ធនាគារ ARDB លើកស្ទួយកសិករអ្នកដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងអ្នកបរិភោគបន្លែប្រចាំថ្ងៃ

photo_2026-07-18_18-28-08 (2)

ដោយ អៀវ ឈាងនី

បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនាមធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលនឹងបន្តលើកស្ទួយកសិករ អ្នកដាំដុះបន្លែ និងចិញ្ចឹមសត្វក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងអ្នកបរិភោគបន្លែប្រចាំថ្ងៃ។

ការលើកឡើងដូច្នេះរបស់​ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញពិនិត្យមើលកសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន ស្ថិតនៅក្នុងមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

អមដំណើរដោយឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB និងសហការីបានអញ្ជើញពិនិត្យមើលដំណើរការដាំដុះបន្លែសុវត្ថិភាព នៅកសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន ដែលមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងកសិដ្ឋានចម្ការកំពង់ល្ពៅ ដែលកសិដ្ឋានទាំងពីរស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ចំពោះកសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន កំពុងដាំដុះបន្លែក្នុងផ្ទះសំណាញ់ចំនួន៦០ខ្នង ក្នុងទំហំដីប្រមាណជាង ១០ហិកតា ដោយមានគ្រូជំនាញ១២រូប ចាំជួយបណ្តុះបណ្តាលអ្នកញៀនគ្រឿងញៀនឱ្យចេះដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងបន្សាបគ្រឿងញៀន។ ក្នុងមួយថ្ងៃបន្លែប្រមាណ១៥០គីឡូក្រាម ត្រូវបានផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលបច្ចុប្បន្ននេះ មានដាំដុះបន្លែសុវត្ថិភាព មាន ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ប៉េងប៉ោះឈើរី និងខាត់ណាដើម ដើម្បីផ្គត់ផ្គង់នៅក្នុងមជ្ឈមណ្ឌល និងលើទីផ្សារក្នុងស្រុកមួយចំនួន។

ដោយ​ឡែកកសិដ្ឋានចម្ការកំពង់ល្ពៅ ស្ថិតនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានសហគមន៍ដាំបន្លែចម្រុះ និងត្រសក់ផ្អែម ជាមួយផ្ទះសំណាញ់ជាង១០០ខ្នង សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។

ឯកឧត្តមបណ្ឌិត កៅ ថាច បាននិងកំពុងតែជំរុញ លើកស្ទួយកសិករអ្នកដាំដុះ ដើម្បីផ្គត់ផ្គង់តម្រូវការអ្នកបរិភោគបន្លែប្រចាំថ្ងៃ ជាពិសេស ការផលិតបន្លែក្នុងស្រុកឲ្យបានច្រើន បង្កើតការងារនៅតាមមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ។

សម្រាប់ការចិញ្ចឹមសត្វវិញ នារសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី ក៏បានអញ្ជើញពិនិត្យដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោយកសាច់ «Farm Right Place Rise upដែលមានទីតាំងនៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ឯកឧត្តមបណ្ឌិត កៅ ថាច បានកោតសរសើរចំពោះការវិនិយោគ និងការរៀបចំកសិដ្ឋាន Farm Right Place Rise up ដែលបានអនុវត្តតាមបច្ចេកទេសបានយ៉ាងល្អ និងមានការគ្រប់គ្រងអនាម័យខ្ពស់ និងការផ្គត់ផ្គង់ចំណីអាហារប្រកបដោយស្តង់ដារ។

លោក ធឿន បញ្ញា អ្នកគ្រប់គ្រងកសិដ្ឋាន Farm Right Place Rise up ចិញ្ចឹមគោយកសាច់ គឺមិនត្រឹមតែជាកន្លែងផលិតសាច់គោ ប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីកសិកម្ម ដោយផ្តល់ឱ្យមានការបង្កើតការងារ ដោយផ្តល់ឱកាសការងារ និងប្រាក់ចំណូលរឹងមាំ ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន។

ចំណែកការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក គឺការប្រមូលទិញផលិតផលកសិកម្ម ដូចជាចំបើង កាកសំណល់ដំឡូងមី និងពោតពីកសិករជុំវិញតំបន់ដើម្បីធ្វើជាចំណីសត្វ ដែលជួយបង្កើនចំណូលបន្ថែមដល់កសិករដាំដុះ។

កសិដ្ឋានខាងលើមានគោសរុបចំនួនជាង៤ ០០០ក្បាល ដោយប្រមូលទិញពីកសិករ និងឈ្មួញដឹកមកលក់ដល់ទីតាំងផ្ទាល់ ជាមួយផ្ទៃដីកសិដ្ឋានសរុបចំនួន៦០ហិកតា៕

 


photo_2026-08-18_18-55-15 (2)
សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាចាត់ទុកថា ការលួចនាំចូលជ្រូកដោយខុសច្បាប់ មកពីប្រទេសជិតខាង ធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក

ដោយ រស្មីភ្នំពេញ៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា ដែលបានបញ្ជាក់ប្រាប់ ARDB ឱ្យដឹងថា ការលួចនាំចូលជ្រូកដោយខុសច្បាប់មកពីប្រទេសជិតខាងធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ជាពិសេស ករណីនាំចូលជ្រូកខុសច្បាប់តាមច្រកព្រំដែនប្រទេសឡាវ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តជាប់ព្រំដែនសហការបង្រ្កាបបាន កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។​​​​ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា ការចាប់ជ្រូកខុសច្បាប់នេះនឹងជួយផ្តល់ទំនុកចិត្តដល់អ្នកចិញ្ចឹមជ្រូកក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងមានជ្រូករស់ចំនួន ១៨៣ក្បាល ត្រូវបានអាជ្ញាធរចម្រុះចាប់រឹបអូស ក្រោយពីជនល្មើសបានលួចដឹកតាមរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3A 5109 ដើម្បីនាំចូលមកក្នុងប្រទេសកម្ពុជា។ លោកអះអាងទៀតថា ការចាប់ជ្រូកខុសច្បាប់នាំចូលពីប្រទេសជិតខាងនេះ គឺមិនមែនលើកទី១ទេ ពោលគឹលោកឃើញលួចនាំចូលច្រើនដងដែរមកហើយ។ ក្រុមការងារចម្រុះបានសហការចុះបង្ក្រាបបទល្មើសចលនាសត្វ ដោយរឹបអូសបានសត្វជ្រូករស់ ហើយជ្រូកទាំងនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅចត្តាឡីស័ក្ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តនីតិវិធីច្បាប់ចៀសវាងការចម្លងជំងឺណាមួយ។ សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបានចាត់ទុកថា សកម្មភាពបង្ក្រាបបទល្មើសទាន់ពេលវេលានេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការការពារ និងលើកទឹកចិត្តដល់វិស័យចិញ្ចឹមសត្វក្នុងស្រុក ឱ្យមាននិរន្តរភាព និងស្ថិរភាពទីផ្សារ ព្រមទាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសត្វកាចសាហាវផ្សេងៗ ចូលក្នុងកសិដ្ឋាន និងសហគមន៍។ ជាពិសេសធានាបាននូវសុវត្ថិភាពចំណីអាហារ និងសុខុមាលភាពជូនដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់៕

photo_2026-08-18_16-04-19 (3)
ក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ នៅខេត្តបាត់ដំបង ចាប់ផ្តើមទិញស្រូវផ្ទាល់ពីកសិករតាមកិច្ចសន្យា ដោយផ្តល់តម្លៃល្អលើទីផ្សារ​​

