កូឡុំបូ៖ អាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានប្រកាសថា អង្គភាពនេះបានកំណត់គោលដៅបង្កើនប្រាក់ចំណូលប្រចាំឆ្នាំពីការនាំចេញផលិតផលផ្លែដូង ឱ្យដល់កម្រិតទឹកប្រាក់២,៥ពាន់លានដុល្លារ នៅឆ្នាំ២០៣០ បើធៀបនឹងទំហំទឹកប្រាក់១,២ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ នេះ។
លោក សាន្ថា រ៉ាណាធុងហ្គា (Shantha Ranathunga) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ដូងស្រីលង្កា បានមានប្រសាសន៍ថា គោលដៅនេះនឹងទទួលបានជោគជ័យ តាមរយៈការបង្កើនផលិតកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលផ្លែដូង។
ប្រទេសស្រីលង្កា មានគោលដៅបង្កើនផលិតកម្មដូងឱ្យកើនទិន្នផលដល់ប្រមាណ៤,២ពាន់លានផ្លែ ព្រមទាំងពង្រីកការកែច្នៃ និងបង្កើតម៉ាកសញ្ញាសម្គាល់ផលិតផលរបស់ស្រីលង្កា ដោយផ្ទាល់នៅតាមផ្សារទំនើបអន្តរជាតិ។
យោងតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញរបស់ស្រីលង្កា បានឱ្យដឹងថា ចំណូលបានមកពីការនាំចេញផលិតផលផ្លែដូង បានកើនដល់ទំហំទឹកប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយបន្តកើនឡើងពីទំហំទឹកប្រាក់ជាង៨៦៤លានដុល្លារ ក្នុងឆ្នាំ២០២៤។ វិស័យដូងនេះ មានគោលដៅរកចំណូលពីការនាំចេញឱ្យបានទឹកប្រាក់ប្រមាណ១,៣ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ។
ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ប្រទេសស្រីលង្កា បាននាំចេញផលិតផលផ្លែដូងកើនឡើង១៦ភាគរយ ពីទំហំទឹកប្រាក់៥៣០លានដុល្លារ ដល់៦១៤លានដុល្លារ។
ទោះជាយ៉ាងណា ការផ្គត់ផ្គង់ផ្លែដូង ត្រូវបានព្យាករថា នឹងថយចុះប្រមាណ១៤ភាគរយ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦នេះ ដោយសារអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាថ្លៃដើមផលិត ដូចជាប្រេងឥន្ធនៈឡើងថ្លៃ ដោយសារសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។
យុទ្ធសាស្ត្ររបស់វិស័យដូងនេះ រួមមានការបង្កើនផលិតកម្ម និងពង្រីកការកែច្នៃ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ជាងមុនពីការនាំចេញផលិតផលដូង។ ប៉ុន្តែ ដើម្បីសម្រេចបានគោលដៅផលិតកម្ម និងការនាំចេញ ការប្រើប្រាស់ធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវ រួមមានជី និងទឹក គឺជាកត្តាចាំបាច់៕ (ផាន់ អាណា)







