ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីនឹងចែកពូជដំណាំកសិឧស្សាហកម្ម និងពូជដំណាំមានគុណភាពខ្ពស់ ដោយឥតគិតថ្លៃ សម្រាប់ដាំដុះលើផ្ទៃដីទំហំ៨៧០ ០០០ហិកតា នៅទូទាំងប្រទេស ស្របពេលលោកប្រធានាធិបតីឥណ្ឌូណេស៊ីកំពុងតែប្រឹងប្រែងបង្កើនផលិតភាពផ្នែកវិស័យកសិកម្ម។
កម្មវិធីផ្តល់ពូជដំណាំនេះ គឺផ្តោតលើដំណាំយុទ្ធសាស្ត្រសំខាន់ៗ រួមមាន ដូង អំពៅ កាកាវ កាហ្វេ ស្វាយចន្ទី ចន្ទន៍ទេស និងម្រេច ដោយស្របទៅនឹងអាទិភាពផ្នែកកសិកម្មរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដែលគិតគូរដល់សន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។
ថ្លែងនៅក្នុងអំឡុងពេលពិនិត្យមើលកសិដ្ឋានបណ្តុះកូនដូងរបស់រដ្ឋ លើផ្ទៃដីទំហំ១៥ហិកតា នៅតំបន់បាតាំង (Batang) ខេត្តជ្វាកណ្តាល (Central Java) លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន បានឱ្យដឹងថា ការចែករំលែកពូជដំណាំនឹងធ្វើឡើងទៅតាមស្ថានភាពអាកាសធាតុសម្រាប់ធ្វើកសិកម្មក្នុងស្រុក និងស្របតាមទម្លាប់បង្កបង្កើនផលរបស់ប្រជាកសិករ។
លោកបានថ្លែងកាលពីថ្ងៃទី៣០ ខែកក្កដាថា «នេះជាកម្មវិធីអាទិភាពមួយរបស់លោកប្រធានាធិបតី។ គោលដៅសរុបរបស់យើងសម្រាប់មុខដំណាំសំខាន់ៗ គឺលើផ្ទៃដីទំហំ៨៧០ ០០០ហិកតា នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ហើយកូនពូជដំណាំទាំងនេះកំពុងត្រូវបានចែកជូនដោយមិនគិតថ្លៃឡើយ»។
លោកបានបន្តទៀតថា «យើងផ្តល់អាទិភាពដល់តំបន់មានអាកាសធាតុសមស្រប និងតាមសហគមន៍សម្រាប់ធ្វើកសិកម្ម ដែលកំពុងដាំដុះនូវមុខដំណាំទាំងនោះស្រាប់» ដូចជាតំបន់ដាំដូងតាមប្រពៃណី និងតំបន់ស្ថិតនៅជិតរោងចក្រផលិតស្ករស។
កសិដ្ឋានបណ្ដុះពូជរបស់ក្រសួងកសិកម្មនៅតំបន់បាតាំង មានចម្ការមេពូជទំហំប្រាំមួយហិកតា សម្រាប់បង្កើតគ្រាប់ពូជ និងតំបន់បណ្តុះកូនឈើទំហំបីហិកតា ដែលបច្ចុប្បន្នមានកូនដូងជាង២៥ ០០០ដើម។ ទីតាំងនេះមានដាំដូងលើផ្ទៃដីទំហំពីរហិកតា សម្រាប់ពូជដូងតឿឈ្មោះ កេប៊ូមេន អ៊ិនតុក (Kebumen Entog) ដូងក្រអូបឈ្មោះ ប៉ានដាន វ៉ាងហ្គី (Pandan Wangi) និងពូជប៊ីដូ (Bido)។ ពូជដូងកេប៊ូមេន ជាឈ្មោះទីប្រជុំជនមួយនៅក្នុងខេត្តជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ដែលជាកន្លែងដើមកំណើត និងបណ្តុះពូជដូងនេះដំបូងគេ។ ចំណែកពាក្យ អ៊ិនតុក ជាពាក្យក្នុងស្រុក (ភាសាជ្វា) ដែលសំដៅលើលក្ខណៈដើមទាបតឿរបស់ដូង។
បន្ថែមពីនេះ ទីតាំងដដែលនេះកំពុងរៀបចំកូនដូងចំនួន២៥ ១៩៦ដើម បណ្តុះក្នុងថង់ប្លាស្ទិកសម្រាប់ការចែកចាយ រួមមានពូជដូងតឿ បាលី (Bali) បូចុង ប៊ូឡាត់ (Bojong Bulat) កេប៊ូមេន អ៊ិនតុក (Kebumen Entog) និងពូជដូងខ្ទិះឈ្មោះ កូពីយោ (Kopyor) ដែលមានផ្លែពណ៌ត្នោត ពណ៌បៃតង និងពណ៌លឿង។
ក្រសួងកសិកម្មបានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រគល់សិទ្ធិទទួលបានកូនពូជដំណាំ ដែលមានគុណភាពល្អជូនដល់សាធារណជនឱ្យកាន់តែទូលំទូលាយ ដើម្បីគាំទ្រដល់ចីរភាពកសិកម្មរយៈពេលវែង។
លោករដ្ឋមន្ត្រីបានបន្ថែមថា «ឱ្យតែសហគមន៍មានតម្រូវការ យើងនឹងបន្តចែកកូនពូជដំណាំ។ យើងនឹងគាំទ្រនរណាក៏ដោយឱ្យតែបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យ ដើម្បីបង្កើនផលិតភាពដំណាំដាំដុះរបស់ប្រទេសជាតិ»។
កម្មវិធីចែកពូជដំណាំនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការកែលម្អផលិតភាពនៃដំណាំដាំដុះដោយផ្គូផ្គងកូនពូជដំណាំ ដែលមានគុណភាពខ្ពស់ស្របតាមលក្ខខណ្ឌភូមិសាស្ត្រ និងសហគមន៍កសិករនៅក្នុងតំបន់៕ (ផាន់ អាណា)























