ជប៉ុនងាកទៅរកពូជស្រូវថ្មីធន់អាកាសធាតុ ​ ផ្តល់ទិន្នផល៦តោន ក្នុងមួយហិកតា​

tg_image_491454978

តូក្យូ៖ ស្របពេលអាកាសធាតុក្នុងប្រទេសជប៉ុនកើនឡើងកម្ដៅជាងមុន នៅពេលនេះកសិករ​កំពុងងាក​ទៅរកពូជស្រូវ​ប្រភេទថ្មី ធន់នឹងអាកាសធាតុ​ ដែលអាច​បង្កើនទិន្នផលដំណាំដ៏សំខាន់មួយនេះ នៅចំពោះមុខ​ស្ថានភាពអាក្រក់នៃអាកាសធាតុ។

ពូជថ្មីនោះ មានឈ្មោះថា ហ៊ីណាតាម៉ារុ (Hinatamaru) ជាពូជស្រូវមួយប្រភេទ ដែលគ្រាប់របស់វា​នៅតែ​អាចរីកធំធាត់​ បើទោះបីជា​អាកាសធាតុក្ដៅ ហើយស្ងួតក្ដី។ អាកាសធាតុក្ដៅ និងស្ងួតនេះហើយ ជា​លក្ខខណ្ឌគំរាមកំហែងខ្លាំងដល់ការ​លូតលាស់របស់ស្រូវ ក៏ដូចជាទិន្នផលស្រូវ។

ក្នុងដំណាក់កាល​ដាំសាកល្បង ពូជស្រូវនេះបានផ្ដល់ផល​ប្រមាណប្រាំមួយតោន​ក្នុងមួយហិកតា ដែល​ជា​ទិន្នផល​ខ្ពស់ជាង​ពូជទូទៅប្រមាណ១,៥ដង ហើយនៅពេលនេះ ការដាំដុះបានពង្រីកផ្ទៃដីរហូតដល់ទៅ១ ៤០០ហិកតា។

ពូជស្រូវនេះ កំពុងផ្ដល់ក្ដីសង្ឃឹមថ្មីដល់កសិករ​នៅទូទាំងប្រទេសជប៉ុន ក្នុងការ​ជម្នះជាមួយនឹង​លក្ខខណ្ឌអាកាសធាតុ ដែលមិនអំណោយផលសម្រាប់ពូជស្រូវផ្សេងៗ។

អ្នកបច្ចេកទេស និងកសិករ​នៅប្រទេសជប៉ុន បាន​អភិវឌ្ឍពូជស្រូវធន់នឹងកម្ដៅនេះ ដោយឆ្លងកាត់ការ​បង្កាត់ពូជជាមួយនឹងពូជស្រូវមានស្រាប់​ ចំណែកការ​ដាំដុះនៅក្នុងបរិយាកាស​ ដែលមានការគ្រប់គ្រងត្រឹមត្រូវ ហើយ​បន្ទាប់មក យកមកដាំនៅក្នុងវាលស្រែពិតប្រាកដ។

កាលពីពេលថ្មីៗនេះ អ្នកជំនាញបានព្រមានថា ដំណាំសំខាន់ចំនួនបួននៅក្នុងប្រទេសជប៉ុន រាប់ទាំងស្រូវ និងដំឡូងផ្អែមផង កំពុងប្រឈមនឹង​ហានិភ័យ ដោយសារ​អាកាសធាតុក្ដៅអូសបន្លាយពេលយូរពេក៕ (ជា មករា)


Smoke and fallen trees show the aftermath of a forest fire in a wooded area during daylight hours
ឥណ្ឌូណេស៊ីទទួលជំនួយ១០០លានដុល្លារ ពីន័រវែស ដើម្បីកាត់បន្ថយការបំផ្លាញព្រៃឈើ

ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានទទួលជំនួយឥតសំណង ជាទឹកប្រាក់ចំនួន១០០លានដុល្លារ ពីប្រទេសន័រវែស បន្ទាប់ពីបាកជួយកាត់បន្ថយការបំភាយឧស្ម័នកាបូន និងការកាប់បំផ្លាញព្រៃឈើ ក្នុងអំឡុងឆ្នាំ២០២១–២០២៣។ កាលពីថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០២៦ បេសកជនទទួលបន្ទុកផ្នែកអាកាសធាតុ និងថាមពល របស់ប្រទេសឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា ភាពជាដៃគូជាមួយប្រទេសន័រវែស បានបង្ហាញពីលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន។ កន្លងមកប្រទេសន័រវែសក៏បានផ្តល់ថវិកាដល់ប្រទេសឥណ្ឌូណេស៊ី ជាទឹកប្រាក់ចំនួន២១៦លានដុល្លារ ដើម្បីទទួលស្គាល់សមិទ្ធផលរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការកាត់បន្ថយការបំភាយឧស្ម័នក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដី។ លោកបេសកជន បានបញ្ជាក់ថា ឥណ្ឌូណេស៊ីបានកោតសរសើរចំពោះការរួមចំណែករបស់ប្រទេសន័រវែសក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ហើយបានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលន័រវែស នឹងពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុជាសកល សម្រាប់ការអភិរក្សព្រៃឈើ សហគមន៍មូលដ្ឋាន និងនិរន្តរភាពអាកាសធាតុ។ ព្រមជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអាកាសធាតុ និងបរិស្ថាន ន័រវែស បានកោតសរសើរចំពោះប្រទេសឥណ្ឌូណេស៊ី ដែលបានកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ក្នុងអំឡុងឆ្នាំ២០២១–២០២៣។ លោកស្រីបានមានប្រសាសន៍ថា នេះគឺជាលទ្ធផលកើតចេញពីគោលនយោបាយប្រកបដោយមហិច្ឆតា ភាពជាអ្នកដឹកនាំខ្លាំង និងការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព។ ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញឱ្យឃើញពីលទ្ធផលនៃការរួមបញ្ចូលគ្នារវាងមហិច្ឆតា និងសកម្មភាពប្រកបដោយតុល្យភាព។ លោកស្រីរដ្ឋមន្ត្រីបានចាត់ទុកការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុនេះថា ជាយន្តការដ៏សំខាន់មួយក្នុងការជំរុញឱ្យប្រទេសផ្សេងទៀតកាន់តែច្រើនចូលរួមអភិរក្សផ្ទៃដីព្រៃឈើរបស់ខ្លួន។ លោកស្រីក៏បានសម្តែងក្តីសង្ឃឹមថា ជំនួយឥតសំណងថ្មីនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ី ក្នុងការធ្វើឱ្យព្រៃឈើ និងដីក្លាយជាប្រភពស្រូបយកកាបូនតាមបែបធម្មជាតិ។ លោកស្រីក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ឥណ្ឌូណេស៊ី ក្នុងការទទួលស្គាល់ និងកំណត់ទុកព្រៃឈើរបស់សហគមន៍ជនជាតិដើមភាគតិច ចំនួន១,៤លានហិកតា […]

High angle view of paddy fields at Longsheng terraced ricefields, Guangxi Zhuang, China
កសិករជំនាន់ថ្មីរបស់ចិន ផ្លាស់ប្តូរពីធ្វើកសិកម្មបែបប្រពៃណី ទៅធ្វើកសិកម្មឆ្លាតវៃ

