ម៉ានីល៖ ហ្វីលីពីនកំពុងស្នើឱ្យជប៉ុនលុបចោលពន្ធនាំចូលផ្លែចេករបស់ខ្លួន ហើយហ្វីលីពីននឹងបន្ថយអត្រាពន្ធនាំចូលរថយន្តពីជប៉ុនជំនួសវិញ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចហ្វីលីពីន-ជប៉ុន ដើម្បីឱ្យពន្ធនាំចូលផ្លែចេកធ្លាក់ទានដូចប្រទេសកម្ពុជា ឡាវ និងវៀតណាមដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហ្វីលីពីន លោកស្រី គ្រីស្ទីណា រូគេ (Cristina Roque) បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនកំពុងស្នើឱ្យជប៉ុនទម្លាក់មកនៅពន្ធសូន្យ លើការនាំចេញផ្លែចេកទៅកាន់ប្រទេសជប៉ុន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីជាថ្នូររដ្ឋាភិបាលហ្វីលីពីន កាត់បន្ថយពន្ធលើរថយន្តជប៉ុននាំចូលមកហ្វីលីពីន។
បច្ចុប្បន្ន រថយន្តជប៉ុន ត្រូវជាប់ពន្ធនាំចូលក្នុងអត្រា២០ភាគរយ។ ទោះជាយ៉ាងណា រថយន្តម៉ាកជប៉ុនជាច្រើន ដែលលក់នៅហ្វីលីពីន បានទទួលការលើកលែងពន្ធរួចហើយ ដោយសាររថយន្តទាំងនោះត្រូវបានផលិតក្នុងស្រុក ឬនាំមកពីប្រទេសអាស៊ាន ដូចជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី។
ភាគីទាំងពីរកំពុងតែចរចាគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចហ្វីលីពីន-ជប៉ុន ហើយការធ្វើវិសោធនកម្មអាចរួមបញ្ចូលការកែសម្រួលអត្រាពន្ធគយរវាងប្រទេសទាំងពីរ។
យោងតាមរបាយការណ៍ ហ្វីលីពីន គឺជាប្រទេសនាំចេញផ្លៃចេកធំជាងគេលំដាប់ទី២ នៅលើពិភពលោក។ ចំណែកប្រទេសជប៉ុន គឺជាទីផ្សារគោលដៅធំបំផុតសម្រាប់ផ្លែចេកហ្វីលីពីន។
ក្នុងឆ្នាំ២០២៦ ជប៉ុនយកពន្ធនាំចូលផ្លែចេកហ្វីលីពីន ក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។
ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយ ក្នុងឆ្នាំ២០២៤។ កាលពី១០ឆ្នាំមុន ចំណែកនេះ គឺមានប្រហែល៩០ភាគរយ ប៉ុន្តែបានធ្លាក់ចុះបន្តិចម្តងៗ ដោយសារដៃគូប្រកួតប្រជែងទទួលបានសិទ្ធិនាំចូលផ្លែចេកទៅប្រទេសជប៉ុនដែរ៕ (ផាន់ អាណា)