ដោយ ហៃ ស៊ីណា បាត់ដំបង៖ នៅដើមសប្តាហ៍នេះ ក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ នៅខេត្តបាត់ដំបង​ ឈ្មោះ ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី បានចាប់ផ្តើមទិញស្រូវពីកសិករតាមកិច្ចសន្យា ដែលបានព្រមព្រៀង និងចុះហត្ថលេខាជាមួយ​ក្រុម​កសិករអ្នក​ផលិត​ស្រូវ​រួចហើយ។ ការចុះទិញស្រូវរបស់ក្រុមហ៊ុនកែច្នៃអង្ករខាងលើ បន្ទាប់ពីថ្មីៗនេះ ភាគីខាងរោងម៉ាស៊ីន និងក្រុម​អ្នក​ផលិត​ស្រូវបានចុះ​កិច្ចសន្យា​មួយ ដែល​ប្រព្រឹត្តិ​ទៅ​ដោយ​តំណាង​សមាគម៏​បណ្តាញ​កសិករ​តេជោ​ នៅ​ទីស្នាក់ការ​ធានា​គា​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម ​(ARDB)។ ឯកឧត្តម ឡាយ ឈុនហាំង នាយកទូទៅក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី និងជាអនុប្រធានបណ្តាញកសិករតេជា ប្រចាំខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា  ទើបចាប់ផ្តើមការច្រូតកាត់ ការប្រមូលទិញរបស់ក្រុមហ៊ុន​បានជាង១ ០០០តោន នៅប្រភេទស្រូវបីប្រភេទ OM5451 ទិញក្នុងតម្លៃ៩៧០រៀល ស្រូវស្រងែ១ ០២០រៀល និងស្រូវសែនក្រអូប តម្លៃ១ ០៥០រៀល ក្នុងមួយគីឡូក្រាម។​​​​ ឯកឧត្តម ឡាយ ឈុនហាំង បាន​​បញ្ជាក់ទៀតថា ការប្រមូលទិញស្រូវចូលរបស់ក្រុមហ៊ុនមានទាំងកិច្ចសន្យាកសិកម្ម​​បានចុះជាមួយក្រុម​ផលិតតាមស្រុក និងការប្រមូលទិញពីកសិករផ្ទាល់ […]

image_2026-08-19_12-22-31
វិស័យសាកវប្បកម្មអូស្ត្រាលីសុំលើកលែងចំពោះកម្មករចំណាកស្រុក នៅរដូវប្រមូលផល

កង់បេរ៉ា៖ ក្រុមប្រឹក្សាសាកវប្បកម្មនៃ សហព័ន្ធកសិករជាតិអូស្ត្រាលី (National Farmers’ Federation Horticulture Council) កំពុងអំពាវនាវដល់អ្នករៀបចំគោលនយោបាយ សុំឱ្យលើកលែងកម្មករចំណាកដោយព្រមានថា ការកាត់បន្ថយកម្លាំងពលកម្មតាមរដូវ នឹងធ្វើឱ្យផលិតកម្មស្បៀងអាហារថយចុះ និងតម្លៃអាហារឡើងថ្លៃសម្រាប់អ្នកប្រើប្រាស់។ លោក រីឆាត សាណុន (Richard Shannon) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាសាកវប្បកម្មនៃសហព័ន្ធកសិករជាតិអូស្ត្រាលី បាននិយាយថា ទំនាក់ទំនងរវាងគោលនយោបាយអន្តោប្រវេសន៍ និងសន្តិសុខស្បៀងអាហារ គេតែងតែមើលរំលង។ លោកបាននិយាយថា «ប្រជាជនអូស្ត្រាលីរំពឹងថា រាល់ថ្ងៃនឹងមានអាហារស្រស់មានគុណភាពខ្ពស់ និងតម្លៃសមរម្យនៅលើធ្នើផ្សារទំនើប។ រឿងនេះអាចធ្វើបានពីព្រោះមានកម្លាំងពលកម្មតាមរដូវធ្វើដំណើរទៅកាន់តំបន់ជនបទ នានានៃអូស្ត្រាលី នៅពេលដំណាំដល់ពេលប្រមូលផល»។ យោងតាមភា្នក់ងារការងារ និងជំនាញរបស់អូស្ត្រាលី (Jobs and Skills Australia) កម្មករភាគច្រើននៅក្នុងវិស័យសាកវប្បកម្ម គឺជាកម្មករចំណាកស្រុក ដែលបានធ្វើឱ្យវិស័យសាកវប្បកម្មក្លាយជាវិស័យពឹងផ្អែកលើជនអន្តោប្រវេសន៍ខ្លាំងបំផុត នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហាររបស់ប្រទេសអូស្តាលី។ កម្មកររបស់កម្មវិធី កម្មករធ្វើការក្នុងពេលឈប់សម្រាក (Working Holiday Maker) មានកម្លាំងកម្មករអន្តោប្រវេសន៍ប្រហែលជាងពាក់កណ្តាលនៃកម្លាំងពលកម្មក្រៅម៉ោងនៅក្នុងវិស័យនេះអំឡុងពេលប្រមូលផលធំ ដែលត្រូវការកម្មករច្រើនបំផុត។ ក្នុងឆ្នាំ២០២៤-២០២៥ ឧស្សាហកម្មនេះបានផលិតបន្លែផ្លែឈើ និងគ្រាប់ធញ្ញជាតិ មានតម្លៃសរុបចំនួន១៩,៥ពាន់លានដុល្លារ ដែលភាគច្រើនបំផុតផលិតសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលី។ លោក រីឆាត សាណុន […]

