គូឡាឡុំពួរ៖ ទុរេនទម្ងន់ពីរតោនរបស់ម៉ាឡេស៊ី ត្រូវបានយកទៅសាកល្បងដឹកតាមនាវាសមុទ្រទៅកាន់ប្រទេសចិន ដោយប្រើរយៈពេល១២ថ្ងៃ។
គោលបំណង គឺចង់ដឹងថាតើ ទុរេននឹងខូចឬទេ ព្រោះទុរេនជាផ្លែឈើ ដែលងាយរលួយខូចក្រោយពេលប្រមូលផលរួច ។
បន្ទាប់ពីទៅដល់កំពង់ផែកុងតេន័រ ទុរេនទាំងនោះត្រូវបានពិនិត្យដោយសមត្ថកិច្ចគយ និងភាគីពាក់ព័ន្ធ ដើម្បីចង់ដឹងពីលទ្ធផល។ ចម្លើយ គឺវិជ្ជមានទុរេន មិនរលួយខូចនោះឡើយ។
នេះក៏ដោយសារតែបច្ចេកវិទ្យាគ្រប់គ្រងបរិយាកាសបែបទំនើប ដែលធ្វើឲ្យទុរេននៅមានសភាពស្រស់ល្អទាំងអស់។
អស់រយៈពេលពីរឆ្នាំមកហើយ ដែលក្រុមហ៊ុនម៉ាឡេស៊ី បានព្យាយាមអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើតេស្តសាកល្បងលើវិធីសាស្ត្រដឹកជញ្ជូន និងបច្ចេកវិទ្យាក្លាសេផលិតផលនេះ។
ជាមួយនឹងជោគជ័យនៃការដឹកជញ្ជូនទុរេនស្រស់តាមផ្លូវទឹកនេះ គឺជាការបើកឱកាសឲ្យម៉ាឡេស៊ីអាចដឹកទុរេនទុំដើមទៅកាន់ទីផ្សារអន្តរជាតិ ដោយចំណាយទាបលើការដឹកជញ្ជូនតាមផ្លូវទឹក ជាជាងតាមផ្លូវអាកាស ដែលត្រូវចំណាយច្រើននោះ៕ (ជា មករា)










