ដោយ អៀវ ឈាងនី
ពោធិ៍សាត់៖ អ្នកវិនិយោគក្នុងស្រុកនៃក្រុមហ៊ុន សញ្ញាសេះក្រហម ដែលមានទីតាំងស្ថិតនៅភូមិចម្ការអូរ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបង្ហាញសកម្មភាពយ៉ាងសកម្មនៅក្នុងស្រុក តាមរយៈខ្សែសង្វាក់ផលិតកម្ម និងការកែច្នៃជីធម្មជាតិ ដើម្បីបម្រើដល់សេចក្តីត្រូវការផ្នែកវិស័យកសិកម្ម ជាពិសេស បំពេញតម្រូវការដាំដុះរបស់កសិករ។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវខ្សែសង្វាក់ផលិតកម្មផលិតជីកំប៉ុសរបស់ក្រុមហ៊ុន សញ្ញាសេះក្រហម ដែលមានទីតាំងស្ថិតនៅភូមិចម្ការអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ការអញ្ជើញចុះពិនិតយរបស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺអមដំណើរដោយឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករង ព្រមទាំងសហការី ក្នុងគោលដៅសំខាន់ ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងការផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម។
លើសពីនេះ ក្នុងដំណើរចុះពិនិត្យក្រុមហ៊ុន សញ្ញាសេះក្រហមនេះ ក៏បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ដល់អ្នកវិនិយោគ ក្នុងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនកែច្នៃកក្នុងស្រុក ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ តាមរយៈការប្រមូលទិញវត្ថុធាតុដើមពីកសិករ ដូចជា លាមកគោ និងលាមកមាន់ដោយផ្ទាល់ពីក្នុងតំបន់យកមកកែច្នៃធ្វើជាជីធម្មជាតិ សម្រាប់ដំណាំបន្ថែផ្សេងៗ ដែលមិនប៉ះពាល់ដល់សុខភាព។
បើតាមលោក ហួន សារ៉ាវុធ ប្រធានគ្រប់គ្រងក្រុមហ៊ុនផលិតជីធម្មជាតិ សញ្ញាសេះក្រហម បានឱ្យដឹងថា សព្វថ្ងៃក្រុមហ៊ុនមានសមត្ថភាពផលិតជីធម្មជាតិបាន៥០តោនក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះ ក្រុមហ៊ុនមានផែនការពង្រីកខ្លួនតាមរយៈការរៀបចំម៉ាស៊ីនផលិតជីបន្ថែមទៀត ដោយនៅក្នុងរយៈពេលបីខែខាងមុខទៀត នៅពេលការដំឡើងឧបករណ៍ផលិតជីរួចរាល់ជាស្ថាពរ ក្រុមហ៊ុននឹងបង្កើនសមត្ថភាពផលិតរហូតដល់ពី១៥០តោន ទៅ២០០តោន ក្នុងមួយថ្ងៃ។
បច្ចុប្បន្ន ផលិតផលជីធម្មជាតិរបស់ក្រុមហ៊ុន សញ្ញាសេះក្រហម មិនត្រឹមតែផ្គត់ផ្គង់ និងចែកចាយនៅក្នុងខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការចែកចាយទៅកាន់បណ្តាខេត្តផ្សេងៗទៀត នៅទូទាំងប្រទេសផងដែរ។
សកម្មភាពផលិតកម្ម និងការកែច្នៃរបស់ក្រុមហ៊ុនខាងលើមិនត្រឹមតែជួយកាត់បន្ថយការនាំចូលជីគីមីពីបរទេស និងជួយដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារ និងប្រភពចំណូលបន្ថែមជូនដល់កសិករ តាមរយៈការប្រមូលទិញលាមកសត្វ ដែលស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មបៃតង និងមាននិរន្តរភាពនៅកម្ពុជា៕












