ដោយ អៀវ ឈាងនី
ស្រុកបាណន់,ខេត្តបាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញនិងគាំទ្រនូវយន្តការកិច្ចសន្យាផលិតកម្មកសិកម្មរវាងក្រុមហ៊ុន City Rice និងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីរួមគ្នាធានាការទិញស្រូវពីកសិករឲ្យមានតម្លៃសមរម្យនៅលើទីផ្សារ។
ប្រសាសន៍លើកឡើងដូច្នេះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងការផ្គត់ផ្គង់ស្រូវ រវាងតំណាងក្រុមហ៊ុន City Rice Import Export Co., Ltd លោក ឡាយ ឈុនហាំង និងភាគីក្រុមកសិករអ្នកផលិតស្រូវ លោក ចាន់ សំអុល នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)សាខាខេត្តបាត់ដំបង ។
ក្នុងគោលបំណងពិធីចុះហត្ថលេខា គឺដើម្បីបង្កើតជាភាពជាដៃគូរវាងវិស័យឯកជន និងប្រជាកសិករ តាមរយៈការធានាទិញស្រូវពីកសិករត្រឡប់មកវិញ ក្នុងតម្លៃមួយសមរម្យ និងមានស្ថិរភាព ដែលជួយកាត់បន្ថយហានិភ័យខាងផ្នែកទីផ្សារ និងការបង្អាប់ថ្លៃពីឈ្មួញមួយចំនួន។
នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ បើទោះបីជាជំហានសាកល្បងក៏ដោយ ហើយសង្ឃឹមថា ការចាប់ផ្តើមនេះនឹងពង្រីកតទៅទៀត ពោលគឺចង់បង្ហាញឲ្យបងប្អូនប្រជាកសិករជឿជាក់លើធនាគារ ARDB ដោយសារជាធនាគារធ្វើការយូរឆ្នាំហើយ ដូច្នេះសូមឲ្យភាគីទាំងពីរជឿជាក់លើដៃគូរបស់ខ្លួនផងដែរ។
ឯកឧត្តមបណ្ឌិតប្រតិភូ បានចាត់ទុកយន្តការកិច្ចសន្យាផលិតកម្មកសិកម្ម គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សារភ្ជាប់រវាងតម្រូវការទីផ្សារ និងការផលិត មិនត្រឹមតែជួយឱ្យបងប្អូនប្រជាកសិករមានភាពកក់ក្តៅក្នុងចិត្តលើការបង្កបង្កើនផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យក្រុមហ៊ុននាំចេញអង្ករមានប្រភពផ្គត់ផ្គង់ស្រូវ ដែលមានគុណភាព និងស្តង់ដារច្បាស់លាស់សម្រាប់បម្រើឱ្យការនាំចេញផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមប្រតិភូក៏បានផ្តល់អនុសាសន៍ណែនាំដល់ភាគីទាំងពីរឱ្យមានការគោរពនូវស្មារតីនៃកិច្ចសន្យានេះដោយស្មោះត្រង់ ពោលគឺខាងក្រុមផលិតស្រូវត្រូវខិតខំដាំដុះទៅតាមបច្ចេកទេស និងបទដ្ឋានគុណភាព ដែលក្រុមហ៊ុននាំចេញ និងរោងចក្រកែច្នៃអង្ករចង់បាន ជាពិសេស ក្រុមហ៊ុន City Rice ត្រូវធានាទិញស្រូវពីកសិករទៅតាមតម្លៃ និងលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ដើម្បីរក្សាបាននូវនិរន្តរភាពនៃការរកស៊ីជាមួយគ្នាទៅថ្ងៃអនាគត។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជំរុញឲ្យកសិករត្រូវចេះគិតគូរពីថ្លៃដើមផលិតឲ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រាក់ចំណេញ ព្រមទាំងណែនាំឲ្យប្រជាកសិករចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលជាស្ពានជួយសម្របសម្រួលក្នុងការតភ្ជាប់ព័ត៌មានបច្ចេកទេស ទីផ្សារ និង ប្រភពទុន ដែលមានការប្រាក់ទាប និងរកអ្នកទិញមកវិញ។
លើសពីនេះអ្វី ដែលសំខាន់បំផុតធនាគារ ARDB ក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលនឹងបន្តឈរនៅពីក្រោយខ្នងកសិករ ដើម្បីគាំទ្រផ្នែកហិរញ្ញប្បទាន ទាំងការផ្តល់ឥណទានមានអត្រាការប្រាក់ទាបដល់បងប្អូនកសិករសម្រាប់ទុនបង្វិលដាំដុះ និងដល់ក្រុមហ៊ុនកិនស្រូវសម្រាប់ប្រមូលទិញស្រូវស្តុកទុក ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាលំនឹងតម្លៃស្រូវនៅលើទីផ្សារ៕












