ម៉ានីល៖ ប្រធានគណៈកម្មាធិការព្រឹទ្ធសភាហ្វីលីពីន ទទួលបន្ទុកផ្នែកកសិកម្ម ស្បៀងអាហារ និងកំណែទម្រង់ដីធ្លី បានស្នើឱ្យមានការស៊ើបអង្កេតលើបញ្ហាធ្លាក់ចុះតម្លៃជ្រូក និងមាន់រស់ នៅតាមកសិដ្ឋាន ខណៈថ្លៃដើមផលិតកម្ម និងចំណាយលើចំណីសត្វកំពុងកើនឡើង។
កាលពីសប្ដាហ៍មុន សមាជិកព្រឹទ្ធសភា លោក គីកូ ប៉ាងហ្គីលីណាន់ (Kiko Pangilinan) បានដាក់សេចក្ដីសម្រេចមួយទៅព្រឹទ្ធសភា ដើម្បីឱ្យគណៈកម្មាធិការរបស់លោកបើកការស៊ើបអង្កេត និងស្វែងរកវិធានការការពារប្រាក់ចំណេញរបស់កសិករក្នុងស្រុក ព្រមទាំងធានាការផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយចីរភាព។
លោកបានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចថា «ការបន្តធ្លាក់ចុះនៃតម្លៃលក់សត្វនៅតាមកសិដ្ឋាន ស្របពេលថ្លៃដើមផលិតកម្មនៅតែខ្ពស់ អាចបង្ខំឱ្យអ្នកចិញ្ចឹមជ្រូក និងចិញ្ចឹមមាន់ ជាពិសេសកសិករខ្នាតតូច និងអ្នកចិញ្ចឹមតាមគ្រួសារ កាត់បន្ថយផលិតកម្ម ឬបោះបង់អាជីវកម្មចិញ្ចឹមសត្វតែម្តង។ ស្ថានភាពនេះនឹងធ្វើឱ្យប្រទេសកាន់តែពឹងផ្អែកលើការនាំចូល និងប៉ះពាល់ដល់សន្តិសុខស្បៀងរយៈពេលវែង»។
លោកបានដាក់សេចក្ដីសម្រេចនេះ បន្ទាប់ពីមានរបាយការណ៍របស់ក្រសួងកសិកម្ម ដែលបង្ហាញថា តម្លៃជ្រូករស់នៅតំបន់មួយចំនួនបានធ្លាក់ចុះមកនៅត្រឹម២,៥ដុល្លារ ក្នុងមួយគីឡូក្រាម ទាបជាងតម្លៃអប្បបរមា៣,៥ដុល្លារ ក្នុងមួយគីឡូក្រាម ដែលកំណត់ដោយក្រសួង និងក្រុមអង្គការតំណាងឧស្សាហកម្មចិញ្ចឹមជ្រូក។
ដោយយោងតាមតំណាងក្រុមអ្នកចិញ្ចឹមជ្រូក លោក គីកូ ប៉ាងហ្គីលីណាន់ បានលើកឡើងថា ថ្លៃដើមផលិតកម្មជ្រូករស់ស្ថិតនៅប្រមាណ៣ដុល្លារក្នុងមួយគីឡូក្រាម កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។
ចំណែកអ្នកចិញ្ចឹមមាន់ក៏កំពុងប្រឈមនឹងការលំបាកដូចគ្នា ដោយតម្លៃលក់មាន់រស់បានធ្លាក់ចុះដល់កម្រិតទាបត្រឹម១ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីខែមេសា ឆ្នាំ២០២៦ ទោះបីចំណាយលើការចិញ្ចឹមកូនមាន់កំពុងកើនឡើងក៏ដោយ។ យោងតាមសមាគមអ្នកចិញ្ចឹមមាន់សាច់ បានឱ្យដឹងថា ស្ថានភាពនេះបណ្ដាលមកពីតម្រូវការទីផ្សារខ្សោយ និងការផ្គត់ផ្គង់លើសតម្រូវការ។
លោកសមាជិកព្រឹទ្ធសភា ក៏បានកត់សម្គាល់ផងដែរថា ការផ្ទុះជំងឺឆ្លង និងការប្រកួតប្រជែងពីផលិតផលនាំចូល គឺជាកត្តា ដែលកំពុងប៉ះពាល់ដល់ឧស្សាហកម្មចិញ្ចឹមមាន់ និងជ្រូករបស់ប្រទេសហ្វីលីពីន៕ (ផាន់ អាណា)










