គូឡាឡាពួរ៖ ប្រទេសម៉ាឡេស៊ី កំពុងដាក់គោលដៅទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងវិស័យកសិ-ចំណីអាហារ។
លោក មូហាមេត សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានចាត់ទុកម្នាស់ និងទុរេន ថាជាផលិតផល ដែលមានសក្តានុពលខ្ពស់ សម្រាប់ការធ្វើទីផ្សារអន្តរជាតិបន្ថែមទៀត។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកំពុងដាក់គោលដៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តលើការវិនិយោគ និងការធ្វើពាណិជ្ជកម្មដែលមានតម្លៃប្រហែល១៩៨០លានដុល្លារ។
ក្នុងនោះ រួមមានគម្រោងសាងសង់រោងចក្រកែច្នៃម្នាស់នៅតំបន់ទូកាវ (Tukau) ក្នុងទីរដ្ឋសារ៉ាវ៉ាក់ (Sarawak) ដែលមានតម្លៃ ខ្ទង់២៥៥លានដុល្លារ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផលិតម្នាស់ និងការផលិតជីសម្រាប់ដំណាំនេះ។
រដ្ឋាភិបាលម៉ាឡេស៊ី ក៏កំពុងស្វែងរកវិធីបង្កើនវត្តមានផលិតផលកសិ-ចំណីអាហាររបស់ម៉ាឡេស៊ីនៅលើទីផ្សារអន្តរជាតិ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយទីផ្សារនៅតំបន់អាហ្វ្រិកផងដែរ៕ (អៀវ ឈៀងនី)