ប៉េកាំង៖ ប្រទេសចិនកំពុងពង្រឹងតួនាទីគាំទ្ររបស់ធនធានមនុស្ស និងឧបករណ៍ឌីជីថល ទៅក្នុងការអភិវឌ្ឍឧស្សាហកម្មជនបទ ស្របពេលប្រទេសចិនកំពុងតែធ្វើទំនើបកម្មវិស័យកសិកម្ម។ ប្រទេសចិនកំពុងតែខិតខំជំរុញពលករចំណាកស្រុក និងយុវជនមានជំនាញបច្ចេកវិទ្យា ឱ្យក្លាយជាប្រភពធនធានមនុស្សប្រកបដោយនិរន្តរភាព សម្រាប់ធ្វើទំនើបកម្មកសិកម្ម ព្រមទាំងអាចពង្រីកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យកសិកម្ម។ ចិនបានលើកយកបទពិសោធថ្មីមួយរបស់ប្រជាជនរស់នៅតាមជនបទ ក្នុងខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ដែលពលករចំណាកស្រុកវ័យក្មេងកាន់តែច្រើនឡើងៗ បានវិលត្រឡប់ពីទីក្រុងទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ ហើយប្រឹងប្រែងបង្កើតមុខរបរថ្មី។ ដូច្នេះ អាជ្ញាធរមូលដ្ឋានបានបង្កើតកម្មវិធីបណ្តុះបណ្តាលពួកគេឱ្យមានជំនាញផ្នែកបច្ចេកទេស និងការគ្រប់គ្រងអាជីវកម្ម ដើម្បីជួយឱ្យពួកគេក្លាយជាកសិករអាជីពជំនាន់ថ្មី។ គោលដៅសំខាន់របស់អាជ្ញាធរមូលដ្ឋាន គឺជួយឱ្យកសិករជំនាន់ថ្មី អាចផ្លាស់ប្តូរពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាការធ្វើកសិកម្មឆ្លាតវៃ។ បច្ចុប្បន្ន យុវជនទាំងនេះកំពុងតែប្រើប្រាស់គ្រឿងយន្តឆ្លាតវៃ និងបណ្តាញឧបករណ៍ចាប់សញ្ញា។ ចំណែកអ្នកដាំដំណាំបានបបួលគ្នាបង្កើតជាសហគមន៍ ដើម្បីដាំដំណាំមានតម្លៃខ្ពស់ សម្រាប់ផ្គត់ផ្គង់តាមតម្រូងការទីផ្សារ។ អាជ្ញាធរចិនបានចាត់ទុកថា ការអភិវឌ្ឍភូមិមួយ ត្រូវពឹងផ្អែកលើសមត្ថភាពរបស់អ្នកជំនាន់ថ្មី ដែលសម្រេចចិត្តរស់នៅ និងកសាងជីវភាពនៅក្នុងស្រុកកំណើតរបស់ខ្លួន។ ចំណែក នាយកមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជនបទ នៃក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន បានកត់សម្គាល់ថា ឧបករណ៍ឌីជីថលក៏កំពុងដើរតួនាទីកាន់តែធំក្នុងការជំរុញការធ្វើកសិកម្មឆ្លាតវៃផងដែរ។ លោកបានមានប្រសាសន៍ថា កាលពីមុន កសិករភាគច្រើនធ្វើកសិកម្មដោយសង្កេតមើលមេឃ និងដី ព្រមទាំងពឹងផ្អែកលើបទពិសោធន៍។ ប៉ុន្តែ អ្វីដែលកំពុងផ្លាស់ប្តូរនាពេលនេះ គឺកសិករចាប់ផ្តើមពឹងផ្អែកលើទិន្នន័យ វិធីសាស្ត្រដោះស្រាយ និងមើលអេក្រង់បច្ចេកវិទ្យាឌីជីថល។ ការផ្លាស់ប្តូរនេះ ទទួលបានការគាំទ្រ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមតំបន់ជនបទ។ ភូមិជាង៩៥ភាគរយ […]

chinese-cabbage-on-the-table-at-traditional-market-2026-09-25-02-46-26-utc
កូរ៉េខាងត្បូងគ្រោងបំផ្លាញចោលស្ពៃបូកគោ៣ម៉ឺនតោន ដោយសារតម្លៃធ្លាក់ចុះខ្លាំងពេក

សេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង គ្រោងបំផ្លាញចោលស្ពៃបូកគោ ចំនួន៣០ ០០០តោន នៅតាមតំបន់ដាំដុះមួយចំនួន បន្ទាប់ពីតម្លៃទីផ្សារក្នុងស្រុកធ្លាក់ចុះខ្លាំងពេក។ បរិមាណប្រមូលផលស្ពៃរបស់កូរ៉េ បានឈានដល់បិរមាណជា១លានតោន កើនឡើង១៩ភាគរយ បើធៀបនឹងឆ្នាំមុន។ ចំណែកផលិតកម្មស្ពៃបូកគោ ដែលគ្រោងចាប់ផ្តើមប្រមូលនៅខែធ្នូ ត្រូវបានព្យាករថា នឹងមានបរិមាណជាង២៦ម៉ឹនតោន កើនឡើង៧ភាគរយ បើធៀបនឹងឆ្នាំមុន និងខ្ពស់ជាងមធ្យមភាគ១១ភាគរយ។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃលក់ដុំស្ពៃបូកគោជាមធ្យមមានប្រហែល១,៣០ដុល្លារក្នុងមួយដុំ ខណៈតម្លៃលក់រាយប្រហែល២,២០ដុល្លារក្នុងមួយដុំ។ ក្រសួងមានបំណងបំផ្លាញចោលស្ពៃបូកគោប្រមាណ៣០ ០០០តោន ដោយផ្តល់សំណងដល់កសិករ ក្នុងតម្លៃខ្ពស់ជាងថ្លៃដើមផលិត។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏កំពុងពិចារណាទិញស្ពៃបូកគោបន្ថែមផងដែរ ប្រសិនបើតម្លៃនៅតែបន្តធ្លាក់ចុះក្រោយរដូវធ្វើគីមឈី។ កាលពីពាក់កណ្ដាលខែតុលា ឆ្នាំ២០២៦ កូរ៉េបាននាំចេញស្ពៃបូកគោចំនួន៩០តោន ទៅកាន់ទីផ្សារប្រទេសជប៉ុន ដើម្បីកាត់បន្ថយសម្ពាធធ្លាក់ថ្លៃនៅក្នុងស្រុក ព្រមទាំងនាំមកវិញនូវប្រាក់ចំណូលសម្រាប់កសិករកូរ៉េ។ តម្រូវការស្ពៃបូកគោនាំចេញពីប្រទេសកូរ៉េខាងត្បូង បានកើនឡើងនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញសារធាតុថ្នាំហ្វ័រម៉ុលបង្កមហារីក មានជ្រលក់នៅក្នុងស្ពៃបូកគោរបស់ចិន៕ (ផាន់ អាណា)

