វៀតណាម៖ វៀតណាម និងឥណ្ឌា កំពុងបើកទីផ្សារឱ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ វៀតណាម បានបើកទីផ្សារសម្រាប់ផ្លែទំពាំងបាយជូររបស់ឥណ្ឌា ចំណែកឯឥណ្ឌាវិញ ក៏បើកទីផ្សារទទួលយកផ្លែទុរេនពីវៀតណាមវិញដែរ ។
ការបើកទីផ្សារឱ្យគ្នាទៅវិញទៅមកនេះ គឺដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មកសិកម្ម និងគាំទ្រគោលដៅ ក្នុងការសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន២៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០។
លោក ប៊ុយ ចុងធួង (Bui Trung Thuong) ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម និងជាប្រធានការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសឥណ្ឌា បាននិយាយថា កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ប្រទេសឥណ្ឌាបានសម្រេចបើកទីផ្សាររបស់ខ្លួនសម្រាប់ទទួលយកផ្លែទុរេនស្រស់ពីវៀតណាម បន្ទាប់ពីវៀតណាមបានអនុញ្ញាតឱ្យនាំចូលផ្លែទំពាំងបាយជូរស្រស់ពីឥណ្ឌា ចាប់ពីខែសីហា ឆ្នាំ២០២៦នេះតទៅ។ វិធានការបើកទីផ្សារទាំងនេះ អាចជួយបង្កើតលំហូរពាណិជ្ជកម្មថ្មីៗ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម រវាងប្រទេសទាំងពីរ។
លោកស្រី វីនីតា សុទ្ធស៊ូ (Vinita Sudhanshu) នាយកអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលកសិកម្ម និងអាហារកែច្នៃរបស់ឥណ្ឌា បាននិយាយថា តម្រូវការផ្លែឈើស្រស់ គឺមានច្រើននៅក្នុងទីផ្សាររបស់ប្រទេសទាំងពីរ។
អ្នកនាំចេញទំពាំងបាយជូររបស់ឥណ្ឌាកំពុងរៀបចំនាំចេញផ្លែទំពាំងបាយជូរស្រស់លើកដំបូងទៅកាន់ប្រទេសវៀតណាម នៅក្នុងរដូវប្រមូលផលខាងមុខ ហើយការនាំចេញសាកល្បងត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅ ខែធ្នូ ឆ្នាំ២០២៦នេះ។
សមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ការទទួលបានសិទ្ធិនាំចូលទុរេនទៅកាន់ទីផ្សារឥណ្ឌាបានផ្ដល់សក្តានុពលដល់ផ្លែទុរេនវៀតណាម ដែលជាឧស្សាហកម្មតម្លៃរាប់ពាន់លានដុល្លារ៕ (ផាន់ អាណា)