photo_2026-08-18_18-33-13
តំណាងធនាគារ ARDB ចូលរួម​សិក្ខាសាលា​ស្តីពីការត្រៀមខ្លួន​ទទួលបាន​ហិរញ្ញប្បទាន​ ដើម្បី​អភិវឌ្ឍន៍អាជីវកម្ម​សម្រាប់​ MSMEsតាមបែបឌីជីថល​

ដោយ ឡុង សារេត​ ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៦នេះ លោក សួរ សុខចំរើន អនុប្រធាន​នាយកដ្ឋាន​ឥណទាន​នៃធនាគារ​ ARDB​ បាន​ចូលរួម​ក្នុងសិក្ខាសាលា​ស្តី​ការត្រៀមខ្លួន​ទទួលបាន​ហិរញ្ញប្បទាន​ ដើម្បី​អភិវឌ្ឍន៍អាជីវកម្ម​សម្រាប់​ MSMEs តាមបែបឌីជីថល​។ ​សិក្ខាលាសានេះ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញ​ចូលរួមជាកិត្តិយសពី​លោកជំទាវ​ តិមា វិច្ឆិកាល អភិបាល​រងនៃគណៈអភិបាល​រាជធានីភ្នំពេញ, ឧកញ៉ា តែ តាំងប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃសម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និងមធ្យម​នៅកម្ពុជា និងម្ចាស់អាជីវកម្ម​ប្រ​មាណ​២០០នាក់ផ្សេងទៀត​។​ ឧកញ៉ា តែ តាំងប៉ ​មានប្រសាសន៍ថា ដោយមើលឃើញ​សហគ្រាស​ធុនតូចនិងមធ្យមត្រូវការចំណេះដឹង​ថ្មី​ៗ ក៏ដូចជាត្រូវការជួយជ្រុំជ្រែង​បន្ថែមទៀត​ទាក់ទងនិងការជំរុញទីផ្សារ​ក្នុងស្រុក​ និងទីផ្សារក្រៅប្រទេស​ ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្ម​​​។ កម្មវិធីសិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណង​ដើម្បីបង្កើនការយល់ដឹង​ជូនដល់​ MSMEs​ ​ឱ្យទទួលបានចំណេះដឹង​អំពីលទ្ធភាព​ទទួលបានហិរញ្ញប្បទានពីគ្រឺះស្ថានធនាគារ​ដៃគូ ព្រមទាំងផ្តល់​ឱ្យ​ ​SMEsនូវចំណេះដឹងជាក់ស្តែង​ ដើម្បីក្លាយជាអ្នក​​ទទួលបានហិរញ្ញប្បទាន​ និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា​ ​អាចត្រៀមខ្លួន​ធ្វើទីផ្សារក្នុង​ស្រុក និងការនាំចេញ​។​ ​ឧកញ៉ាបន្តទៀតថា […]

កាលវិភាគផ្សព្វផ្សាយ