man-resting-on-wooden-fence-in-grassy-field-2026-09-25-02-26-15-utc
អង្គការស្បៀងអាហារ​ និងកសិកម្ម ណែនាំកសិករខ្នាតតូចឱ្យបង្កើនទិន្នផល ដោយប្រើធនធានតិចជាងមុន

រ៉ូម៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានចេញផ្សាយសៀវភៅណែនាំថ្មីមួយ ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរបច្ចេកទេស និងការអនុវត្តក្នុងផលិតកម្មដំណាំ ដើម្បីបង្កើនផលិតភាពកសិកម្ម ដោយប្រើប្រាស់ធនធានតិចជាងមុន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ សៀវភៅដែលមានចំណងជើងថា «ការបង្កើនប្រសិទ្ធភាព និងការកាត់បន្ថយ៖ ឆ្ពោះទៅរកផលិតកម្មដំណាំប្រកបដោយនិរន្តរភាព» (Optimization and Minimization: Towards Sustainable Plant Production) រៀបរាប់ពីរបៀប ដែលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងគោលនយោបាយគាំទ្រអាចជួយកសិករខ្នាតតូចអាចផលិតស្បៀងអាហារបានច្រើនជាងមុន ព្រមទាំងអាចកាត់បន្ថយការខូចខាតដំណាំ ការបំពុលបរិស្ថាន និងការបំភាយឧស្ម័នផ្ទះកញ្ចក់។ អង្គការស្បៀងអាហារ និងកសិកម្ម បានពិពណ៌នាអំពីវិធីសាស្ត្រនេះថា កសិករគួរផលិតឱ្យបានច្រើន និងមានគុណភាពល្អជាងមុន ដោយប្រើប្រាស់ធនធានតិចជាងមុន។ ការចេញផ្សាយសៀវភៅណែនាំនេះធ្វើឡើងក្នុងពេលប្រព័ន្ធស្បៀងអាហារសកលកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ ការរិចរិលបរិស្ថាន និងការផ្លាស់ប្តូរតម្រូវការរបស់ប្រជាជន។ យោងតាមអង្គការស្បៀងអាហារ និងកសិកម្ម សត្វល្អិតចង្រៃបំផ្លាញផលិតកម្មកសិកម្មនៅទូទាំងពិភពលោកមានរហូតដល់៤០ភាគរយក្នុងមួយឆ្នាំ ដែលបង្ហាញពីភាពចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាពការការពារដំណាំតាមវិធីសាស្ត្រមាននិរន្តរភាពជាងមុន។ បច្ចុប្បន្ន ផលិតកម្មដំណាំផ្គត់ផ្គង់ម្ហូបអាហារច្រើនជាង៨ភាគរយនៃតម្រូវការសរុបរបស់ប្រជាជនពិភពលោក ហើយត្រូវបានរំពឹងថា នឹងរួមចំណែកប្រហែល៨០ភាគរយនៃតម្រូវការផលិតកម្មស្បៀងអាហារបន្ថែមនៅត្រឹមឆ្នាំ២០៥០។ អគ្គនាយកអង្គការស្បៀងអាហារ និងកសិកម្ម បានសង្កត់ធ្ងន់ក្នុងសេចក្តីផ្តើមនៃសៀវភៅនេះថា មានភាពចាំបាច់ជាបន្ទាន់ក្នុងការផ្លាស់ប្តូរទៅរកផលិតកម្មដំណាំប្រកបដោយនិរន្តរភាព ដែលអាចបង្កើនផលិតភាព ព្រមទាំងអាចការពារបរិស្ថានថែមទៀត៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