ដោយ អៀវ ឈាងនី
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការី នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបពិភាក្សាជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងបានជម្រាបជូនព័ត៌មានអំពីអត្ថប្រយោជន៍នៃការចូលជាសមាជិកសមាគមបណ្តាញកសិករតេជោ ជាពិសេសការតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។
ពិធីជួបជុំ និងសំណេះសំណាលនេះ ក៏មានការញ្ជើញចូលរួមផងដែរពីលោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកអភិបាលស្រុកទឹកផុស, អ្នកជំនាញវារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំងប្រាំបួននៃស្រុកទឹកផុស សរុបប្រមាណ៣០០រូប។
ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមសមាគមបណ្តាញកសិករតេជោ បានប្រសាសន៍លើកឡើងអំពីគុណតម្លៃសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងធ្វើជាស្ពានចម្លងកសិករទៅរកប្រភពហិរញ្ញវត្ថុ, បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ, និងចម្លងសំឡេងកង្វល់របស់កសិករទៅដល់ថ្នាក់ដឹកនាំ និងជាខែលការពារប្រជាកសិករ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានអំពាវនាវ និងស្នើឱ្យបងប្អូនប្រជាកសិករទាំងអស់ មុននឹងចាប់ផ្តើមការងារបង្កបង្កើនផលកសិកម្ម មិនថាតែការដាំដុះដំណាំ ឬការចិញ្ចឹមសត្វនោះទេ ត្រូវយកចិត្តទុកដាក់ និងតាមដានការព្យាករអាកាសធាតុឱ្យបានដិតដល់បំផុត ដោយសារតែបច្ចុប្បន្នពិភពលោក ក៏ដូចជាកម្ពុជាយើងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបាតុភូតប្រែប្រួលអាកាសធាតុអែលនីញ៉ូ (El Niño) ដែលបង្កឱ្យមានអាកាសធាតុក្តៅហួតហែងខ្លាំង និងកង្វះខាតទឹកជាដើម។
ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យប្រជាកសិករត្រូវមានការប្រុងប្រយ័ត្នចំពោះព័ត៌មានលើបណ្តាញសង្គមអំពីតម្លៃស្រូវថាខាត ដោយកុំទាន់ជឿ គឺត្រូវតាមដានសិនថា តើខាតស្រូវប្រភេទណា? ស្រូវដែលខាតនេះ ដោយសារយើងដាំស្រូវមិនត្រូវតាមតម្រូវការទីផ្សារ។
បន្ថែមពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍រំលឹកកសិករថា បច្ចុប្បន្ននេះតាមរយៈធ្វើការជាប្រចាំជាមួយសហព័ន្ធស្រូវអង្ករ បានឱ្យដឹងថា ពូជស្រូវកំពុងលក់ដាច់ជាងគេនៅលើទីផ្សារ មានបួនប្រភេទ គឺទី១ គឺពូជស្រូវស្រងែ ទី២ ពូជសែនក្រអូប ទី៣ ពូជផ្ការំដួល និងទី៤ ពូជស្រូវយកពីគេ គឺពូជស្រូវ OM 54-51 ដែលកំពុងដើរតួចិញ្ចឹមឆ្នាំងបាយពិភពលោក៕