ដោយ អៀវ ឈាងនី
បាត់ដំបង៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្ដម បាន លឹម និងឯកឧត្ដម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការី បានចុះត្រួតពិនិត្យ និងសួរសុខទុក្ខកសិករ ដាំបន្លែសុវត្ថិភាព នៅក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ នៅឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ ឯកឧត្ដមអគ្គនាយករង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាកសិករក្នុងគម្រោង ដែលបានចូលរួមអនុវត្តការដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ប្រកបដោយឆន្ទៈខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។
បន្ថែមពីនេះ ឯកឧត្ដមអគ្គនាយករងបានលើកទឹកចិត្តបងប្អូនប្រជាកសិករ ជាពិសេសពលករ ដែលបានវិលត្រឡប់ពីក្រៅប្រទេសឱ្យគិតគូរពង្រីកការដាំដុះបន្លែបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលគ្រួសារឱ្យកាន់តែប្រសើរ។ លើសពីនេះ ឯកឧត្ដមអគ្គនាយករងបានលើកទឹកចិត្តប្រជាកសិករ ឱ្យចូលរួមជាមួយសមាគមបណ្ដាញកសិករតេជោ ដើម្បីទទួលបានឱកាសពង្រីកទីផ្សារ និងការដោះស្រាយបញ្ហានានា តាមរយៈសមាគមបណ្ដាញកសិករតេជោ។
ជាចុងក្រោយ ឯកឧត្ដមអគ្គនាយករងបានពាំនាំប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ជូនដល់ប្រជាកសិករនៅក្នុងគម្រោងកាត់បន្ថយភាពក្រីក្រផងដែរ៕










