ដោយ ឡុង សារេត
បន្ទាយមានជ័យ៖ លោក ជិន សុជា អ្នកជំនាញខាងបង្កាត់ភ្ញាស់កូនត្រីពូជ និងចិញ្ចឹមត្រីសាច់នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានអះអាងថា ត្រីឆ្លាំងចិញ្ចឹមនៅក្នុងហាប៉ា ឬចិញ្ចឹមនៅក្នុងស្បៃមានការលូតលាស់ធំលឿនជាងការដាក់ចិញ្ចឹមនៅក្នុងស្រះ ហើយកន្លងទៅបានផ្គត់ផ្គង់កូនត្រីឆ្លាំងទៅឱ្យឈ្មួញកណ្តាលយកទៅចែចាយបន្តឱ្យកសិករនៅតាមតំបន់បានមួយចំនួន។
លោកបានឱ្យដឹងថា ផ្អែកតាមបទពិសោធន៍ចិញ្ចឹមត្រីរបស់ខ្លួនក្នុងមួយរយៈកាលកន្លងមកលោកចិញ្ចឹមក្នុងស្រះ និងចិញ្ចឹមក្នុងស្បៃ មានលក្ខណៈខុសគ្នា។ ការចិញ្ចឹមនៅក្នុងស្បៃត្រីធំលូតលាស់លឿនជាង ដោយសារស្បៃអត់ធ្លាក់ដល់ដី មិនធ្វើឱ្យទឹកមានសភាពស្អុយ។ តែពេលដាក់ចិញ្ចឹមនៅក្នុងស្រះ វាហែលលេងធ្វើឱ្យទឹកឆាប់ខូច ហើយលែងស៊ីចំណី។ បានន័យថា ទឹកចាប់ផ្តើមពុល ដូច្នេះត្រូវប្តូរទឹកចេញ ឬប្រើអំបិលបាចចូលស្រះទឹក ដើម្បីកាត់បន្ថយការងាប់ ហើយត្រីឆ្លាំងដូចគ្នា។
លោកបន្តថា ការចិញ្ចឹមត្រីនៅក្នុងហាប៉ា រយៈពេលបួនឆ្នាំកន្លងមកនេះ ត្រីឆ្លាំងផលិតបាន ហើយយកកូនមកចិញ្ចឹមដាក់នៅក្នុងស្បៃល្អជាងការចិញ្ចឹមក្នុងស្រះ។ សម្រាប់កសិករគ្មានបទពិសោធន៍ក្នុងការចិញ្ចឹមត្រី ហើយចង់ចិញ្ចឹមត្រីឆ្លាំងនេះ គឺគាត់គួរចិញ្ចឹមត្រីនៅក្នុងហាប៉ា ដើម្បីឱ្យបានជោគជ័យជាមុនសិន។ បានជោគជ័យពីការចិញ្ចឹមក្នុងស្បៃហើយ ទើបឱ្យគាត់សាកមកចិញ្ចឹមក្នុងស្រះ។ ព្រោះចិញ្ចឹមក្នុងស្រះ ពេលត្រីលេងទឹកឱ្យខូចហើយវាពិបាកកែទឹកឱ្យល្អវិញ។ តែបើធ្លាប់ចិញ្ចឹមក្នុងស្បៃយូរៗ ទៅដឹងបច្ចេកទេសចិញ្ចឹមក្នុងស្រះវាងាយទេ។
សូមជម្រាបជូនផងដែរថា លោក ជិន សុជា ចាប់ផ្តើមសាកល្បងរៀនបង្កាត់ភ្ញាស់កូនត្រីឆ្លាំង នៅឆ្នាំ២០១០ ប៉ុន្តែមិនទទួលបានជោគជ័យភ្លាមនោះទេ។ មានន័យថា ពេលផលិតកូនត្រីបានហើយ យកវាទៅដាក់ផ្សាំវាងាប់ទៅវិញ តែដល់ពេលលោកយកវាបង្វឹកតាមបែបបច្ចេកទេសវិលជុំពីរឆ្នាំម្តងៗគ្រប់រយៈពេលបីឆ្នាំទើបវាបន្ស៊ាំការរស់នៅបានបន្តិច ដល់រយៈពេលប្រាំបីឆ្នាំទើបត្រីឆ្លាំងនេះមានលក្ខណៈមួយធន់ ទើបលោកអាចផលិតមកដល់សព្វថ្ងៃនេះ។
កន្លងទៅលោក ជិន សុជា លក់កូនត្រីឆ្លាំងមួយក្បាលថ្លៃ១០០រៀល ក្នុងគោលបំណងចង់ឱ្យកសិករទាំងគ្មានបទពិសោធន៍និងមានបទពិសោធន៍អាចចាប់ផ្តើមសាកល្បងចិញ្ចឹមត្រីឆ្លាំងផ្គត់ផ្គង់តម្រូវការទីផ្សារ ព្រោះតម្លៃត្រីមួយប្រភេទនេះ អ្នកចិញ្ចឹមអាចលក់បានថ្លៃសមរម្យនៅពេលត្រីសំបូរច្រើននៅលើទីផ្សារ។ ខណៈរយៈពេលនៃការរចិញ្ចឹម កសិករអាចប្រមូលផលចាប់ពីបួនខែឡើងទៅ៕








