វៀងចន្ទន៍៖ ជំងឺប៉េសជ្រូកអាហ្វ្រិក ដែលឆ្លងរាលដាលនៅក្នុងខេត្តចំនួន៧ នាពេលថ្មីៗកន្លងមកនេះ នៅក្នុងប្រទេសឡាវ បានសម្លាប់សត្វជ្រូកចិញ្ចឹមអស់ជាង១៤ ០០០ក្បាល និងបង្កការខាតបង់ផ្នែកហិរញ្ញវត្ថុជាង២,៥លានដុល្លារ ត្រឹមក្នុងរយៈពេលដ៏ខ្លី។
ក្រសួងកសិកម្ម និងបរិស្ថានឡាវ បានចេញផែនការមួយ ដែលកំណត់វិធានការប្រយុទ្ធប្រឆាំង បង្ការ និងកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលកំពុងប៉ះពាល់ដល់តំបន់មួយចំនួននៅទូទាំងប្រទេសឡាវ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីចុងខែកញ្ញា ឆ្នាំ២០២៦នេះ លោក បួហុង ខាំហា (Bouahong Khamha) អគ្គនាយកនៃនាយកដ្ឋានបសុសត្វ និងជលផលរបស់ឡាវ បានឱ្យដឹងថា កសិករនៅក្នុង៧រដ្ឋធានីខេត្តចំនួន៧ និងស្រុកចំនួន៩១ ទូទាំងប្រទេសឡាវ បានបាត់បង់សត្វជ្រូកអស់ជាង១៤ ០០០ក្បាល និងខាតបង់ផ្នែកហិរញ្ញវត្ថុជាង២,៥ លានដុល្លារ។
រដ្ឋធានីខេត្តខាងលើនេះ មានខេត្តផុងសាលី សៃយ៉ាបរី សៃសំបូន ហួផាន់ ខេត្តឧដុមសៃ ហ្លួងព្រះបាង និងរដ្ឋធានីវៀងចន្ទន៍។
ក្នុងចំណោមជ្រូក ដែលបាត់បង់ទាំងអស់ ជ្រូកជាង១០ ០០០ក្បាលបានងាប់ដោយសារជំងឺឆ្លង ចំណែកជ្រូកជិត៤ ០០០ក្បាលទៀត ត្រូវបានសម្លាប់តាមនីតិវិធីបច្ចេកទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែម។
លោក បួហុង ខាំហា បានមានប្រសាសន៍ថា មន្ត្រីគ្រប់លំដាប់ថ្នាក់កំពុងតាមដានការផ្ទុះឡើងនៃជំងឺនេះយ៉ាងដិតដល់ និងអនុវត្តវិធានការនានា ដើម្បីរកឃើញជំងឺឱ្យបានឆាប់ បង្ការ និងទប់ស្កាត់ការរីករាលដាល។
លោកបានបញ្ជាក់ថា ទោះបីការផ្ទុះឡើងនៃជំងឺនេះកំពុងថមថយបន្តិចម្តងៗក៏ដោយ ក៏ស្ថានការណ៍មិនទាន់ត្រូវបានគ្រប់គ្រងទាំងស្រុងនៅឡើយទេ។ លោកបានអំពាវនាវឱ្យអាជ្ញាធរ កសិករ អាជីវករ និងសាធារណជន បន្តតាមដានការវិវត្តនៃស្ថានការណ៍ និងគោរពតាមវិធានការគ្រប់គ្រងជំងឺរបស់រដ្ឋាភិបាលឡាវ ឱ្យបានម៉ឺងម៉ាត់បំផុត៕ (ផាន់ អាណា)







