត្វ។ ក្រុមដដែលនេះ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត រួមមានការលំបាកក្នុងការទទួលបានប្រាក់កម្ចីពីធនាគារ និងទុនបង្វិលសម្រាប់ប្រតិបត្តិការអាជីវកម្ម ព្រមទាំងការចំណាយខ្ពស់លើការដឹកជញ្ជូន។
អ្នកចូលរួមក៏បានពិភាក្សាអំពីការជំរុញផលិតកម្មកសិកម្ម ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជីវកម្មក្នុងវិស័យកសិកម្ម និងការចិញ្ចឹមសត្វ ការបង្កើនការនាំចេញផលិតផលកសិកម្ម ការរៀបចំមធ្យោបាយផ្គត់ផ្គង់សម្រាប់ការនាំចេញ និងការអភិវឌ្ឍប្រព័ន្ធឥណទានខ្នាតតូច សម្រាប់វិស័យកសិកម្ម និងការចិញ្ចឹមសត្វ។
យោងតាមសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មភូមា បានឱ្យដឹងទៀតថា បញ្ហាប្រឈមរបស់វិស័យឯកជននឹងត្រូវប្រមូលចងក្រងដោយមានភស្តុតាងច្បាស់លាស់ ដើម្បីដាក់ជូនស្ថាប័នពាក់ព័ន្ធ។ លើសពីនេះ អនុសាសន៍គោលនយោបាយសម្រាប់រក្សាស្ថិរភាពទីផ្សារ និងអត្រាប្តូរប្រាក់ នឹងត្រូវដាក់តាមរយៈការឆ្លើយតបរួមគ្នា។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មភូមា ដើរតួជាអ្នកជួយម្ចាស់អាជីវកម្ម ក្នុងដោះស្រាយការលំបាកនានា តាមរយៈការសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។
ចំណែកមន្ត្រីពាណិជ្ជកម្មភូមា ដែលបម្រើការនៅក្រៅប្រទេស ត្រូវជួយដល់សហគ្រាសក្នុងស្រុក អំពីទីផ្សារបរទេសដ៏មានសក្តានុពលសម្រាប់ផលិតផលរបស់សហគ្រាសមីក្រូ តូច និងមធ្យម ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ។
រីឯសហគ្រិនក្នុងវិស័យសិប្បកម្ម ផលិតផលម្ហូបអាហារ និងទំនិញប្រើប្រាស់ ត្រូវបង្ហាញអំពីស្ថានភាពផលិតកម្មបច្ចុប្បន្ន ការទទួលបានទីផ្សារបរទេស សមត្ថភាពនាំចេញ និងបញ្ហាប្រឈមក្នុងអាជីវកម្មរបស់ខ្លួន
បង្កើតបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងនានា មន្ត្រីពាណិជ្ជកម្មនៅក្រៅប្រទេស សមាគមពាណិជ្ជកម្ម និងសហគ្រិនក្នុងវិស័យសហគ្រាសមីក្រូ តូច និងមធ្យម ដែលអាចរួមចំណែកដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើនការនាំចេញទំនិញកសិផលទៅកាន់ទីផ្សារក្រៅប្រទេស៕ (ផាន់ អាណា)







