ហូជីមិញ៖ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។
ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។
គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។
ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។
កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។
ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។
កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។
គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ ដើម្បីបុព្វហេតប្រទេសជាតិ និងត្រូវបានបញ្ចុះនៅទីនេះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ គឺមានសារៈសំខាន់ជាងការបាត់បង់ដើមទុរេន។
យោងតាមមន្ត្រីយោធាជាន់ខ្ពស់របស់វៀតណាម ដែលជាប្រធានក្រុមស្វែងរកឆ្អឹងខ្មោច បានឱ្យដឹងថា ក្រុមការងារបានរកឃើញអដ្ឋិធាតុទាហានចំនួន៧១នាក់ ពីក្នុងចម្ការទុរេននេះ។ ក្នុងនេះ មានអដ្ឋិធាតុទាហាន៣នាក់ ត្រូវបានរកឃើញកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ។ អដ្ឋិធាតុមួយចំនួននៅតែមានក្រណាត់កៅស៊ូរុំជាប់នៅឡើយ និងចំណែកខ្លះនៅមានសល់ខោអាវផងដែរ។
ការស្វែងរកឆ្អឹងខ្មោចក្នុងចម្ការទុរេននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តរបស់ក្រុមស្វែងរកវៀតណាម ក្រោមយុទ្ធនាការរយៈពេល ៥០០ថ្ងៃ នៅទូទាំងប្រទេស ដែលបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដើម្បីពន្លឿនការស្វែងរក ការប្រមូលទុក និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុទាហាន ដែលបានស្លាប់អស់ជាច្រើនក្នុងសង្គ្រាម។
យុទ្ធនាការជីកកកាយរកឆ្អឹងខ្មោចនេះនឹងបន្តរហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៧ ដែលជាពេលប្រទេសវៀតណាមប្រារព្ធខួបលើកទី៨០ នៃទិវាយុទ្ធជនរងរបួស និងពលីក្នុងសម័យសង្គ្រាម (War Invalids and Martyrs’ Day)។
យោងតាមរបាយការណ៍របស់ក្រុមស្វែងរក បានឱ្យដឹងថា មកដល់ពេលនេះ ការស្វែងរកនៅក្នុងចម្ការទុរេននេះ បានធ្វើឱ្យចំនួនអដ្ឋិធាតុសរុប ដែលក្រុមការងារបានកាយរកឃើញ និងប្រមូលឈឆ្អឹងទុក កើនឡើងដល់ទាហាន២២០នាក់៕ (ផាន់ អាណា)







