ដោយ នៅ ស៊ីវុត្ថា
ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។
ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ ប្រសិនបើកសិករធ្វើស្រែរយៈពេលបីឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើងនោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា។
លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ថា ប្រសិនបើការធ្វើស្រែមិនអាចបង្កើតចំណូលបានទេ គួររកជម្រើសផ្សេងទៀត ដែលអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចបានល្អជាង។ ដូច្នេះបើធ្វើបានផលចាំធ្វើ បើធ្វើមិនបានកុំធ្វើមានន័យថា កសិករត្រូវចេះវាយតម្លៃថ្លៃដើមផលិត និងលទ្ធផលជាក់ស្តែងមុននឹងសម្រេចបន្តការផលិតស្រូវបន្តទៀត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតប្រតិភូបានលើកឡើងទៀតថា ប្រសិនបើការធ្វើស្រែខាតជាបន្តបន្ទាប់ កសិករអាចពិចារណាប្តូរទៅដាំដំណាំផ្សេង ដែលមានទីផ្សារ និងសមស្របនឹងស្ថានភាពដី ដូចជា ដំណាំចម្ការ ដំណាំបន្លែ និងដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ការគ្រប់គ្រងថ្លៃដើមផលិតតាំងពីការជ្រើសរើសពូជ ការប្រើប្រាស់ជី ថ្នាំកសិកម្ម និងការថែទាំដំណាំ ការប្រើប្រាស់ធាតុចូលកសិកម្មឲ្យត្រូវតាមបច្ចេកទេស និងតាមតម្រូវការទីផ្សារ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនទិន្នផល។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតប្រតិភូបានជំរុញឱ្យកសិករផ្លាស់ប្តូរពីការធ្វើកសិកម្មត្រឹមតែសម្រាប់បរិភោគក្នុងគ្រួសារ ទៅជាការផលិតមួយប្រកបដោយចីរភាព ដោយត្រូវមានផែនការផលិតច្បាស់លាស់ និងចេះសិក្សាពីតម្រូវការរបស់ទីផ្សារជាមុនសិន។ ជាពិសេសប្រជាកសិករនៅស្រុករវៀងគួរពិចារណាចូលរួមជាសមាជិកសមាគមបណ្តាញកសិករតេជោ ដើម្បីទទួលបានការគាំទ្រពាក់ព័ន្ធនឹងទុន ទីផ្សារ និងបច្ចេកទេសកសិកម្មផងដែរ៕




























