អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះថា ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក នឹងដាក់ឱ្យដំណើរការកម្មវិធីផ្តល់ជំនួយថ្មីមួយ ដែលមានឈ្មោះថា «កម្មវិធីជំនួយថ្លៃប្រេងឥន្ធនៈសម្រាប់រដូវប្រមូលផល» ដោយផ្តល់ជាថវិកាចំនួន៨ពាន់លានដុល្លារ ដើម្បីជួយកសិករអាម៉េរិកកាត់បន្ថយបន្ទុកចំណាយលើតម្លៃប្រេងម៉ាស៊ូតក្នុងរដូវប្រមូលផល។
លោក ដូណាល់ ត្រាំ បានថ្លែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិនៅរដ្ឋកែនសាស់ថា «នៅយប់នេះ ខ្ញុំក៏មានសេចក្តីរីករាយក្នុងការប្រកាសថា ក្រសួងកសិកម្មនឹងដាក់ឱ្យដំណើរការកម្មវិធីផ្តល់ជំនួយថ្លៃប្រេងឥន្ធនៈសម្រាប់រដូវប្រមូលផល ដោយផ្តល់ថវិកាចំនួន៨ពាន់លានដុល្លារ ដល់កសិកររបស់យើង ដើម្បីជួយទូទាត់ថ្លៃប្រេងម៉ាស៊ូតក្នុងរដូវប្រមូលផលនេះ»។
ការប្រកាសនេះ គឺជាការសន្យាផ្តល់ជំនួយហិរញ្ញវត្ថុថ្មីមួយទៀត ក្នុងចំណោមការសន្យាជាច្រើន ដែលមេដឹកនាំគណបក្សសាធារណរដ្ឋរូបនេះ បានធ្វើឡើងចំពោះអ្នកបោះឆ្នោត នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក្នុងខែវិច្ឆិកា ចុងឆ្នាំ២០២៦នេះ ដែលនឹងកំណត់ថា គណបក្សណាអាចគ្រប់គ្រងសភាអាម៉េរិកបន្តទៅទៀត បានដែរឬទេ។
បច្ចុប្បន្ន គណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ កំពុងកាន់កាប់សំឡេងភាគច្រើនតិចតួចនៅក្នុងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ។ ទោះជាយ៉ាងណា អត្រាគាំទ្រលោក ដូណាល់ ត្រាំ បានធ្លាក់ចុះ ដោយសារការដោះស្រាយបញ្ហាតម្លៃទំនិញ និងថ្លៃចំណាយជីវភាពប្រចាំថ្ងៃខ្ពស់ពេកសម្រាប់ប្រជាជនអាម៉េរិក ក្នុងអំឡុងសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ដែលបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងកប់ពពក។
លោក ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋ កំពុងខិតខំរក្សាការគាំទ្រពីអ្នកបោះឆ្នោតនៅតាមបណ្តារដ្ឋធ្វើកសិកម្ម ជាពិសេសរដ្ឋ ដែលមានការប្រកួតប្រជែងខ្លាំងក្នុងការបោះឆ្នោតព្រឹទ្ធសភា ស្របពេលថ្លៃដើមផលិតកម្មកសិកម្មកំពុងកើនឡើងខ្លាំងនៅក្នុងសហរដ្ឋអាម៉េរិក។
កាលពីដើមខែតុលានេះ លោក ដូណាល់ ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលលោកអះអាងថា នឹងពង្រីកលទ្ធភាពប្រើប្រាស់ប្រេងម៉ាស៊ូត ដែលទទួលបានការលើកលែងពន្ធប្រេងនាំចេញលើប្រទេសរុស្ស៊ី។
បន្ទាប់ពីសុន្ទរកថារបស់លោក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃចន្ទ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិកបានប្រកាសថា ថវិកាចំនួន៨ពាន់លានដុល្លារ នឹងត្រូវផ្តល់ជាជំនួយផ្ទាល់តែម្តងដល់កសិករអាម៉េរិក ក្នុងរដូវប្រមូលផលនេះ ដើម្បីសម្រាលផលប៉ះពាល់ពីការរំខានទីផ្សារ និងការកើនឡើងនៃថ្លៃធាតុចូលផលិតកម្មកសិកម្ម។
ក្រសួងបានបញ្ជាក់ថា កម្មវិធីនេះនឹងផ្តល់ជំនួយដល់អ្នកផលិតតាមសមាមាត្រ ដោយប្រើរូបមន្តគណនាតាមស្តង់ដារតែមួយ ដើម្បីជួយទូទាត់ការខាតបង់មួយផ្នែក ដែលបានប៉ាន់ប្រមាណសម្រាប់ឆ្នាំដំណាំ២០២៦។
ថវិកាជំនួយចំនួន៨ពាន់លានដុល្លារនេះ នឹងត្រូវគ្រប់គ្រង និងអនុវត្តការទូទាត់ដោយទីភ្នាក់ងារសេវាកម្មកសិកម្ម នៃក្រសួងកសិកម្មសហរដ្ឋអាម៉េរិក។
ដោយឡែក លោក ត្រាំ ក៏បានស្នើផ្តល់ថវិកាចំនួន៥ ០០០ដុល្លារ ដល់ពលរដ្ឋអាម៉េរិកពេញវ័យគ្រប់រូប ប្រសិនបើគណបក្សសាធារណរដ្ឋអាចបន្តគ្រប់គ្រងទាំងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ។ ទោះជាយ៉ាងណា អ្នកវិភាគ អ្នកសេដ្ឋកិច្ច និងសមាជិកសភាខ្លះនៃគណបក្សសាធារណរដ្ឋផ្ទាល់ បានបង្ហាញការសង្ស័យចំពោះសំណើនេះ។
កាលពីដើមខែតុលានេះ លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋាភិបាលអាម៉េរិកនឹងឱ្យលុយមួយលើកចំនួន៩០ដុល្លារ ដល់ពលរដ្ឋអាម៉េរិកជាង២ លាននាក់ ដែលបានចុះឈ្មោះក្នុងកម្មវិធីធានារ៉ាប់រងសុខភាពសម្រាប់មនុស្សចាស់៕ (ផាន់ អាណា)







